ភ្នំពេញៈ ទោះបី​ស្ថានភាព​នៃ​ការធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ​នៅតែ​បន្ត​ទទួលរង​ឥទ្ធិពល​អវិជ្ជមាន​ពី​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ ក៏​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​អាមេរិក ​មិនបាន​ធ្លាក់ចុះ​ឡើយ ដោយ​ក្នុង​ឆមាស​ទី១ ឆ្នាំ ២០២១ នេះ​ទំហំ​ទឹកប្រាក់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​មាន​ជាង ៣,៨ ពាន់​លាន​ដុល្លារ កើន​ជាង ៣២ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០។ នេះ​បើតាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក។

ទិន្នន័យ​ចេញផ្សាយ​ក្នុង​ថ្ងៃទី ៧ ខែសីហា ឱ្យដឹងថា ចាប់ពី​ខែមករា-ខែមិថុនា ឆ្នាំ ២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មានតម្លៃ​សរុប ៣ ៨៤០,២ លាន​ដុល្លារ កើនឡើង ៣២,៨ ភាគរយ​ធៀប​នឹង​ឆមាស​ទី ១ ឆ្នាំ ២០២០ ដែលមាន ២ ៨៩១,៧ លាន​ដុល្លារ។ សម្រាប់​ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ក្នុងអំឡុង​ពេលនេះ​មាន​តម្លៃ ៣ ៦៣៧,៦ លាន​ដុល្លារ កើន ៣២,៤ ភាគរយ ចំណែក​ការនាំ​ចូល​ពី​អាមេរិក​មាន​តម្លៃ ២០២,៦ លាន​ដុល្លារ កើនឡើង ៤០,៣ ភាគរយ។

ដោយឡែក​សម្រាប់​ខែមិថុនា ឆ្នាំ ២០២១ ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក​មាន​តម្លៃ ៥០៦,១ លាន​ដុល្លារ​ កើនឡើង ៣០,៣៧ ភាគរយ និង​ការនាំចូល​មានតម្លៃ ២៨,៨ លាន​ដុល្លារ កើន ៤៩,២ ភាគរយ។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា (បណ្ឌិត្យសភា​កម្ពុជា) បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍ ក្នុង​ថ្ងៃទី ៨ ខែសីហា ថា ទោះ​ក្នុងអំឡុង​នៃ​វិបត្តិ​ការឆ្លង​រាលដាល​កូវីដ ១៩ ក៏​ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា អាមេរិក នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន ពិសេស​ការនាំចេញ​របស់​កម្ពុជា​ដែលមាន​ទឹកប្រាក់​រហូតដល់​ជាង ៣,៦ ពាន់​លាន​ដុល្លារ។

លោក​បន្តថា តាមរយៈ​កំណើន​នាំចេញ​នេះ វា​នឹង​ក្លាយជា​កម្លាំងចលករ​ក្នុង​ការស្រូប​ទាញ​អ្នកវិនិយោគ​ថ្មីៗ​បន្ថែមទៀត​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា។

លោក​អះអាងថា៖ «ការឡើង​ព្រម​គ្នា​នៃ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុងអំឡុង​ពេលនេះ អាច​និយាយថា ជា​រឿង​កម្រ ព្រោះ​វិបត្តិ​កូវីដ ១៩ បានធ្វើឱ្យ​ពាណិជ្ជកម្ម​អន្តរជាតិ​ធ្លាក់ចុះ​ស្ទើរ​គ្រប់​គោលដៅ»។

លោក​លើកឡើង​ទៀតថា សម្រាប់​កំណើន​ទឹកប្រាក់​ការនាំចេញ​របស់​កម្ពុជា​អាច​បានទទួល​ឥទ្ធិពល​ពី​តម្រូវ​ការផលិតផល​វាយនភណ្ឌ និង​កង់ រីឯ​ការនាំចូល​របស់​អាមេរិក​អាច​ដោយសារ​កំណើន​នៃ​ការនាំចូល​រថយន្ត ដែល​ត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​បញ្ចុះ​ពន្ធគយ​ចាប់ពី​ដើមខែ​មីនា ឆ្នាំ ២០២១។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​និយាយថា ការចាប់ផ្តើម​ដំណើរការ​ខ្លាំង​ឡើងវិញ​នៃ​សេដ្ឋកិច្ច​អាមេរិក​បាន​ធ្វើឱ្យ​តម្រូវការ​នាំចូល​ផលិតផល​ប្រើប្រាស់​គ្រប់ប្រភេទ​កើន​ជា​លំដាប់ ដោយ​រាប់​ចាប់ពី​ផលិតផល​ប្រើប្រាស់​ប្រចាំថ្ងៃ។ ចំនួន​នៃ​ការបញ្ជាទិញ​ពី​កម្ពុជា​នឹង​កើនឡើង​ខ្លាំង​បន្ថែមទៀត​នៅពេល​ប្រទេស​នេះ​អាច​គ្រប់គ្រង​ជំងឺ​កូវីដ ១៩ បាន​ទាំងស្រុង។ លោក​បន្ថែមថា៖ «អាមេរិក​គឺជា​ទីផ្សារ​ធំ បើ​យើង​អាច​រក្សាបាន​កំណើន​នៃ​ការនាំចេញ វា​នឹង​រួមចំណែក​ច្រើន​ក្នុងការ​ប្រមូល​ចំណូល​មក​អភិវឌ្ឍ​ជាតិ និង​សង្គម»។

ទំហំ​ពាណិជ្ជកម្ម​សរុប​រវាង​ប្រទេស​ទាំង ២ ក្នុង​ឆ្នាំ ២០២០ មានតម្លៃ ៦ ៩២១,៣ លាន​ដុល្លារ ១៧,៨៩ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៩។ នេះ​បើ​យោងតាម​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក៕ LA