ភ្នំពេញ៖ ទោះបី​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ កំពុង​បង្ក​ផល​ប៉ះពាល់​យ៉ាង​ច្រើន​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ស្ទើរ​គ្រប់​ផ្នែក ក៏​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទី១ ចុះ​បញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា (CSX) នៅ​តែ​រក្សា​បាន​នូវ​កំណើន​ប្រាក់​ចំណេញ​ប្រមាណ​ជិត ៣០ ភាគរយ​ក្នុង​ឆមាស​ទី១ ឆ្នាំ​នេះ ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ ២០២០។

របាយការណ៍​ផ្ញើ​ទៅ CXS កាល​ពី​ថ្ងៃទី ៦ ខែ​សីហា បង្ហាញ​ថា ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២១ ធនាគារ​អេស៊ីលីដា រក​ចំណូល​បាន ២០៩,៧៦៥ លាន​ដុល្លារ កើន​ឡើង ១១,៩ ភាគរយ ពី​ចំនួន ១៨៧,៤៥៦ កាល​ពី​ឆមាស​ទី១ ឆ្នាំ ២០២០។ ដោយ​ឡែក​ប្រាក់​ចំណេញ មាន​ចំនួន​ជាង ៨១,១៩៧ លាន​ដុល្លារ កើនឡើង ២៧,៣៨ ភាគរយ ពី​ចំនួន ៦៣,៧៤៤ លាន​ដុល្លារ។

កាល​ពី​ឆ្នាំ ២០២០ អេស៊ីលីដា រក​ចំណូល​បាន​ជាង ៣៨៧ លាន​ដុល្លារ កើន​ជាង ១០ ភាគរយ បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន​ចំនួន​ជាង ៣៥១ លាន​ដុល្លារ និង​ទទួល​បាន​ប្រាក់​ចំណេញ​ជាង ១៤១ លាន​ដុល្លារ។

ជាមួយ​នឹង​បទពិសោធន៍​ជាង ២៧ ឆ្នាំ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ចាប់​ផ្តើម​ក្នុង​នាម​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយ​កាល​ពី​ឆ្នាំ ១៩៩៣ ជាមួយ​ដើម​ទុន​វិនិយោគ ៦០០ ០០០ ដុល្លារ។ បច្ចុប្បន្ន​ដើម​ទុន​របស់​ធនាគារ​មួយ​នេះ បាន​កើន​ឡើង ៧០០ ដង ខណៈ​ទ្រព្យ​សកម្ម​សរុប​មាន​ចំនួន​ប្រហែល ៦ ពាន់​លាន​ដុល្លារ កើន​ឡើង​ជាង ៩ ០០០ ដង និង​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើន​ឡើង​ជិត ២ ០០០ ដង។ នេះបើ​យោង​តាម​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា៕