ភ្នំពេញ:មន្ត្រី​ជាន់ខ្ពស់​និយ័តករ​មូលបត្រ​កម្ពុជា (ន.ម.ក.) បាន​ឱ្យដឹងថា បច្ចុប្បន្ន ន.ម.ក. កំពុង​ធ្វើការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដើម្បី​អភិវឌ្ឍន៍​ហិរញ្ញប្បទាន​និរន្តរភាព​សម្រាប់​វិស័យ​មូលបត្រ​កម្ពុជា។

លោក ស៊ូ សុជាតិ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ន.ម.ក. នៅ​ថ្ងៃទី ៦ ខែ​សីហា ឆ្នាំ ២០២១ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​នឹង​អ្នកជំនាញការ​នៃ​ធនាគារ​ពិភពលោក (World Bank) ដែល​ដឹកនាំ​ដោយ​លោកស្រី​ Ratchada Anantavrasilpa ដើម្បី​ពិភាក្សា​ទៅលើ “Toolkits for Policymakers to Green the Financial System”។

លោក​ថ្លែងថា៖ «កម្ពុជា​សូម​សម្តែង​នូវ​ការអរគុណ​ចំពោះ​ធនាគារ​ពិភពលោក​ដែល​តែងតែ​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​មូលបត្រ​នៅ​កម្ពុជា​ក៏ដូចជា ប្រទេស​កម្ពុជា​ទាំងមូល​ផងដែរ។

ទន្ទឹម​នឹងនេះ លោក​ក៏បាន​បង្ហាញថា បច្ចុប្បន្ន ន.ម.ក. ក៏​កំពុង​តែ​ធ្វើការ​ជាមួយ​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) ដើម្បី​អភិវឌ្ឍ​ហិរញ្ញប្បទាន​និរន្តរភាព​សម្រាប់​វិស័យ​មូលបត្រ​នៅ​កម្ពុជា​ផង​ដែរ។

លោក​ថា៖ «ក្នុង​ជំនួប​ពិភាក្សា ភាគី​ទាំង ២ បាន​ឯកភាព​គ្នា​ក្នុងការ​ជំរុញ​ការកសាង​សមត្ថភាព​ដល់​មន្ត្រី​នៃ ន.ម.ក. និង​អ្នកចូលរួម​ក្នុង​ទីផ្សារ​មូលបត្រ​កម្ពុជា​ ដើម្បី​កសាង​នូវ​មូលដ្ឋានគ្រឹះ​រឹងមាំ​សម្រាប់​អភិវឌ្ឍ​ហិរញ្ញវត្ថុ​បៃតង​នៅ​កម្ពុជា​នៅ​ថ្ងៃ​អនាគត»។

អ្នកជំនាញ​ធនាគារ​ពិភពលោក​បាន​ឯកភាព​លើ​សំណើ​នេះ និង​មាន​ផែនការ​រៀបចំ​កម្មវិធី​ពង្រឹង​សមត្ថភាព​នៅ​កម្ពុជា​នៅ​ឆ្នាំ ២០២២។ នេះ​បើតាម​លោក ស៊ូ សុជាតិ៕