ភ្នំពេញៈ ឱកាស​នាំចេញ​ផលិតកម្ម​ដំណាំ​សរីរាង្គ និង​ការចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី​របស់​ប្រជាកសិករ​ខ្មែរ​នឹង​កើនឡើង​បន្ថែមទៀត បន្ទាប់ពី​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​អូស្ត្រាលី Lexmin Pty Ltd Cambodia។ នេះ​បើ​យោងតាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កាលពី​រសៀល​ថ្ងៃទី ៦ ខែសីហា បាន​ចុះ MoU ជាមួយ​ក្រុមហ៊ុន Lexmin Pty Ltd Cambodia ស្តីពី «ការជំរុញ​ផលិតកម្ម​ដំណាំ​តាម​ស្តង់ដា​សរីរាង្គ និង​ការពង្រឹង​សមត្ថភាព​កសិករ​ ដើម្បី​ទទួលបាន​ឱកាស​ការងារ​តាម​កសិដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី»។

ក្នុងពេល​ធ្វើជា​សាក្សី​នៃ​ការចុះ MoU ខាងលើ លោក វេង សាខុន បាន​លើកឡើងថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​ក្រសួងកសិកម្ម តែង​ខិតខំ​ធ្វើ​ដើម្បី​ជួយ​ជំរុញ និង​លើកកម្ពស់​ផលិតភាព​ដំណាំ​ស្តង់ដា​សរីរាង្គ ខណៈ​ផលិតផល​នេះ​កំពុងមាន​និន្នាការ​កើនឡើង​ជា​បន្តបន្ទាប់​ទាំង​បរិមាណ និង​គុណភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ។ លោក​បន្តថា MoU នេះ​នឹង​ជួយ​ធ្វើឱ្យ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម​សរីរាង្គ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ និង​រីកចម្រើន។

លោក​ថ្លែងថា៖ «ប្រាកដ​ណាស់​ថា MoU នេះ​នឹង​ជួយ​បំពេញ​នូវ​អត្ថប្រយោជន៍​ឱ្យ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការកសាង​ភាពជា​ដៃគូ​អភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតកម្ម​ដំណាំ ការកែច្នៃ ប្រកប​ដោយ​ចីរភាព និរន្តរភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួល​អាកាសធាតុ និង​នវានុវត្តន៍ ជាពិសេស​ការអនុវត្ត MOU នេះ​ពិតជា​នឹងចូលរួម​ចំណែក​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ក្នុង​ការជំរុញ​ផលិតភាព និង​ពិពិធកម្ម​ដំណាំ​សរីរាង្គ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង»។

ប្រទេស​កម្ពុជា​បាន​នាំចេញ​កសិផល​សរុប​ជាង ១៣ លាន​តោន​កាលពី​ឆ្នាំ ២០២០ ឬ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង ៣,៤ ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ៕