ភ្នំពេញៈ ការនាំ​ផលិតផល​សរីរាង្គ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អូស្ត្រាលី​នឹង​អាចមាន​សម្ទុះ​កាន់តែខ្លាំង បន្ទាប់ពី​អគ្គនាយកដ្ឋាន​កសិកម្ម​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់ (MoU) ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​អូស្ត្រាលី​ Lexmin Pty Ltd Cambodia។ នេះ​បើ​យោងតាម​លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។

អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម កាលពី​ថ្ងៃទី ៦ ខែសីហា បាន​ចុះ MoU ជាមួយ​ក្រុមហ៊ុន Lexmin Pty Ltd Cambodia ស្តីពី «ការជំរុញ​ផលិតកម្ម​ដំណាំ​តាម​ស្តង់ដា​សរីរាង្គ និង​ការពង្រឹង​សមត្ថភាព​កសិករ​ ដើម្បី​ទទួលបាន​ឱកាស​ការងារ​តាម​កសិដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី»។

ក្នុងពេល​ធ្វើជា​សាក្សី​នៃ​ការចុះ MoU ខាងលើ​លោក វេង សាខុន បាន​លើកឡើង​ថា នេះ​ជា​សមិទ្ធផល​ថ្មី​មួយទៀត​ដែល​ក្រសួងកសិកម្ម តែង​ខិតខំ​ធ្វើ​ដើម្បី​ជួយ​ជំរុញ និង​លើកកម្ពស់​ផលិតភាព​ដំណាំ​ស្តង់ដា​សរីរាង្គ ខណៈ​ផលិតផល​នេះ​កំពុងមាន​និន្នាការ​កើនឡើង​ជា​បន្តបន្ទាប់​ទាំង​បរិមាណ និង​គុណភាព​សម្រាប់​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ។ លោក​បន្តថា MoU នេះ​នឹង​ជួយ​ឱ្យ​ការអភិវឌ្ឍ​វិស័យ​កសិកម្មសរីរាង្គ​កម្ពុជា​កាន់តែ​មាន​ភាពរឹងមាំ និង​រីកចម្រើន។

លោក​ថ្លែងថា៖ «ប្រាកដ​ណាស់ MoU នេះ​នឹង​ជួយ​បំពេញ​នូវ​អត្ថប្រយោជន៍​ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុង​ការកសាង​ភាពជា​ដៃគូ​អភិវឌ្ឍន៍​ខ្សែចង្វាក់​តម្លៃ​ផលិតកម្ម​ដំណាំ ការកែច្នៃ ប្រកបដោយ​ចីរភាព និរន្តរភាព បរិយាប័ន្ន ការប្រកួតប្រជែង ការប្រែប្រួល​អាកាសធាតុ និង​នវានុវត្តន៍ ជាពិសេស​ការអនុវត្ត MOU នេះ​ពិតជា​នឹង​រួមចំណែក​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រសួង​ក្នុង​ការជំរុញ​ផលិតភាព និង​ពិពិធកម្ម​ដំណាំ​សរីរាង្គ​ឱ្យ​កាន់តែ​ល្អប្រសើរ​ឡើង»។

លោក​បន្ថែមថា MOU នេះ​នឹងចូលរួម​លើកកម្ពស់​ខ្សែចង្វាក់​ផលិតកម្ម​កសិកម្ម ការកែច្នៃ តម្លៃបន្ថែម និង​ទីផ្សារ​ក្នុង និង​ក្រៅប្រទេស បង្កើត​ឱកាស​ការងារ បង្កើន​សមត្ថភាព​បច្ចេកទេស​ដល់​កសិករ បង្កើន​ប្រាក់ចំណូល និង​ស្របតាម​អភិក្រម «រដ្ឋ-ឯកជន-ដៃគូ​អភិវឌ្ឍន៍-សហគមន៍​កសិកម្ម» ផងដែរ។

ជាមួយ​គ្នា​នេះ លោក​ក៏​លើកឡើង​ដែរ​ថា ដើម្បីឱ្យ MOU កាន់តែ​មាន​ប្រសិទ្ធភាព ក្រុមហ៊ុន​គួរតែ​ស្វែងរក​ជំនួយ​ហិរញ្ញវត្ថុ​បន្ថែម​ពី​រដ្ឋាភិបាល​អូស្ត្រាលី សម្រាប់​យកមក​ពង្រីក​វិសាលភាព​នៃ​ផលិតកម្ម​របស់ខ្លួន​ឱ្យអស់​លទ្ធភាព​ ដើម្បី​ជំរុញ និង​លើកកម្ពស់​ផលិតកម្ម​ដំណាំ​សរីរាង្គ​នៅ​កម្ពុជា និង​ធ្វើការ​នាំចេញ។

សម្រាប់​ផែនការ​នាំ​កសិករ​ខ្មែរ​ទៅធ្វើការ​នៅ​ប្រទេស​អូស្ត្រាលី លោក សាខុន បាន​និយាយថា សូម​ក្រុមហ៊ុន​ខិតខំ​ឱ្យ​អស់ពី​លទ្ធភាព​ក្នុង​ការពុះពារ​នាំយក​ពលករ​ខ្មែរ​ទៅ​បម្រើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​ក្នុងប្រទេស​អូស្ត្រាលី​ត្រឹមត្រូវ ស្របច្បាប់ ដើម្បី​ទទួលបាន​មេរៀន និង​បទពិសោធ​ល្អ​យកមក​អភិវឌ្ឍ​កម្ពុជា​ឱ្យមាន​ភាពរីកចម្រើន ហើយ​ក្នុងករណីនេះ​ក្រសួង​នឹង​រង់ចាំ​ផ្តល់​កិច្ចសហការ​គ្រប់បែបយ៉ាង។

កម្ពុជា​បាន​នាំចេញ​កសិផល​សរុប​ជាង ១៣ លាន​តោន​កាលពី​ឆ្នាំ ២០២០ ឬ​ស្មើនឹង​ជាង ៣,៤ ពាន់​លាន​ដុល្លារ។ នេះ​បើតាម​ក្រសួង​កសិកម្ម៕ LA