The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​នឹង​យក​គ្រាប់ស្វាយចន្ទី និង​ម្រេច GI សម្រាប់​ដាក់​បង្ហាញ​នៅលើ​ផ្លេតហ្វម​របស់​ក្រុមហ៊ុន​យក្ស​ចិន Alibaba




កម្ពុជា​នឹង​យក​គ្រាប់ស្វាយចន្ទី និង​ម្រេច GI សម្រាប់​ដាក់​បង្ហាញ​នៅលើ​ផ្លេតហ្វម​របស់​ក្រុមហ៊ុន​យក្ស​ចិន Alibaba

Content image - Phnom Penh Post
កម្ពុជា​នឹង​យក​គ្រាប់ស្វាយចន្ទី និង​ម្រេច GI សម្រាប់​ដាក់​បង្ហាញ​នៅលើ​ផ្លេតហ្វម​របស់​ក្រុមហ៊ុន​យក្ស​ចិន Alibaba។ ហុង មិនា

កម្ពុជា​នឹង​យក​គ្រាប់ស្វាយចន្ទី និង​ម្រេច GI សម្រាប់​ដាក់​បង្ហាញ​នៅលើ​ផ្លេតហ្វម​របស់​ក្រុមហ៊ុន​យក្ស​ចិន Alibaba

ភ្នំពេញៈ កម្ពុជា​នឹង​ជ្រើសរើស​យក​ផលិតផល​គ្រាប់ស្វាយចន្ទី និង​ម្រេច​កំពត GI សម្រាប់​ធ្វើជា​គំរូ​ផ្តល់ទៅឱ្យ​ក្រុមហ៊ុន Alibaba ដើម្បី​អាចដាក់​លក់​នៅលើ​ផ្លេតហ្វម​របស់​ក្រុមហ៊ុន​យក្ស​របស់​ចិន​នេះ។ នេះ​បើ​យោងតាម​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព។

លោក ជា កុកហុង ប្រធាន​លេខាធិការដ្ឋាន​មូលនិធិ​អភិវឌ្ឍន៍​សហគ្រិនភាព (Enterpreneuship Development Fund) នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ កាលពី​ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១ បាន​ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អនឡាញ​ជាមួយ​តំណាង​ក្រុមហ៊ុន Alibaba.com ស្តីពី​ការស្វែងយល់​ពី​ប្រព័ន្ធ​អេកូឡូស៊ី E-commerce និង​លទ្ធភាព​ក្នុង​ការទទួល​បានការ​ដាក់លក់​ទំនិញ​របស់​កម្ពុជា​នៅលើ Platform របស់​ក្រុមហ៊ុន Alibaba ពិសេស​សម្រាប់​ទីផ្សារ​ប្រទេស​ចិន។

លោក​លើកឡើង​ថា ក្នុង​កិច្ចប្រជុំ​នេះ​ភាគី​ទាំង ២ បាន​ពិភាក្សា​លើ​ចំណុច​មួយចំនួន គឺ​ការចែករំលែក​បទពិសោធ​ល្អៗ​ពី​កិច្ចសហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ដើម្បី​សម្របសម្រួល​ក្នុង​ការនាំចេញ។ ជំនួប​នេះ​ក៏​ពិភាក្សា​អំពី​បញ្ហា​ឡូជីស្ទិក និង​ការធ្វើ​សាមញ្ញ​កម្មនីតិវិធី​គយ​នៃ​ប្រទេស​ទាំង ២ ព្រមទាំង​កម្មវិធី​អភិវឌ្ឍន៍​សហគ្រិន​កម្ពុជា​ ដើម្បី​អាច​ស្វែងរក​ដៃគូ​យុទ្ធសាស្ត្រ និង​ចេះ​ធ្វើ​ទីផ្សារ​បែប​ឌីជីថល​នៃ​ផលិតផល​របស់ខ្លួន​សម្រាប់​ទីផ្សារ​ប្រទេស​ចិន។

លោក​ថ្លែងថា៖ «ជា​លទ្ធផល​ផលិតផល​ស្វាយចន្ទី និង​ម្រេច​កំពត GI នឹងត្រូវ​ជ្រើសរើស​ដើម្បី​ត្រៀមលក្ខណៈ​ធ្វើការ​សាកល្បង​នៅលើ​ទីផ្សារ»។

អ្នកសម្របសម្រួល​មូលនិធិ​គម្រោង​អភិវឌ្ឍន៍​សហគ្រិនភាព លោក ប៊ុន ផល្លា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី ៤ ខែសីហា ថា មូលនិធិ​អភិវឌ្ឍន៍​សហគ្រិន​នឹង​នាំយក​ផលិតផល​គ្រាប់ស្វាយចន្ទី និង​ម្រេច​កំពត GI ជា​ផលិតផល​គំរូ​ផ្តល់ឱ្យ​ភាគី​ក្រុមហ៊ុន Alibaba។

លោក​បាន​ប្រាប់ថា៖ «យើង​គិតថា​ផលិតផល​ទាំង ២ នេះ​មាន​សក្តានុពល​ខ្លាំង ពីព្រោះ​ការនាំចេញ​គ្រាប់ស្វាយចន្ទី​មាន​កំណើន​ខ្ពស់ ដូចនេះ​បើ​កំណើន​នេះ​ស្រូប​ទាញ​ទីផ្សារ​ចិន​បាន​មួយចំនួនធំ យើង​នឹង​អាច​ជំរុញ​សកម្មភាព​ផលិតកម្ម​នេះ​កាន់តែច្រើន​ថែមទៀត ហើយ​ម្រេច​ក៏​ដូចគ្នា​ដែរ។ យើង​ចង់​ជួយ​កសិករ​របស់​យើង»។

អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ បានឱ្យដឹងថា គំនិត​ផ្តួចផ្តើម​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ផលិតផល​គ្រាប់ស្វាយចន្ទី​របស់​កម្ពុជា​ឱ្យ​កាន់តែ​ល្បី​លើ​ទីផ្សារ​អន្តរជាតិ។ អ្នកស្រី​ប្រាប់ថា៖ «នេះ​ជា​ដំណឹង​ដ៏រីករាយ ដែលជា​សកម្មភាព​ជួយ​រក​ទីផ្សារ​ឱ្យ​ស្វាយចន្ទី។ ខ្ញុំ​សង្ឃឹមថា ផលិតផល​គ្រាប់ស្វាយចន្ទី​យើង​នឹងត្រូវ​បានជ្រើសរើស​ចូលទៅក្នុង​គំនិត​ផ្តួចផ្តើម​នេះ»។

លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត​បាន​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ក្នុង​ការជួយ​ជំរុញ​ឱ្យ​ផលិតផល​ម្រេច​កំពត GI ចូលទៅ​ផ្លេតហ្វម​ក្រុមហ៊ុន Alibaba។ លោក​និយាយថា៖ «យើង​រីករាយ និង​ចូលរួម​សហការ​លើ​កិច្ចការ​នេះ​ ដើម្បី​រួមគ្នា​រក​ទីផ្សារ​ឱ្យ​ម្រេច​កំពត»៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