ភ្នំពេញៈ ឥណទាន​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​ត្រីមាស​ទី ២ ឆ្នាំនេះ​បន្ត​ធា្លក់​ចុះ​ដោយសារ​តែ​ការបារម្ភ​ការរីករាលដាល​ជំងឺ​កូវីដ ១៩ ឆ្លង​ក្នុង​សហគមន៍ ដែល​កំពុង​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច។

យោងតាម​របាយការណ៍​ពី​ការិយាល័យ ឥណទាន​កម្ពុជា (CBC) នៅ​ត្រីមាស​ទី ២ ឆ្នាំ ២០២១ ចំនួន​អ្នកប្រើប្រាស់​ដែល​ព្យាយាម​ទទួលបាន​ឥណទាន​ក្នុង​ទម្រង់ ៣ ផ្សេងគ្នា​គឺ​ពាក្យស្នើសុំ​ឥណទាន​លក្ខណៈ​បុគ្គល បណ្ណ​ឥណទាន ឬ​កម្ចី​អចលនទ្រព្យ​បាន​ធ្លាក់ចុះ​ជា​រួម -៣៤ ភាគរយ។ ចំនួន​នៃ​ពាក្យស្នើសុំ​កម្ចី​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ធ្លាក់ចុះ ច្រើនជាងគេ​គឺ -៣៤ ភាគរយ​ជាមួយ​ការធ្លាក់ចុះ​ខ្លាំង-៣៧ ភាគរយ នៅ​តំបន់​ទំនាប។ ការដាក់​ពាក្យស្នើសុំ​កម្ចី​អចលនទ្រព្យ​បាន​ធ្លាក់ចុះ -៣២ ភាគរយ ចំណែក​ការដាក់​ពាក្យស្នើសុំ​បណ្ណ​ឥណទាន​បាន​ធ្លាក់ចុះ -២៥ ភាគរយ​បើ​ធៀប​នឹង​ត្រីមាស​មុន។

ទន្ទឹមនឹងនេះ ចំនួន​គណនី​ឥណទាន លក្ខណៈ​បុគ្គល​សរុប​មាន​ការធ្លាក់ចុះ​ចំនួន -០,៤០ ភាគរយ​ដែលនាំឱ្យ​ចំនួន​គណនី​សរុប​មាន​ចំនួន ១,៣០ លាន។ សមតុល្យ​សរុប​កើនឡើង +៣,៤២ ភាគរយ​ឈានដល់ ១០,៣៧៥ ពាន់​លាន​ដុល្លារ​នៅ​ចុង​ត្រីមាស​នេះ។

លោក អឿ សុធារ័ត្ន ប្រធាន​នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី បាន​ទទួលស្គាល់ថា ទីផ្សារ​ឥណទាន​បន្ត​ធ្លាក់ចុះ​ដោយសារ​ការរីករាលដាល​ជំងឺ​កូវីដ ១៩។

លោក អឿ សុធារ័ត្ន បាន​ថ្លែងថា៖ «ដូចគ្នា​នឹងឆ្នាំមុនៗ​ដែរ ទីផ្សារ​ឥណទាន​បុគ្គល​នៅក្នុង​ត្រីមាស​ទី ២ តែងមាន​ការថមថយ​ចុះ។ យ៉ាងណាមិញ ទំហំ​នៃ​ការធ្លាក់ចុះ​នៃ​កំណើន​ការស្នើសុំ​ឥណទាន​ទាំង​ចំនួន​ និង​ទំហំ​ទឹកប្រាក់​មាន​កម្រិត​ទាប​ជាង​កាលពី​ត្រីមាស​ដូចគ្នា​ក្នុង​ឆ្នាំ ២០២០ ដែលជា​ឆ្នាំ​ចាប់ផ្តើម​ទទួលរង​ឥទ្ធិពល​នៃ​ការរាតត្បាត​ជំងឺ​កូវីដ ១៩ លើ​ពិភពលោក»។

លោក​បន្ថែម៖ «អនុបាត​នៃ​គណនី​ប្រាក់កម្ចី​ជាមួយនឹង​ការសង​យឺត ៣០ ថ្ងៃ​ហួស​កាលបរិច្ឆេទ​កំណត់​បាន​កើនឡើង​ដល់ ២,៥៧ ភាគរយ​ដែល​បង្ហាញ​ពី​ការធ្លាក់ចុះ​បន្តិច​នៃ​គុណភាព​ឥណទាន​ធៀប​នឹង​ត្រីមាស​មុន»។

