ភ្នំពេញៈ ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​អគ្គនាយកដ្ឋាន​គ្រប់គ្រង​ឧស្សាហកម្ម​ទេសចរណ៍​នៃ​ក្រសួងទេសចរណ៍​បាន​បង្ហាញថា «ទេសចរណ៍​បាតសមុទ្រ» គឺជា​ផលិតផល​ទេសចរណ៍​ថ្មី​ដ៏មាន​សក្តានុពល​នៅ​តំបន់ឆ្នេរ​សមុទ្រ​របស់​ប្រទេស​កម្ពុជា ដែល​ចាំបាច់​ត្រូវការ​ជំរុញ​លើកកម្ពស់​បន្ថែម។

លោក គន្ធា ភិរម្យ ប្រធាន​ការិយាល័យ​ជំរុញ​ទេសចរណ៍​ក្នុងស្រុក​នៃ​ក្រសួងទេសចរណ៍ ដែលជា​អ្នកធ្វើការ​ស្រាវជ្រាវ​បាន​ពន្យល់ថា ទេសចរណ៍​បាតសមុទ្រ​សំដៅ​ទៅដល់​សកម្មភាព​របស់​មនុស្ស​ដែល​ធ្វើដំណើរ​ចេញពី​កន្លែង​រស់នៅ​ប្រចាំថ្ងៃ ហើយ​ទៅ​ស្នាក់នៅ​យ៉ាងតិច ១ យប់​នៅ​គោលដៅ​ទេសចរណ៍​ណាមួយ​ ដើម្បី​ចូលរួម​ក្នុង​សកម្មភាព​ជ្រមុជ​ទឹក​មើល​ធនធាន​បាតសមុទ្រ​តាមរយៈ​ឧបករណ៍ និង​បច្ចេកទេស SCUBA។

ភាពទាក់ទាញ​ទេសចរណ៍​សំខាន់ៗ​នៅក្នុង​វិស័យ​ទេសចរណ៍​បាតសមុទ្រ គឺ​ជីវចម្រុះ​នៅ​បាតសមុទ្រ រួមមាន ផ្កាថ្ម​ស្អាតៗ​ប្រភេទ​ត្រី​តូច ធំ​ចម្រុះ​ពណ៌ និង​សត្វសមុទ្រ​នានា​ដទៃទៀត។ លោក​បន្តថា ទេសចរណ៍​ប្រភេទ​នេះ​ត្រូវ​ពឹងផ្អែក​ខ្លាំង​លើ​សម្ភារ​ឧបករណ៍​សម្រាប់​ចុះ​មុជទឹក​ជ្រៅ ដែល​តម្រូវឱ្យ​មានការ​ធានា​នូវ​សុវត្ថិភាព​ខ្ពស់។ ទេសចរណ៍​បាតសមុទ្រ​ត្រូវ​ពឹងផ្អែក​មួយផ្នែក​ពី​បច្ចេកវិទ្យា​ដែល​អាច​អនុញ្ញាត​ឱ្យ​ពួកគេ​ដកដង្ហើម​បាន​ក្នុង​ទឹក​ដោយ​បំពង់​អុកស៊ីហ្ស៊ែន និង​សម្ភារ​ជំនួយ​ដទៃទៀត។

លោក​លើកឡើងថា៖ «ភ្ញៀវទេសចរ​ដែល​ចង់​ចូលរួម​ក្នុង​សកម្មភាព​មុជទឹក​នេះ​តម្រូវឱ្យមាន​វិញ្ញាបនបត្រ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពី​របៀប​ជ្រមុជ​ទឹក និង​ត្រូវ​ទទួលស្គាល់​ដោយ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ផ្លូវការ​ណាមួយ»។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា បណ្តា​កោះ​នានា​នៅ​កម្ពុជា​សុទ្ធតែ​មាន​សក្តានុពល​សម្រាប់​ទេសចរណ៍​បាតសមុទ្រ ព្រោះ​សម្បូរ​ដោយ​ធនធាន​ជីវចម្រុះ​ក្រោម​បាតសមុទ្រ ដែល​ជា​ទីទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវទេសចរ។

អ្នកស្រី​ឱ្យដឹងថា៖ «បើ​យើង​មានការជំរុញ​ទេសចរណ៍​បាតសមុទ្រ​ថែមទៀត វា​នឹង​ក្លាយជា​ផលិតផល​ថ្មី​មួយ​កាន់តែ​មាន​ភាពទាក់ទាញ ព្រោះ​យើង​មាន​តំបន់​ឆ្នេរសមុទ្រ​ស្រស់ស្អាត​ជាច្រើន​រួចទៅហើយ។ យើង​ស្វាគមន៍​ចំពោះ​ការវិនិយោគ​លើ​ទេសចរណ៍​បាតសមុទ្រ​នៅ​ប្រទេស​កម្ពុជា»។

លោក ភិរម្យ បានឱ្យដឹង​ទៀតថា ប្រធានបទ​ដែល​កម្ពុជា​គួរ​សិក្សា​បន្ត​ក្នុង​វិស័យ​ទេសចរណ៍​បាតសមុទ្រ​រួមមាន ការស្វែងរក​ចំណែក​ទីផ្សារ​ទេសចរណ៍ (ទីផ្សារ​ទេសចរ​ជាតិ និង​អន្តរជាតិ) សម្រាប់​សកម្មភាព​ទេសចរណ៍​បាតសមុទ្រ​កម្ពុជា។ ការជំរុញ​លើកទឹកចិត្ត​សម្រាប់​ប្រតិបត្តិករ​ទេសចរណ៍​លើ​សេវាកម្ម​ទេសចរណ៍​បាតសមុទ្រ ឱកាស​ការងារ និង​ប្រាក់ចំណូល​ពី​អាជីវកម្ម​ទេសចរណ៍​បាតសមុទ្រ។

លោក​អះអាង​ថា៖ «មកដល់ពេលនេះ គេ​មិនទាន់​ឃើញ​មាន​ការស្រាវជ្រាវ​ណា​ដែល​ផ្តោតលើ​ទេសចរណ៍​បាតសមុទ្រ​ក្នុង​រូបភាព និង​លក្ខណៈ​ទូលំទូលាយ​នៅ​ប្រទេស​កម្ពុជា​នោះទេ។ វិស័យ​ទេសចរណ៍​ប្រភេទ​នេះ​គួរ​ត្រូវបាន​ជំរុញ​ផ្សព្វផ្សាយ​ឱ្យបាន​ត្រឹមត្រូវ ព្រោះ​ជា​ផលិតផល​ទេសចរណ៍​ថ្មី​មាន​សក្តានុពល​បន្ថែម​លើ​ផលិតផល​ទេសចរណ៍​ដែលមាន​ស្រាប់»។

ប្រទេស​កម្ពុជា​មាន​ឆ្នេរសមុទ្រ​លាតសន្ធឹង​ប្រវែង ៤៤០ គីឡូម៉ែត្រ​ ដោយ​រាប់បញ្ចូល​ខេត្ត​ព្រះសីហនុ កោះកុង កំពត និង​កែប។ ធនធាន​សមុទ្រ​យ៉ាងច្រើន​អនេក​មាន​នៅ​តាម​តំបន់​មាត់សមុទ្រ និង​កោះ​នានា ពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ៕ LA

វីដេអូ៖