ភ្នំពេញៈ បច្ចុប្បន្ន​មាន​ពាក្យបណ្តឹង​ចំនួន ២៧ ត្រូវបាន​វិនិយោគិន​ដាក់​មកកាន់​មជ្ឈមណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ឱ្យជួយ​ដោះស្រាយ​ទាក់ទង​នឹង​វិវាទ​ការធ្វើ​ពាណិជ្ជកម្ម។ នេះ​បើ​យោងតាម​មន្ត្រី​​ជាន់ខ្ពស់​ក្រសួង​ពាណិជ្ជកម្ម។

ក្នុងឱកាស​ចូលរួម​ជា​គណៈអធិបតី​នៃ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី «មជ្ឈត្តការ​ពាណិជ្ជកម្ម​នៅ​កម្ពុជា» ដែល​រៀបចំ​ដោយ​វិទ្យាស្ថាន​បណ្តុះបណ្តាល​ពាណិជ្ជកម្ម និង​ស្រាវជ្រាវ សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​វីដេអូ Zoom កាលពី​ថ្ងៃទី ៥ ខែសីហា លោកស្រី ចម និម្មល រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​លើកឡើង​ថា ស្ថិរភាព​នយោបាយ និង​លក្ខណៈ​អំណោយផល​នៃ​បរិយាកាស​វិនិយោគ​បានធ្វើឱ្យ​សកម្មភាព​ពាណិជ្ជកម្ម និង​ការបណ្តាក់ទុន​នៅ​កម្ពុជា​កើនឡើង​ជា​បន្តបន្ទាប់។ ទន្ទឹមនឹង​ភាពវិជ្ជមាន​ទាំងនេះ បញ្ហា​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម​ក៏បាន​កើនឡើង​ផងដែរ ដោយ​រហូតមក​ដល់ពេលនេះ​មជ្ឈមណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​បានទទួល​រឿងក្តី​ប្រមាណ​ជិត ៣០ ករណី។

លោកស្រី​ថ្លែងថា៖ «កត្តា​សន្តិភាព ស្ថិរភាព​នយោបាយ​នៅក្នុង​ប្រទេស បរិយាកាស​វិនិយោគ​មាន​ភាពទាក់ទាញ និង​លក្ខខណ្ឌ​អំណោយផល​ពី​កត្តា​ខាងក្នុង​និង​ក្រៅ​បាន​ធ្វើឱ្យ​សកម្មភាព​ពាណិជ្ជកម្ម និង​ការវិនិយោគ​កើនឡើង​គួរឱ្យ​កត់សម្គាល់ ចំណែក​វិវាទ​ពាណិជ្ជកម្ម​ក៏​កើនឡើង​ដែរ រហូតមកដល់​ពេលបច្ចុប្បន្ន​មជ្ឈមណ្ឌល​ជាតិ​នៃ​មជ្ឈត្តការ​ផ្នែក​ពាណិជ្ជកម្ម​ទទួលបាន​រឿងក្តី​ចំនួន ២៧ ករណី»។

កាលពី​ថ្ងៃទី ២១ មករា ឆ្នាំ ២០២១ រដ្ឋមន្ដ្រី​ក្រសួងយុត្តិធម៌​បាន​ចុះ​ហត្ថលេខា​លើ​ការបង្កើត​គណៈកម្មាធិការ​រៀបចំ​តុលាការ​ពាណិជ្ជកម្ម និង​នៅ​ថ្ងៃទី ២៤ ខែមិថុនា ភាគី​ពាក់ព័ន្ធ និង​សភាពាណិជ្ជកម្ម​កម្ពុជា​បានរៀបចំ​ការពិគ្រោះ​យោបល់​ ដើម្បី​បង្កើនល្បឿន​ការបង្កើត​តុលាការ​ពាណិជ្ជកម្ម​នេះ។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ខែមិថុនា​ថា ក្រសួង​យុត្តិធម៌​កំពុង​រៀបចំ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​នៅ ៣ ទីតាំង ដែល​នឹងត្រូវ​បង្កើតឡើង​ដំបូង​នៅ​ទីក្រុង​ភ្នំពេញ សៀមរាប និង​ខេត្ត​ព្រះសីហនុ។

លោក​ថ្លែងថា៖ «យើង​រំពឹងថា​តុលាការ​ពាណិជ្ជកម្ម​នឹង​ត្រូវ​បង្កើតឡើង​ត្រឹម​ចុង​ឆ្នាំនេះ ឬ​ដើម​ឆ្នាំក្រោយ។ តុលាការ​នេះ​នឹង​ដើរតួនាទី​ដ៏សំខាន់​ក្នុង​ការបង្កើន​ភាពជឿជាក់ និង​ទំនុកចិត្ត​ក្នុងចំណោម​ពាណិជ្ជករ និង​វិនិយោគិន​នៅពេល​យើង​មាន​តុលាការ​នេះ​ក្នុងស្រុក»។

ជាមួយ​គ្នានេះ​លោកស្រី ចម និម្មល ក៏បាន​រំឭក​ដែរ​ថា ឆ្នាំ ២០០៤ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ​ដែល​កម្ពុជា​បាន​ក្លាយជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បន្ទាប់ពី​ការចរចា​ដែល​ចំណាយពេល​ជិត ១ ទសវត្សរ៍។ ការ​ក្លាយជា​សមាជិក​ពេញសិទ្ធិ WTO ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​សិទ្ធិ និង​ឱកាស​ជាច្រើន​ក្នុងការ​ទាក់ទាញ​វិនិយោគិន​បរទេស​ឱ្យ​ចូលមក​បណ្តាក់ទុន។ ប៉ុន្តែ​ទន្ទឹមនឹង​កំណើន​ពាណិជ្ជកម្ម​អន្តរជាតិ ឬ​លំហូរ​វិនិយោគ​នេះ​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​ក៏មាន​កាន់តែច្រើន​ផងដែរ។

លោកស្រី​លើកឡើងថា បើសិន​ធៀប​ទិន្នន័យ​នៃ​ការបង្កើត​ក្រុមហ៊ុន​ថ្មី​នៅ​ឆ្នាំ ២០០៧ មាន​ត្រឹមតែ ២ ៥៣៥ ក្រុមហ៊ុន​ប៉ុណ្ណោះ ប៉ុន្តែ​ក្នុង​ឆ្នាំ ២០១៩ ការចុះបញ្ជី​ក្រុមហ៊ុន​ថ្មី​មាន​រហូត ១៦ ២០៨ ក្រុមហ៊ុន។ ការកើនឡើង​ក្រុមហ៊ុន​ចុះបញ្ជី​ថ្មី​នេះ​បង្ហាញ​ពី​ភាពរីកចម្រើន​នៃ​សេដ្ឋកិច្ច​កម្ពុជា៕ LA