ភ្នំពេញៈ សេចក្តីព្រាង​ច្បាប់ពាណិជ្ជកម្ម​សំខាន់ៗ​ចំនួន ៣ ត្រូវ​រំពឹងថា​នឹង​ចូល​ជា​ធរមាន​នៅមុន​ដំណាច់​ឆ្នាំនេះ បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​ថ្នាក់​ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា និង​គណៈកម្ម​ការជំនាញ​នៃ​ស្ថាប័ន​ទាំង ២។ នេះ​បើ​យោងតាម​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម។

សេចក្តី​ព្រាងច្បាប់​ទាំង ៣ រួមមាន សេចក្តីព្រាងច្បាប់ «ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (អាសិប)», សេចក្តីព្រាង «ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​រាជរដ្ឋាភិបាល​កម្ពុជា-រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន», សេចក្តីព្រាងច្បាប់ «ការប្រកួតប្រជែង»។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី ៣ ខែសីហា បាន​ដឹកនាំ​ក្រុមការងារ​អន្តរក្រសួង​ដើម្បី​ការពារ​សេចក្តីព្រាងច្បាប់​នេះ​ទៅកាន់​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា និង​ថ្នាក់ដឹកនាំ​គណៈកម្មការ​ជំនាញ​ទាំង ១០ របស់​រដ្ឋសភា ព្រឹទ្ធសភា​តាមរយៈ​ប្រព័ន្ធ​វីដេអូ។ ក្នុងឱកាស​នោះ លោក​លើកឡើង​ថា សេចក្តីព្រាងច្បាប់​ទាំងអស់​នេះ​ដើរ​ស្រប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នា​ថ្ងៃទី ៥ ខែសីហា ថា បន្ទាប់ពី​ទទួល​ការឯកភាព​ទាំងស្រុង​ពី​ថ្នាក់ដឹកនាំ​រដ្ឋសភា ព្រឹទ្ធសភា និង​គណៈកម្មការ​ជំនាញ​ទាំង ១០ របស់​រដ្ឋសភា ព្រឹទ្ធសភា ក្រសួងពាណិជ្ជកម្ម​សង្ឃឹម​ថា ច្បាប់​ទាំង ៣ នឹង​ត្រូវ​អនុម័ត​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅមុន​ដំណាច់​ឆ្នាំនេះ។ លោក​បន្តថា ច្បាប់​នេះ​នឹងចូលរួម​ក្នុងការ​លើកកម្ពស់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ក៏ដូចជា​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ចកម្ពុជា​ទៅក្នុង​តំបន់ និង​ពិភពលោក។

លោក​អះអាង​ថា៖ «ក្រសួង​សង្ឃឹមថា សេចក្តីព្រាងច្បាប់​ទាំងនេះ​នឹង​ចូល​ជា​ធរមាន​នៅមុន​ដំណាច់​ឆ្នាំនេះ»។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ក្រសួងពាណិជ្ជកម្ម កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (អាសិប) ដែលមាន​ការចូលរួម​ពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ និង​ប្រទេស​ជា​ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​ផ្សេង​ទៀត​ដូចជា ចិន ជប៉ុន កូរ៉េ នូវែលសេឡង់ និង​អូស្ត្រាលី គ្របដណ្តប់​លើ​ប្រជាជន​ប្រមាណ ២,២ ពាន់​លាន​នាក់ ឬ ៣០ ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភពលោក ដែលមាន​ផលិតផល​ក្នុងស្រុក​សរុប​រួម ២៦,២ ពាន់​ពាន់​លាន​ដុល្លារ ឬ ៣០ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក និង​មាន​ចំនួន​ប្រមាណ ២៨ ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​ពិភពលោក (ទិន្នន័យ​ឆ្នាំ ២០១៩)។ កម្ពុជា​អាច​នឹង​មាន​កំណើន​ប្រចាំឆ្នាំ​ពី​ការនាំចេញ​ចំនួន ៧,៣ ភាគរយ វិនិយោគ ២៣,៤ ភាគរយ និង​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ ២ ភាគរយ​លើ​ផលិតផល​ក្នុង​ស្រុក​សរុប​ដែលមាន​បច្ចុប្បន្ន។

ចំណែក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន នឹង​ជួយ​កម្ពុជា​ទទួលបាន​ទីផ្សារ​ធំ​ជាង​មុន ពិសេស​មុខទំនិញ​កសិផល បន្លែ​ផ្លែឈើ ផលិតផល​កែច្នៃ សិប្បកម្ម និង​ផលិតផល​ជាច្រើន​ទៀត តាមរយៈ​ការសម្រួល​ផ្នែក​ពន្ធគយ និង​វិធាន​ដើមកំណើត​ទំនិញ ជាដើម។ រីឯ​ច្បាប់​ស្តីពី​ការប្រកួតប្រជែង​នឹង​ជួយ​ការពារ និង​លើកទឹកចិត្ត​ដល់​ពាណិជ្ជករ​ឱ្យធ្វើ​ការប្រកួតប្រជែង​ដោយ​ស្មើភាព និង​ស្មោះត្រង់ បង្កើន​ប្រសិទ្ធភាព​សេដ្ឋកិច្ច និង​ទាក់ទាញ​ការវិនិយោគ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​និយាយថា ការចូល​ជាធរមាន​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ទោះបី​លក្ខណៈ​តំបន់ ឬ​ទ្វេភាគី គឺ​សុទ្ធតែ​ផ្តល់​ភាពវិជ្ជមាន​ដល់​សេដ្ឋកិច្ចជាតិ ព្រោះ​តាមរយៈ​នេះ​កម្ពុជា​មិន​ត្រឹមតែ​ទទួលបាន​ទីផ្សារ​នាំចេញ​កាន់តែ​ធំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាចជួយ​ឱ្យ​សមត្ថភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​កាន់តែ​ខ្លាំង។ លោក​បន្តថា ចំណែក​ច្បាប់​ការប្រកួតប្រជែង​ក៏​នឹង​ដើរតួនាទី​ក្នុង​ការរក្សា​និរន្តរភាព និង​ទំនុកចិត្ត​សម្រាប់​វិនិយោគិន​ផងដែរ។

លោក​ប្រាប់ថា៖ «នៅពេល​ច្បាប់​ទាំងនេះ​ចូល​ជា​ធរមាន កម្ពុជា​រំពឹង​នឹង​អាច​ទាក់ទាញ​វិនិយោគិន​ឱ្យ​ចូលមក​បណ្តាក់ទុន​បាន​កាន់តែ​ច្រើន»៕ LA