ភ្នំពេញៈ ស្ថានការណ៍​នៃ​ការអូស​បន្លាយពេល​ឆ្លង​រាលដាល​ជំងឺ​កូវីដ ១៩ ពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ បានធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​កម្ពុជា​នៅក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ មាន​ប្រមាណ​ជាង ១០ ​ម៉ឺន​នាក់ ធ្លាក់ចុះ​យ៉ាងគំហុក​បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ​ ២០២០​។

របាយការណ៍​ប្រចាំឆមាស​ទី​១ ឆ្នាំ​ ២០២១ របស់​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) បង្ហាញថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស ១០,៨ ​ម៉ឺន​នាក់ ធ្លាក់ចុះ ៩០,៨ ​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​ ២០២០ ដែលមាន​ចំនួន ១,១៨ ​លាន​នាក់​។ ក្នុងនោះ​ភ្ញៀវ​ជនជាតិ​ចិន​ដែលមាន ២៧៥ ៦៧១ ​នាក់ (​ច្រើនជាងគេ​) ​កាលពី​ឆមាស​ទី​១ ឆ្នាំមុន បាន​ធ្លាក់ចុះ ៨៧,៨ ​ភាគរយ​។

យោងតាម NBC ភាពមិន​ច្បាស់លាស់​នៃ​សេដ្ឋកិច្ច​ពិភពលោក និង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ជាពិសេស​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​ ​ដែលនាំឱ្យ​មានការ​បិទខ្ទប់​តំបន់​មួយចំនួន បាន​ប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច និង​ទស្សនវិស័យ​កំណើន​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២១ ពិសេស​វិស័យ​ទេសចរណ៍​ដែល​ត្រូវការ​រយៈពេល​យូរ​សម្រាប់​ការងើប​ឡើងវិញ​។

ក្នុង​គោលបំណង​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​កម្រើក​ឡើងវិញ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​កាលពីដើម​ខែមេសា ឆ្នាំ​ ២០២១ ​បាន​ស្នើសុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ពិចារណា​ពី​ការបើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​ ១៩ រួចហើយ ដោយ​អនុញ្ញាតឱ្យ​ពួកគេ​ចូល​ទស្សនា​គោលដៅ​ទេសចរណ៍​សៀមរាប-អង្គរ ចាប់ពី​ត្រីមាស​ទី​ ៤ ឆ្នាំនេះ​តទៅ​។

បើតាម​លោក ថោង ខុន បច្ចុប្បន្ន​ក្រសួងទេសចរណ៍​កំពុង​ពិភាក្សា​ជាមួយ​ក្រសួង​សុខាភិបាល ក្រសួង​​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន​ដើម្បី​សិក្សា​លម្អិត​ពី​កិច្ចការ​ទាំងនេះ​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៩ ខែសីហា​ថា ក្តីបារម្ភ​ពី​សុវត្ថិភាព​សុខភាព​ផ្ទាល់ខ្លួន និង​វិធានការ​រឹតបន្តឹង​ការធ្វើដំណើរ​ឆ្លង​ប្រទេស​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូវីដ​ ១៩ បានធ្វើឱ្យ​ចំនួន​ជនបរទេស​ធ្វើដំណើរ​ពី​ប្រទេស​មួយ​ទៅ​ប្រទេសមួយ​ធ្លាក់ចុះ​យ៉ាងគំហុក​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក គឺ​មិនមែន​មានតែ​កម្ពុជា​ទេ​។

ទោះយ៉ាងណា លោក​មាន​សុទិដ្ឋិនិយម​ថា ចំនួន​ភ្ញៀវទេសចរ​បរទេស​ធ្វើដំណើរ​មក​ប្រទេស​កម្ពុជា នឹង​ចាប់ផ្តើម​បង្ហាញ​សញ្ញា​វិជ្ជមាន​ជា​បណ្តើរៗ​ចាប់ពី​ត្រីមាស​ទី​៤ ឆ្នាំ​ ២០២១ នេះ​តទៅ ខណៈ​បច្ចុប្បន្ន​រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ជា​បន្តបន្ទាប់ ដើម្បី​ធ្វើឱ្យ​សេដ្ឋកិច្ចជាតិ​មានដំណើរ​ការល្អ​ឡើងវិញ ក្នុង​នោះ​ក៏មាន​វិស័យ​ទេសចរណ៍​ផងដែរ​។

លោក​លើកឡើងថា ម្យ៉ាងទៀត​ការរកឃើញ​វិជ្ជមាន​វីរុស​កូរ៉ូណា​នៅពេល​នេះ ក៏មាន​ភាគ​ច្រើនតែ​ចំពោះ​ក្រុម​កម្មករ​ពី​ប្រទេសជិតខាង ដោយ​មិនមាន​ច្រើន​សម្រាប់​វិនិយោគិន ឬ​ភ្ញៀវទេសចរ​ពី​ក្រៅប្រទេស​នោះឡើយ​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​ជឿថា រដ្ឋាភិបាល​កម្ពុជា​នឹងមាន​ទឡ្ហីករ​ច្បាស់លាស់​ក្នុងការ​ធ្វើឱ្យ​វិស័យ​ទេសចរណ៍​កម្ពុជា​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​នៅ​ត្រីមាស​ទី​៤ ខាងមុខ តាមរយៈ​ការបង្កើន​ល្បឿន​ចាក់​វ៉ាក់សាំង​ដល់​ប្រជាជន​ចាប់ពី​អាយុ​ ១២ ​ឆ្នាំ​ឡើងទៅ ខណៈ​ចំនួន​នៃ​ការឆ្លង​ក្នុងប្រទេស​ក៏​កំពុងមាន​និន្នាការ​ធ្លាក់ចុះ​ផងដែរ​»​។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បាន​ប្រាប់ថា អ្នកស្រី​ពិតជា​ចង់ឱ្យ​វិស័យនេះ​មានជីវិត​ឡើងវិញ​ណាស់ ព្រោះ​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកហើយ​ដែល​វិស័យនេះ​ត្រូវ​ជាប់គាំង​ស្ទើរ​ទាំងស្រុង​។ ការបើក​ឱ្យមាន​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ វា​មិន​ត្រឹមតែ​ធ្វើឱ្យ​អ្នក​នៅក្នុង​វិស័យនេះ​ទទួល​បាន​ចំណូល និង​ការងារ​ឡើងវិញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការបញ្ជាក់​ពី​ភាពជោគជ័យ​របស់​កម្ពុជា​ក្នុង​ការគ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​មាន​ល្អ​ផងដែរ​។ អ្នកស្រី​អះអាង​ថា​៖ «​យើង​ពិតជា​ចង់ឱ្យ​វិស័យនេះ​មានដំណើរ​ការឡើង​វិញ​»​។

បើតាម​លោកស្រី ស៊ីវលីន វិស័យ​ទេសចរណ៍​កម្ពុជា​នឹង​ងើប​ឡើងវិញ​ក្នុង​ទម្រង់​ជា​អក្សរ U គឺ​មិនអាច​ស្ទុះឡើង​លឿន​នោះទេ​។

ទិន្នន័យ​ក្រសួងទេសចរណ៍​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​ទទួលបាន​ភ្ញៀវ​បរទេស​សរុប ១ ៣០៦ ១៤៣ នាក់​ធ្លាក់ចុះ ៨០,២ ភាគរយ​បើ​ធៀប​ទៅនឹង​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៦ ៦១០ ៥៩២ នាក់​៕ LA