ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ម្រេច​ចំនួន​ជាង ២ ម៉ឺន​តោន​ក្នុង​រយៈពេល ៧ ខែ ដើមឆ្នាំ ២០២១ កើន​ជាង ៥៥០ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈ​វៀតណាម​ជា​ទីផ្សារ​ឈានមុខ​គេ។

បើ​យោងតាម​ទិន្នន័យ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ចាប់ពី​ខែមករា ដល់​ខែកក្កដា កម្ពុជា​នាំចេញ​ម្រេច​មិនមែន GI និង​ម្រេច​កំពត (GI) សរុប​ចំនួន ២២ ៥៨០,៦៨ តោន កើន ៥៥៨,១៩ ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០២០។

ផលិតផល​ម្រេច​កម្ពុជា​បាន​នាំ​ចេញទៅ ១៩ ប្រទេស​លើ​ពិភពលោក​ក្នុង​នោះ​វៀតណាម គឺជា​ទីផ្សារ​ធំជាងគេ ដោយមាន​បរិមាណ ២២ ២១៧ តោន​តាម​ពីក្រោយ​ដោយ​អាល្លឺម៉ង់ ២៤៤,៥៧ តោន បារាំង ២០,១៤ តោន និង​បែលហ្ស៊ិក ចំនួន ១៥,៩៨ តោន។

លោក ម៉ាក នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា (CPSF) បានឱ្យដឹងថា ម្រេច​មិនមែន GI របស់​កម្ពុជា​បាន​ពឹងផ្អែក​ទីផ្សារ​វៀតណាម​ស្ទើរ​ទាំងស្រុង។ លោក​អះអាង​ថា៖ «យើង​ដឹង​ហើយ​ថា រាល់ថ្ងៃនេះ​ទីផ្សារ​របស់​យើង​ពឹង​ផ្អែកលើ​ប្រទេស​វៀតណាម​ពី ៧០ ទៅ ៩០ ភាគរយ ព្រោះ​ក្រុមហ៊ុន​ក្នុងស្រុក​យើង​រក​ដៃគូ​ទិញ​អត់​បាន អ៊ីចឹង​យើង​ពឹង​ផ្អែកលើ​ក្រុមហ៊ុន​ធំ​ដែល​គេ​បោះទីតាំង​គោល​នៅ​ប្រទេស​វៀតណាម ខណៈ​ក្រុមហ៊ុន​ទិញ​ពី​យើង គេ​យកទៅ​កែច្នៃ​នៅ​ទីនោះ​បន្ត»។

លោក​ថ្លែងថា៖ «ក្នុងនាម​ជា​សហព័ន្ធ​យើង​ចង់ឱ្យ​មាន​ការនាំចេញ​ដោយផ្ទាល់​ពី​ស្រុក​ខ្មែរ ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​តម្លៃ​ដឹកជញ្ជូន​គឺ​ថ្លៃ​ជាង​នៅ​វៀតណាម ហេតុនេះ​ក្រុមហ៊ុន​ខ្លះ​គេ​មិន​ចង់​មករក​ស៊ី​នៅ​ស្រុក​យើង​ទេ»។

លោក​បន្ថែមថា សម្រាប់​ម្រេចកំពត GI ភាគច្រើន​ត្រូវបាន​នាំទៅ​ទីផ្សារ​អឺរ៉ុប ខណៈ​ទីផ្សារ​ម្រេច​ធម្មតា​ក្រៅពី​វៀតណាម គឺ​ទីផ្សារ ១ ផ្នែក​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា។ លោក​និយាយថា៖ «យើង​សង្ឃឹមថា នឹង​ទទួលបាន​ទីផ្សារ​ប្រទេស​ចិន​សម្រាប់​ម្រេច​មិនមែន GI ប៉ុន្តែ​ចិន​មិនទាន់​បើកភ្លើង​បៃតង​ទេ»។

លោក ងួន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​កំពត GI បាន​លើកឡើងថា ទីផ្សារ​ម្រេច GI នាពេលនេះ​មាន​សម្ទុះ​ឡើង​គួរឱ្យ​កត់សម្គាល់​ដោយបាន​នាំចេញ​ប្រមាណ ៦០ តោន ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ ២០២១ នេះ។ លោក​ប្រាប់ថា៖ «ការបញ្ជាទិញ​របស់​អតិថិជន​ពី​បណ្តា​ក្រុមហ៊ុន​នាំចេញ​មានការ​កើនឡើង»។

តម្លៃ​ម្រេច​កំពត GI មិនមាន​ការប្រែប្រួល​ទេ ដោយ​ម្រេចខ្មៅ​មានតម្លៃ ១៥ ដុល្លារ ម្រេចក្រហម ២៥ ដុល្លារ និង​ម្រេចស ២៨ ដុល្លារ ក្នុង ១ គីឡូក្រាម។ កាលពី​ឆ្នាំ ២០២០ ម្រេច​កំពត ៧០ តោន​ត្រូវបាន​ទិញ​ដោយ​ក្រុមហ៊ុន​នាំចេញ។ សព្វថ្ងៃនេះ​ម្រេច​កំពត​ត្រូវបាន​នាំទៅ​កាន់​បណ្តា​ប្រទេស​ជាង ៥០ ភាគច្រើន​ស្ថិតនៅ​ទ្វីបអឺរ៉ុប។ នេះ​បើតាម​លោក ងួន ឡាយ។

ផ្អែកលើ​ប្រព័ន្ធ​ទិន្នន័យ​គ្រឹះ​ភូតគាម​អនាម័យ​ជាតិ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម ក្នុង​រយៈពេល ៧ ខែ ឆ្នាំ ២០២១ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ក្រៅ​ប្រទេស​សរុប ៥ ០៣២ ៩៦៨,៦០ តោន​ទៅកាន់​ទិសដៅ ៦៤ ប្រទេស កើន ២ ៣៤២ ៩៨១,៣៩ តោន ស្មើនឹង ៨៧,១០ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន។

ផលិតផល​សំខាន់ៗ​មានដូចជា អង្ករ ស្រូវ ចេកស្រស់ ម្រេច ដំឡូងមី គ្រាប់ស្វាយចន្ទី គ្រាប់ពោត សណ្តែក​សៀង សណ្តែកបាយ ប្រេងដូង ថ្នាំជក់ ម្ទេស ជាដើម៕ LA