ភ្នំពេញៈ សាជីវកម្ម​ខ្សែចង្វាក់​អាហារ​នៅក្នុង​ស្រុក United Food Group (UFG) បាន​នាំយក​យីហោ Pizza Hut ដែលជា​ខ្សែចង្វាក់​អាហារ​រហ័ស​មាន​មូលដ្ឋាន​នៅ​អាមេរិក​មក​កម្ពុជា ដោយ​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​នៅក្នុង​ខែសីហា​នេះ។

ការមកដល់​របស់ Pizza Hut បាន​ឆ្លុះបញ្ចាំង​ពី​ការពង្រីក​វត្តមាន​អាជីវកម្ម​របស់​អាមេរិក​មកកាន់​កម្ពុជា។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០២១ Pizza Hut ត្រូវបាន​គ្រប់គ្រង​ដោយ Yum Brands Inc ដែលជា​ក្រុមហ៊ុន​ភោជនីយដ្ឋាន​អាមេរិក​ដ៏ល្បីល្បាញ​មួយ។ បច្ចុប្បន្ន Pizza Hut មាន​ហាង​ចំនួន ១៨ ៧០៣ កន្លែង​ នៅ​ប្រទេស​ជាង ១០០ ទូទាំង​ពិភពលោក។

លោក ហេង ស៊ាងលី ប្រធាន​ផ្នែក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន UFG បានឱ្យដឹងថា ហាង​លក់​ដំបូង​របស់ Pizza Hut នឹង​បើក​ដំណើរការ​នៅ​ទីប្រជុំជន​ដែល​សម្បូរ​ទៅដោយ​ជនជាតិ​បរទេស និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ជិត​ផ្សារ​ទួលទំពូង នា​ពាក់កណ្ដាល​ខែសីហា​នេះ ហើយ​ហាង​លក់​ចំនួន ២ ផ្សេងទៀត​នឹង​បើក​ដំណើរការ​នៅ​ត្រីមាស​ទី៣ ឆ្នាំនេះ។ UFG ក៏​គ្រោង​នឹង​បើក​ដំណើរការ​ហាង​លក់​ចំនួន ៣០ កន្លែង​ទៀត​នៅក្នុង​រយៈពេល​ពី ២ ទៅ ៣ ឆ្នាំ​ខាងមុខ។

លោក​ថ្លែងថា៖ «ចំនួន​ប្រជាជន​វ័យក្មេង​កម្ពុជា រួមចំណែក​យ៉ាងសកម្ម​នៃ​ការបង្កើត​ប្រាក់ចំណូល​ដែល​កំពុង​កើនឡើង​យ៉ាង​រហ័ស ហើយ​ពួកគេ​ចង់បាន​ផលិតផល​មាន​យីហោ​ល្បីៗ​ដើម្បី​ឆ្លើយតប​នឹង​ជីវិត​បែប​ស៊ីវីល័យ​របស់​ពួកគេ។ យើង​ជឿថា Pizza Hut នឹង​ក្លាយជា​ជម្រើស​យីហោ​ភីហ្សា​ក្នុងចំណោម​យុវវ័យ​ខ្មែរ ហើយ​យើង​មាន​គោលបំណង​លើកកម្ពស់​វប្បធម៌​ញ៉ាំ​ភីហ្សា​ដ៏ទំនើប​ដល់​ប្រទេស​កម្ពុជា តាមរយៈ​ការផ្ដល់​យីហោ​ភីហ្សា​ថ្នាក់​ពិភពលោក​ដល់​អតិថិជន​នៅក្នុង​តម្លៃ​ស្រដៀង​គ្នា​ជាមួយ​នឹង​យីហោ​ដែលមាន​ស្រាប់»។

កាលពី​ខែតុលា ឆ្នាំមុន ហាងបឺហ្គ័រ​របស់​អាមេរិក The Habit Burger Grill ដែលមាន​មូលដ្ឋាន​នៅក្នុង​រដ្ឋ​កាលីហ្វ័រនីញ៉ា​បាន​បើក​ដំណើរការ​ហាង​លក់​ដំបូង​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា ក្នុង​ភាពជា​ដៃគូ​ជាមួយ​ស្ថានីយ​ប្រេងឥន្ធនៈ Kampuchea Tela។