លោក សាយ សូនី នាយក​ប្រតិបត្តិ​ជាន់ខ្ពស់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពីថ្ងៃ​ទី ៤ ខែសីហា​ថា វិស័យ​ហិរញ្ញវត្ថុ​បាន​រង​ផលប៉ះពាល់​ដោយសារ​សកម្មភាព​អាជីវកម្ម​ភាគច្រើន​ធ្លាក់ចុះ​ ឬ​ពន្យារពេល​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ។

លោក​ថ្លែងថា៖ «ពិតប្រាកដ​ណាស់ ឥណទាន​លក្ខណៈ​បុគ្គល​បាន​ធ្លាក់ចុះ ដោយសារ​តែ​ការផ្ទុះ​ការរីករាលដាល​ជំងឺ​កូវីដ ១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​ទាំង ២ ទោះយ៉ាងណា​សម្រាប់​ប្រាសាក់ យើង​នៅតែ​អាច​គ្រប់គ្រង​បាន ហើយ​អាជីវកម្ម​របស់​យើង​ល្អប្រសើរ នៅក្នុង​ពេលវេលា​ដ៏ពិបាក​នេះ បន្ទាប់ពី​រដ្ឋាភិបាល​ និង​ធនាគារជាតិ​នៃ​កម្ពុជា​ផ្ដល់​ការណែនាំ​ជាពិសេស​ដល់​ពួកយើង​ត្រូវ​បន្ត​ផ្ដល់​កម្ចី​អនុវត្ត​ឱ្យបាន​ល្អ​បំផុត​ដើម្បី​ជួយ​អតិថិជន​របស់​យើង»។

ទោះយ៉ាងណា លោក​ សូនី ក៏​បារម្ភ​ថា ដោយសារតែ​ប្រទេស​កម្ពុជា​មិនបាន​បញ្ចប់​ព្រឹត្តិការណ៍ ២០ កុម្ភៈ ហើយ​នៅពេលនេះ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ បំប្លែង​ថ្មី Delta កំពុង​រីករាលដាល​នៅ​កម្ពុជា​ដែល​នឹង​អាច​បន្ត​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ផងដែរ។

លោក​លើកឡើងថា៖ «ការរីករាលដាល​នោះ​នឹង​ប៉ះពាល់​ដោយផ្ទាល់​ដល់​កម្រិត​ម៉ាក្រូ ដែល​អ្នក​អាច​មើលឃើញ​ការព្យាករ​កំណើន​សេដ្ឋកិច្ច​ថ្មី​ប្រហែល ២ ភាគរយ។ ទោះយ៉ាងណា យើង​អាច​មើលឃើញ​រដ្ឋាភិបាល តាមរយៈ​អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ខិតខំ​យ៉ាងខ្លាំង ដើម្បី​បញ្ចប់​ព្រឹត្តិការណ៍​នេះ និង​បញ្ឈប់​ការរីក​រាលដាល​វីរុស​ Delta និង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដោយ​ជោគជ័យ ដូច្នេះ​យើង​សង្ឃឹមថា ស្ថានការណ៍​នឹង​វិវឌ្ឍ​កាន់តែ​ប្រសើរ។ នៅក្នុង​ករណី​ប្រាសាក់ យើង​ប្ដេជ្ញាចិត្ត និង​បន្ត​រីកចម្រើន​ជាមួយ​នឹង​អតិថិជន​របស់​យើង»។

យោងតាម​ CBC ការផ្លាស់ប្តូរ​ជា​ភាគរយ​នៃ​ចំនួន​ប្រាក់កម្ចី​ដែល​បាន​ស្វែងរក​តាមរយៈ​ការស្នើសុំ​ឥណទាន​ក៏បាន​ធ្លាក់ចុះ -៣៥ ភាគរយ​ដែល​ខ្ពស់ជាង​ត្រីមាស​មុន (ត្រីមាស​ទី ១ ឆ្នាំ ២០២១ ធ្លាក់ចុះ​ -៦ ភាគរយ) ដែលជា​កម្រិត​ទាប បើ​ធៀប​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន (ត្រីមាស​ទី ២ ឆ្នាំ ២០២០ ធ្លាក់ចុះ -៤៧ ភាគរយ)។ ការធ្លាក់ចុះ​នេះ ដោយសារតែ​ការធ្លាក់ចុះ​ចំនួន​នៃ​ការដាក់​ពាក្យ​នៅ​គ្រប់​ប្រភេទ​ផលិតផល​ទាំងអស់ ដូចជា​ឥណទាន​បុគ្គល​ធ្លាក់ចុះ -៣៩ ភាគរយ ប័ណ្ណឥណទាន​ធ្លាក់ចុះ -២៧ ភាគរយ និង​កម្ចី​អចលនទ្រព្យ​ធ្លាក់ចុះ -១៧ ភាគរយ៕ LA