ភ្នំពេញៈ អង្គការ​សហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម (UNIDO) និង​រដ្ឋបាល​ជលផល​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បាន​ប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​កម្មវិធី​គាំទ្រ​សហគ្រាស​ជលផល​ខ្នាត​មីក្រូ តូច និង​មធ្យម​ (VCIS) ដើម្បី​ជួយ​គាំទ្រ​ដល់​សហគ្រាស​កែច្នៃ​ផលិតផល​ជលផល​ក្រោយ​ប្រមូលផល​នៅ​កម្ពុជា។

VCIS គាំទ្រ​ដល់​សហគ្រិន​កម្ពុជា​ពិសេស​សហគ្រាស​គ្រប់គ្រង​ដោយ​ស្ត្រី និង​យុវជន ដើម្បី​លើក​កម្ពស់​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ឱ្យ​ឆ្លើយតប​នឹង​តម្រូវការ​ស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ និង​តម្រូវការ​ទីផ្សារ ព្រមទាំង​បង្កើន​ការប្រកួតប្រជែង​ផលិតផល ក៏ដូចជា​ការចូលទៅ​ទីផ្សារ​ជាតិ និង​អន្តរជាតិ​ឱ្យបាន​កាន់តែ​ប្រសើរ។

កម្មវិធី VCIS នៃ CAPFISH-Capture គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូលផល​ត្រូវបាន​សហការ​អនុវត្ត​រួមគ្នា​រវាង​អង្គការ UNIDO និង​រដ្ឋបាល​ជលផល ក្រោម​ការគាំទ្រ​ថវិកា​ពី​សហភាព​អឺរ៉ុប។

លោក សុខ ណារិន តំណាង​ប្រចាំ​ប្រទេស​របស់ UNIDO បាន​និយាយ​ក្នុងពេល​ដាក់ឱ្យ​ដំណើរការ​កម្មវិធី VCIS កាលពី​ថ្ងៃទី ៣ ខែសីហា​ថា កម្មវិធី​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ផ្ទាល់ និង​ប្រយោល​ដល់​សហគ្រាស​ខ្នាត​មីក្រូ តូច និង​មធ្យម (MSMEs) ប្រមាណ ៥០០ រួមទាំង​ក្រុម​អ្នក​ផលិត សហគមន៍​អ្នកផលិត​នៅក្នុង​ខ្សែចង្វាក់​តម្លៃ​ផលិតផល​ជលផល។

លោក​លើកឡើង​ថា៖ «ដូច​អ្នកដឹង​ហើយ​ថា ខ្សែចង្វាក់​តម្លៃ​ផលិតផល​ជលផល​នៅ​កម្ពុជា​មាន​ភាពស្មុគស្មាញ និង​មាន​មុខងារ​ច្រើន។ តួអង្គ​ពាក់ព័ន្ធ​ភាគច្រើន​ជា​អាជីវកម្ម​ក្រៅ​ប្រព័ន្ធ និង​ភាគច្រើន​លើសលប់​ជា​អ្នកកែច្នៃ​តូចៗ ដែលជា​ទូទៅ​កំពុង​ដំណើរការ​អាជីវកម្ម​ដោយ​មិនទាន់បាន​ចុះបញ្ជី ហើយ​ភាគច្រើន​គ្រប់គ្រង​ដោយ​ស្ត្រី»។

លោក​បន្តថា VCIS នឹង​ផ្តល់​ការគាំទ្រ​ផ្នែក​បរិក្ខារ​ និង​បច្ចេកទេស​ដល់​អាជីវកម្ម​សហគ្រាស MSMEs ដើម្បី​កែលម្អ​ប្រតិបត្តិការ​អាជីវកម្ម​របស់​ពួកគេ និង​អនុវត្តតាម​ស្តង់ដា​សុវត្ថិភាព​ចំណីអាហារ​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ និង​បង្កើន​ភាពប្រកួតប្រជែង។

រដ្ឋមន្ត្រី​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន កាលពី​ខែមិថុនា​បាន​និយាយថា ក្រោម​ហិរញ្ញប្បទាន​ពី​សហភាព​អឺរ៉ុប​ការអនុវត្ត​កម្មវិធី​ជំរុញ​កំណើន​វិស័យ​ជលផល​ប្រកប​ដោយ​ចីរភាព និង​បរិយាប័ន្ន​ផ្នែក​នេសាទ និង​ផ្នែក​វារីវប្បកម្ម​នៅ​កម្ពុជា (CAPFISH Programme) បានសម្រេច​តាម​ផែនការ និង​កំពុង​ពិនិត្យ​លទ្ធភាព​បន្តសកម្មភាព និង​វិធានការ​ថ្មីៗ​ទៀត​ដើម្បី​ជំរុញ​វិស័យនេះ​ឱ្យ​រីកចម្រើន។

លោក​ថ្លែងថា៖ «ខ្ញុំ​សូម​កោតសរសើរ​ចំពោះ​កិច្ចសហការ និង​គាំទ្រ​ពី​សហភាព​អឺរ៉ុប​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ចូលរួម​ជំរុញ​ផលិតភាព​ផលិតកម្ម​វារីវប្បកម្ម និង​ធ្វើឱ្យ​វិស័យនេះ​រីកចម្រើន»៕ LA