ភ្នំពេញៈ សមាគម​ធនាគារ​នៅ​កម្ពុជា សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា បាន​ចុះ​កិច្ចព្រមព្រៀង​លើកកម្ពស់​បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​លើកកម្ពស់​ការយល់ដឹង​លើ​ការទទួលបាន​ហិរញ្ញប្បទាន​របស់​សហគ្រិន​ជា​ស្ត្រី​។

កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​ ៦ ខែសីហា ឆ្នាំ​ ២០២១ នៅក្នុង​គោលបំណង​ចូលរួមចំណែក​គាំទ្រ​ដល់​ផែនការ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ឆ្លើយតប​ទៅនឹង​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​បរិយាប័ន្ន​ហិរញ្ញវត្ថុ​ឆ្នាំ​ ២០១៩-២០២៥ ក្នុងការ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​អេកូឡូស៊ី​ហិរញ្ញវត្ថុ លើក​កម្ពស់​ផលិតផល​ឥណទាន​ប្រកប​ដោយ​នវានុវត្តន៍ តាមរយៈ​ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​គ្នា​ទៅវិញទៅមក​ទាក់ទង​នឹង​ការបណ្តុះបណ្តាល ការរៀបចំ​ព្រឹត្តិការណ៍ និង​ការរៀបចំ​សិក្ខាសាលា​រួមគ្នា​ដើម្បី​លើកកម្ពស់​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ និង​បរិយាប័ន្ន​ហិរញ្ញវត្ថុ ក្នុងចំណោម​សហគ្រិន​ស្ត្រី និង​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​។

ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា បាន​និយាយថា កិច្ចព្រមព្រៀង​នេះ​នឹង​បង្ហាញ​ពី​សក្ខីភាព​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​រវាង​សមាគម​ទាំង​ ៣ នៅក្នុង​ការលើកកម្ពស់ និង​បញ្ជ្រាប​ការយល់ដឹង​ផ្នែក​ហិរញ្ញវត្ថុ​ទៅវិញទៅមក​។

លោក​បន្តថា ភាគី​ទាំង​ ៣ ក៏​នឹង​សហការ​គ្នា​លើ​ការបណ្តុះបណ្តាល អភិវឌ្ឍ​ទៅគ្រប់​ទិដ្ឋភាព​នៃ​វិស័យ​ធនាគារ​ជូន​ដល់​សមាជិក​ដែលជា​សហគ្រិន​ស្ត្រី ព្រមទាំង​លើកកម្ពស់​ការយល់ដឹង​ជា​សាធារណៈ​ទៅលើ​ផ្នែក​ចំណេះដឹង​ហិរញ្ញវត្ថុ និង​ផលិតផល​ធនាគារ និង​ហិរញ្ញវត្ថុ ព្រមទាំង​លើកកម្ពស់​ពី​ការយល់ដឹង​លើ​ការទទួល​បាន​ហិរញ្ញប្បទាន​របស់​សហគ្រិន​ស្ត្រី និង​សហគ្រាស​ធុន​តូច និង​មធ្យម​ពី​គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​។

លោក​ថ្លែងថា​៖ «​ក្រោម​កិច្ចសហប្រតិបត្តិការ​នេះ សមាគម​ទាំង​ ៣ នឹង​ចូលរួម​ផ្សព្វផ្សាយ និង​ការលើកកម្ពស់​សមភាព​យេនឌ័រ​, ហិរញ្ញប្បទាន​បៃតង​, ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព និង​ការទទួល​ខុសត្រូវ​សង្គម តាមរយៈ​ការលើកកម្ពស់​ការយល់ដឹង ចំណេះដឹង​ហិរញ្ញវត្ថុ បច្ចេកវិទ្យា និង​សហគ្រិនភាព​»​។

ជាមួយ​គ្នា​នេះ លោក សុខ វឿន ប្រធាន​ក្រុមប្រឹក្សាភិបាល​ស្តីទី​នៃ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​លើកឡើងថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ក្លាយជា​ចលករ​ជំរុញ​បន្ថែម​ដល់​ការអភិវឌ្ឍ​អាជីវកម្ម​ដែល​គ្រប់គ្រង​ដោយ​សហគ្រិន​ជា​ស្ត្រី ដើម្បី​ចូលរួម​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ​។

លោក​ប្រាប់ថា​៖ «​ភាគច្រើន​លើសលប់​នៃ​អតិថិជន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ គឺជា​ស្ត្រី ដែល​ស្ត្រី​ដើរតួនាទី​សំខាន់​ក្នុង​ការជំរុញ​កំណើន​សេដ្ឋកិច្ច ទាំង​នៅ​ទីក្រុង និង​ជនបទ​»​។

ប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា លោកស្រី កែវ មុំ បាន​និយាយថា កិច្ចសហប្រតិបត្តិការ​នេះ​នឹង​ជួយ​ពង្រឹង​សមត្ថភាព​សហគ្រិន​ស្ត្រី ដើម្បី​ពង្រីក​អាជីវកម្ម​កាន់តែ​ធំ​ជាង​មុន​។ លោកស្រី​បន្តថា ចំណេះដឹង​ស្ត្រី​មួយចំនួន​នៅមានកម្រិត ពិសេស​ទាក់ទង​នឹង​ការធ្វើ​បញ្ជី​គណនេយ្យ​មួយ​ដែលមាន​ភាពជាក់លាក់ ត្រឹមត្រូវ និង​បញ្ហា​ផ្សេងៗ​ទៀត ដែល​កត្តា​ទាំងនេះ​ធ្វើឱ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ពិបាក​ផ្តល់​កម្ចី​ទៅតាម​តម្រូវការ​របស់​សហគ្រិន​ជា​ស្ត្រី​៕ LA