ភ្នំពេញ: ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​អំពាវនាវ​ចំពោះ​ធុរជន​នៅ​កម្ពុជា​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​តាំងពិព័រណ៍​ពាណិជ្ជកម្ម និង​វិនិយោគចិន​អន្តរជាតិ​លើកទី២១ នៅ​ប្រទេស​ចិន នៅ​ខែកញ្ញា​ខាង​មុខ។

លិខិត​ជូនដំណឹង​ក្រសួង​ពាណិជ្ជកម្ម ដែល​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី ៥ ខែសីហា ឱ្យ​ដឹងថា គណៈកម្មការ​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម និង​វិនិយោគិន​អន្តរជាតិ​នៃទីក្រុង Xiamen ប្រទេសចិន នឹង​បន្តរៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម និង​វិនិយោគចិន​អន្តរជាតិ​លើកទី២១ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី ៨-១១ ខែ កញ្ញា ឆ្នាំ ២០២១ នៅទីក្រុង Xiamen ខេត្ត Fujian សាធារណរដ្ឋ​ប្រជាមានិតចិន។

សេចក្តី​ជូនដំណឹង​បន្តថា គណៈកម្មការ​រៀបចំ​ពិព័រណ៍​ខាងលើ​សូម​ប្រកាស​បើក​ទូលាយ​ចំពោះ​បណ្តាធុរជន សហគ្រិន វិនិយោគិន និង​អ្នក​ផ្តល់សេវា​ទាំងអស់​ដែល​មាន​ចំណាប់​អារម្មណ៍​ចង់​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ពាណិជ្ជកម្ម និង​វិនិយោគ​ខាងលើ សូម​អញ្ជើញ​ចុះឈ្មោះ​ចូលរួម​តាមរយៈ​អាសយដ្ឋាន​វេបសាយ www.chinafair.org.cn។

ក្រសួង​ពាណិជ្ជកម្ម ក្នុងនាម​អ្នក​សម្របសម្រួល​ជាមួយ​គណៈកម្មការ​រៀបចំ​ពិព័រណ៍​នៃទីក្រុង Xiamen សូម​អញ្ជើញ​បណ្ដាធុរជន សហគ្រិន វិនិយោគិន អ្នកផ្តល់សេវា និង​សាធារណជន​ទូទៅ​ដែល​មាន​ចំណាប់​អារម្មណ៍ចង់​ចូលរួម​ផ្សព្វផ្សាយ​ផលិតផល សេវាកម្ម គម្រោងវិនិយោគ ឬ​ស្វែងរក​ដៃគូពាណិជ្ជកម្ម​ជាមួយ​ភាគី​ចិន​សូម​អញ្ជើញ​ចុះឈ្មោះ​ចូលរួម​តាមរយៈ​អាសយដ្ឋាន​វេបសាយខាងលើ ឬ​ទំនាក់ទំនង​ដោយ​ផ្ទាល់​មក​នាយកដ្ឋាន​កិច្ចការ​ពិព័រណ៍ អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម នៃ​ក្រសួង​ពាណិជ្ជកម្ម។

នៅក្នុង​រយៈពេល ៥ ខែ​ដំបូង​ដើមឆ្នាំ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចិន មាន​តម្លៃ​សរុប ៣,៩ពាន់​លាន​ដុល្លារ កើន​ឡើង ២៥ ភាគរយ បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំមុន។ នេះ​បើ​តាម​សារព័ត៌មាន Global Times៕