ភ្នំពេញៈ លក្ខខណ្ឌ​នៃ​ការតម្រូវ​ឱ្យធ្វើ​ចតា្តឡីស័ក​សម្រាប់​និវាសនជន ម្ចាស់​អាជីវកម្ម និយោជិក និង​វិនិយោគិន គឺជា​បញ្ហា​ដ៏សំខាន់​ដែល​វិស័យ​ឯកជន ស្នើឱ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​ក្នុងអំឡុង​ពេលវេលា​ដ៏ពិបាក​នៃ​វិបត្តិ​សុខភាព ដើម្បី​រក្សាបាន​និរន្តរភាព​នៃ​អាជីវកម្ម​របស់​ពួកគេ​។

កាលពី​ថ្ងៃទី​ ៣ ខែសីហា ឆ្នាំ​ ២០២១ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែលជា​សហប្រធាន​ក្រុមការងារ​ «​ឃ​» តំណាង​ផ្នែក​រដ្ឋាភិបាល លោក គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា និង​លោក Arnaud DARC សហប្រធាន​ក្រុមការងារ «​ឃ​» តំណាង​ផ្នែក​ឯកជន និង​ជា​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ​របស់​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​ប្រចាំ​នៅ​កម្ពុជា​ (IBC) បាន​ជួបប្រជុំ​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​។

កិច្ចប្រជុំ​នេះ​បាន​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​លក្ខខណ្ឌ​តម្រូវ​ធ្វើ​ចត្តាឡីស័ក​សម្រាប់​និវាសនជន ម្ចាស់​អាជីវកម្ម និយោជិក និង​វិនិយោគិន ដោយ​វិស័យ​ឯកជន ចង់​បាន​ការកែតម្រូវ​ដំណោះស្រាយ​នាពេលនេះ​។ ទោះបីយ៉ាងណា រដ្ឋាភិបាល​បាន​ជូនដំណឹង​ថា នាពេល​បច្ចុប្បន្ន គឺ​មិន​មាន​ការផ្លាស់ប្តូរ​ណាមួយ​ចំពោះ​គោលនយោបាយ​នោះទេ ប៉ុន្តែ​រដ្ឋាភិបាល​នឹង​ធ្វើការ​តាមដាន និង​ពិនិត្យឡើងវិញ​លើ​បញ្ហា​ដែល​ស្នើ​នេះ​ក្នុងពេល​ឆាប់ៗ ជាពិសេស​បន្ទាប់ពី​កម្មវិធី​ចាក់​វ៉ាក់សាំង​ត្រូវបាន​បញ្ចប់​។

«​ភាគី​ទាំង​ ២ បានបង្ហាញ​ការពេញចិត្ត​របស់​ពួកគេ​សម្រាប់​ការបើកចំហ​ការសន្ទនា និង​ព្យាយាម​ស្វែងរក​ដំណោះ​ស្រាយ​ពី​ក្តីបារម្ភ​របស់​វិស័យ​ឯកជន​»​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​ពី AmCham​។

លោក Anthony Galliano ប្រធាន AmCham ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បាន​លើកឡើងថា វា​ជា​ការលើក​ទឹកចិត្ត​យ៉ាងខ្លាំង​ដែល​វិស័យ​ឯកជន និង​វិស័យ​សាធារណៈ ជួបគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​សំខាន់បំផុត​ដែល​ប៉ះពាល់​ដល់​កម្ពុជា ដូចជា ការចាក់​វ៉ាក់សាំង ការធ្វើ​ចត្តាឡីស័ក សេដ្ឋកិច្ច ទេសចរណ៍ បដិសណ្ឋារកិច្ច សុខភាព និង​សុវត្ថិភាព និង​ការបើក​ដំណើរការ​ជាថ្មី​។

ទាក់ទង​ការបារម្ភ​ទាំងនេះ​លោក​ អូន ព័ន្ធមុនីរ័ត្ន បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​របស់​រាជរដ្ឋាភិបាល អនុគណៈកម្មាធិការ​គ្រប់គ្រង​ច្រកចេញ-ចូល​ប្រទេស និង​ការធ្វើ​ចតា្តឡីស័ក បន្ត​ខិតខំ​សហការ​ឱ្យ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ផ្នែក​ឯកជន ដោយ​យកចិត្ត​ទុកដាក់​តាមដាន​រាល់​បញ្ហា​របស់​ផ្នែក​ឯកជន​ឱ្យបាន​ជាប់​ជាប្រចាំ និង​ដោះស្រាយ​តាម​ករណី​ជាក់ស្តែង ពិសេស​ពាក់ព័ន្ធ​នឹង​រយៈពេល​ការធ្វើ​ចត្តាឡីស័ក ការកំណត់​សណ្ឋាគារ​សម្រាប់​ស្នាក់នៅ​ក្នុងអំឡុង​ពេលធ្វើ​ចត្តាឡីស័ក ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​អ្នកវិនិយោគ ប៉ុន្តែ​ជាមួយគ្នានេះ​ត្រូវតែ​រក្សា​ឱ្យបាន​ការទប់ស្កាត់​ការនាំ​ជំងឺ​កូវីដ​ ១៩ ចូលក្នុង​សហគមន៍​។

លោក​រដ្ឋមន្ដ្រី​ត្រូវបាន​ដកស្រង់​សម្ដី​ថា​៖ «​កិច្ចការ​ទាំងនេះ គឺជា​អាទិភាព​ដែល​រួមចំណែក​ធានាបាន​បរិយាកាស​ល្អប្រសើរ​សម្រាប់​វិស័យ​ឯកជន នៅក្នុង​ការស្ដារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ក្រោយ​វិបត្តិ​កូវីដ​ ១៩»​។

កម្ពុជា​បាន​ទម្លាក់​ចំណាត់ថ្នាក់​ការព្យាករ​សេដ្ឋកិច្ច​ខ្លួន​សម្រាប់​ឆ្នាំ​ ២០២១ មក​នៅត្រឹម ២,៥ ​ភាគរយ​ពី​ការព្យាករ​លើក​មុន ៤,១ ​ភាគរយ​ (​ប្រកាស​កាលពី​ដើម​ឆ្នាំនេះ​) ​ដោយសារ​ស្ថានការណ៍​ជំងឺ​កូវីដ​ ១៩ កាន់តែ​ធ្ងន់ធ្ងរ​។ នេះ​បើ​យោងតាម​លោកនាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី ​១ ខែសីហា​។

លោក​ឱ្យដឹងថា ការទម្លាក់​ចំណាត់ថ្នាក់​នេះ ឆ្លុះបញ្ចាំង​ផលប៉ះពាល់​ដោយសារតែ​ការរីករាលដាល​ជំងឺ​នេះ លើ​វិស័យសេដ្ឋកិច្ច​សំខាន់ៗ​របស់​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា និង​ការរំខាន​ខ្សែចង្វាក់​ផលិតកម្ម​ជា​បន្ត​។

ក្រសួង​សុខាភិបាល​បាន​ប្រកាសថា ចំនួន​អ្នកស្លាប់​របស់​អ្នកជំងឺ​វីរុស​វ៉ារ្យ៉ង់ Delta ចំនួន ៥៨ ​នាក់​ ត្រូវ​បាន​បញ្ជាក់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា កាលពី​ថ្ងៃទី​ ៧ ខែសីហា ដែល​ធ្វើឱ្យ​អ្នកស្លាប់​សរុប​កើនឡើង​ដល់​ចំនួន ៣៨៥ ​នាក់​៕ LA