ភ្នំពេញ៖ រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-ជប៉ុន ប្ដេជ្ញា​ស្តារ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឡើង​វិញ ក្រោយ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូវីដ​១៩ ត្រូវ​បាន​បញ្ចប់ ខណៈ​កម្ពុជា​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឡើង​វិញ តាមរយៈ​ការ​ទទួល​ស្គាល់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ និង​ឌីជីថលូបនីយកម្ម​លើ​វិស័យ​ពាក់ព័ន្ធ​នានា​ដើម្បី​ធានា​ភាព​ធន់ និង​ចីរភាព​នៅ​ក្នុង​អនុ​តំបន់​អំឡុង​ពេល និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ ១៩។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​តាម​ប្រព័ន្ធ​វីដេអូ។ កិច្ច​ប្រជុំ​នេះ ដឹកនាំ​ដោយ លោក ម៉ូតេហ្គី តូស៊ីមីសឺ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​មាន​ការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្ដា​ប្រទេស​មេគង្គ​ផ្សេង​ទៀត រួមមាន ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​មេគង្គ-ជប៉ុន លើក​ទី១៤ កាល​ពី​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១។

លោក ប្រាក់ សុខុន បាន​ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ថា ការ​តភ្ជាប់​ផ្នែក​ទន់ និង​ផ្នែក​រឹង ដំណើរការ​ដោយ​រលូន​នៃ​ខ្សែ​ច្រវ៉ាក់​ផ្គត់ផ្គង់​សកល ការ​គាំទ្រ​ដល់​សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs) ការ​ជំរុញ​ឱ្យ​មាន​ការ​ធ្វើ​ដំណើរ​ឡើង​វិញ​តាមរយៈ​ការ​ទទួល​ស្គាល់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ និង​ឌីជីថ​លូបនីយកម្ម​លើ​វិស័យ​ពាក់ព័ន្ធ​នានា គួរ​តែ​ត្រូវ​បាន​ដាក់​ចេញ​ឱ្យ​អនុវត្ត ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​បំផុត ដើម្បី​ធានា​ឱ្យ​បាន​នូវ​ភាព​ធន់ និង​ចីរភាព​នៅ​ក្នុង​អនុ​តំបន់ ក្នុង​អំឡុង​ពេល និង​ក្រោយ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូវីដ ១៩។

លោក​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​ឱ្យ​មិត្ត​ជប៉ុន និង​បណ្ដា​ប្រទេស​មេគង្គ គិតគូរ​ពិចារណា​លើ​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា ក្នុង​ការ​បង្កើត​ក្រុម​ការងារ​រួម​សិក្សា​លើ «សេណារីយ៉ូ​ស្ដារ​សេដ្ឋកិច្ច​មេគង្គ-ជប៉ុន» ដើម្បី​រិះរក​នូវ​លទ្ធភាព​ស្ដារ​សេដ្ឋកិច្ច​នានា​ក្នុង​ការ​ធ្វើ​ឱ្យ​ឧស្សាហកម្ម​ទេសចរណ៍ សហគ្រាស​ធុន​មីក្រូ តូច និង​មធ្យម (MSMEs) និង​ការ​វិនិយោគ​ដែល​ចាំបាច់​បំផុត​ក្នុង​អនុ​តំបន់​នេះ មាន​ដំណើរការ​ឡើង​វិញ។

«គំនិត​ផ្តួចផ្តើម​នេះត្រូវ​បាន​គាំទ្រ​ដោយ​ប្រធាន​អង្គ​​ប្រជុំ និង​អ្នក​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ទាំង​អស់»។ នេះ​បើ​តាម​ការ​បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន។

សេចក្ដី​ប្រកាស​បាន​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ការបរទេស​មេគង្គ-ជប៉ុន បាន​ពិនិត្យ​ឡើង​វិញ​នូវ​វឌ្ឍនភាព​នៃ​កិច្ច​សហប្រតិបត្តិការ​មេគង្គ-ជប៉ុន ក្នុង​វិស័យ​ជា​អាទិភាព និង​បាន​កំណត់​ទិសដៅ​អនាគត​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​លើក​កម្ពស់​ការ​តភ្ជាប់​ផ្នែក​សង្គម សេដ្ឋកិច្ច និង​វប្បធម៌​រវាង​បណ្ដា​ប្រទេស​មេគង្គ និង​ជប៉ុន និង​ដើម្បី​ធានា​ឱ្យ​បាន​នូវ​អនុ​តំបន់​មេគង្គ​ដែល​កាន់​តែ​រស់រវើក ដោយ​គិតគូរ​ពិចារណា​ទៅ​លើ​ជំងឺ​រាតត្បាត​កូវីដ ១៩ និង​ការ​ប្រឈម​នានា​ដែល​កំពុង​កើត​មាន។

«រដ្ឋមន្ត្រី​ទាំង​អស់ បាន​លើក​ឡើង​អំពី​តួនាទី​ដ៏​សំខាន់​របស់​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិ​ការ​មេគង្គ-ជប៉ុន នៅ​ក្នុង​ការ​ថែរក្សា​បាន​នូវ​សន្តិភាព និង​ស្ថិរភាព នៅ​ក្នុង​អនុ​តំបន់​មេគង្គ និង​ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន។

បើ​តាម​សេច្ដី​ប្រកាស​ព័ត៌មាន​ដដែល កិច្ច​ប្រជុំ​នេះ ត្រូវ​បាន​បញ្ចប់​ប្រកប​ដោយ​ផ្លែផ្កា​គួរ​ជា​ទីមោទនៈ តាមរយៈ​ការ​យល់​ឃើញ​រួម​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​នានា ជាពិសេស​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាត​ត្បាត​កូវីដ ១៩ និង​ការ​ប្ដេជ្ញាចិត្ត​ក្នុង​ការ​ស្តារ​សេដ្ឋកិច្ច​ក្នុង​តំបន់​ឡើង​វិញ ក្រោយ​វិបត្តិ​នៃ​ជំងឺ​រាត​ត្បាត​កូវីដ​ ១៩ ត្រូវ​បាន​បញ្ចប់៕