យោងតាម​ការព្យាករ​ដោយ UFG ទីផ្សារ Pizza នៅ​កម្ពុជា​បាន​បង្កើត​ប្រាក់ចំណូល​យ៉ាងហោច ១០០ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០១៩។ ទីផ្សារ​នេះ​ត្រូវបាន​ប៉ាន់ប្រមាណ​ថា នឹង​កើនឡើង​ពី ១៥ ទៅ ២០ ភាគរយ​ប្រចាំឆ្នាំ ខណៈ​កម្រិត​ការប្រើប្រាស់​របស់​ប្រជាជន​កម្ពុជា​កើនឡើង​ប្រចាំឆ្នាំ​ស្របគ្នា​នឹង​កំណើនសេដ្ឋកិច្ច និង​លំហូរ​ចូល​ការវិនិយោគ​ផ្ទាល់​បរទេស​មាន​ចំនួន​កាន់តែច្រើន។

United Food Group (UFG) ក៏​ជា​ម្ចាស់​ភោជនីយដ្ឋាន Park Cafe ដែល​កំពុង​ប្រតិបត្តិការ​ហាង ២០ នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។

ក្នុង​អំឡុងពេល​តាំងពិព័រណ៍ Cambodia Franchise Expo កាលពី​ថ្ងៃទី ៥ ខែឧសភា ដែល​រៀបចំ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​ទីក្រុង​ភ្នំពេញ ក្រុមហ៊ុន​ពាណិជ្ជសញ្ញា​អាមេរិកល្បីៗ​ចំនួន ៩ កំពុង​ស្វែងរក​ឱកាស​អាជីវកម្ម និង​ការពង្រីក​ចូលមក​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​ទីតាំង​ឈរជើង​ជា​មូលដ្ឋាន​ដ៏រឹងមាំ​នៅក្នុង​តំបន់។

លោក Anthony Galliano ប្រធាន AmCham បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ខែឧសភា​ថា មានការយល់ដឹង​កើនឡើង​អំពី​យីហោ និង​ស្ដង់ដា​អាមេរិក និង​ការគាំទ្រ​ការលក់​ផលិតផល និង​សេវាកម្ម​អាមេរិក​នៅ​កម្ពុជា។

ក្រុមហ៊ុន​យីហោល្បីៗ​ទាំងនោះ​រួមមាន ក្រុមហ៊ុន Starbucks ក្រុមហ៊ុន Burger King ក្រុមហ៊ុន KFC ក្រុមហ៊ុន 7-Eleven ក្រុមហ៊ុន Domino''s ក្រុមហ៊ុន Century 21 ក្រុមហ៊ុន Papa John''s ក្រុមហ៊ុន Marriott ក្រុមហ៊ុន Hyatt និង​ក្រុមហ៊ុន KFC ជា​ឧទាហរណ៍​នៃ​សិទ្ធិ​ធ្វើ​អាជីវកម្ម «ប្រកបដោយ​ជោគជ័យ​ខ្លាំង​បំផុត» នៅក្នុង​ប្រទេស​កម្ពុជា។

ទិន្នន័យ​ចុងក្រោយ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បង្ហាញ​ថា កម្ពុជា​នាំចេញ​ទៅ​ប្រទេស​ដែលមាន​សេដ្ឋកិច្ច​ឈានមុខ​គេ​របស់​ពិភពលោក​មួយ​នេះ​កើនឡើង​ខ្ពស់បំផុត​កាលពី​ឆ្នាំមុន គឺ​កើនឡើង ៤០ ភាគរយ​ដល់ ៥,៣៦ ពាន់​លាន​ដុល្លារ។

ប្រទេស​កម្ពុជា គឺជា​ដៃគូ​ពាណិជ្ជកម្ម​ទំនិញ​ឈានមុខ​គេ​ទី៦៦ របស់​អាមេរិក​កាលពី​ឆ្នាំ ២០១៨ សម្រេចបាន​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ៤,៣ ពាន់​លាន​ដុល្លារ៕ LA