The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ្រាប់ស្វាយចន្ទី​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ខណៈ​ការនាំចេញ​នៅក្នុង​ឆមាស​ទី​១ មាន​កំណើន​រហូតដល់​ជាង ៣០០%




គ្រាប់ស្វាយចន្ទី​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ខណៈ​ការនាំចេញ​នៅក្នុង​ឆមាស​ទី​១ មាន​កំណើន​រហូតដល់​ជាង ៣០០%

Content image - Phnom Penh Post
ប្រជាកសិករ​បង្ហាញ​គ្រាប់ស្វាយចន្ទី​ ដែល​ទើប​ប្រមូល​ផល​បាន​នៅ​ខេត្តកំពង់ធំ នាពេល​កន្លងមក​។ ហុង មិនា

គ្រាប់ស្វាយចន្ទី​កំពុង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ ខណៈ​ការនាំចេញ​នៅក្នុង​ឆមាស​ទី​១ មាន​កំណើន​រហូតដល់​ជាង ៣០០%

ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​គ្រាប់​ស្វាយចន្ទី​ចំនួន​ជាង ៨៦ ​ម៉ឺន​តោន​ ក្នុង​រយៈពេល​ ៧ ​ខែ ដើមឆ្នាំ​ ២០២១ កើន​ជាង ៣០០ ​ភាគរយ ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ប្រទេស​វៀតណាម គឺជា​ទីផ្សារ​ចម្បង​ជាងគេ​សម្រាប់​គ្រាប់​ស្វាយចន្ទី​របស់​កម្ពុជា​។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​ដឹងថា ក្នុង​រយៈពេល ៧ ​ខែ​ដើម​ឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​គ្រាប់ស្វាយចន្ទី​ចំនួន ៨៦៦ ២០៧,៧៧ ​តោន កើនឡើង​ ៣៤៥,២៩ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

របាយការណ៍​ខាងលើ​ឱ្យដឹង​ទៀតថា ក្នុងនោះ​ការនាំ​ទៅ​វៀតណាម​មាន​ចំនួន ៨៥៩ ២៩០ ​តោន​, ប្រទេស​ចិន ៣ ៦៣៩,៥ ​តោន ប្រទេស​ថៃ ៣ ១៩៩,៤០ ​តោន​, ជប៉ុន​ចំនួន ៣៤,៤៣ ​តោន​, ឥណ្ឌា ១៧ ​តោន​, អារ៉ាប់ ១៤,៥១ ​តោន​, បង់ក្លាដែស ៧ ​តោន​, កូរ៉េ ៣,៩១ ​តោន​, និង​ឡាវ ២ ​តោន​។

អ្នកស្រី អ៊ិន ឡៃហួត ម្ចាស់​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យសំបូរ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គ្រាប់ស្វាយចន្ទី​កម្ពុជា​កំពុងមាន​តម្រូវការ​ខ្ពស់​នៅលើ​ទីផ្សារ​អន្តរជាតិ​។ ជាក់ស្តែង​សិប្បកម្ម​របស់​អ្នកស្រី​បាន​ផ្គត់ផ្គង់​គ្រាប់ស្វាយចន្ទី​ឱ្យ​ក្រុមហ៊ុន Top Planning Japan Co., Ltd ចន្លោះ ៨៩ ​តោន​ជា​រៀងរាល់ខែ​ ដើម្បី​ចែកចាយ​នៅក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន​។

អ្នកស្រី​ប្រាប់ថា​៖ «​គ្រាប់ស្វាយចន្ទី​សហគមន៍​ខ្ញុំ​កំពុងមាន​ទីផ្សារ​ល្អ​។ យើង​ផលិត​ផ្គត់ផ្គង់​ឱ្យ​ក្រុមហ៊ុន​នៅ​ជប៉ុន​ជា​រៀងរាល់ខែ​នូវ​ផលិតផល​គ្រាប់ស្វាយចន្ទី​គ្រប់​ប្រភេទ​ដែលមាន​នៅក្នុង​រោងចក្រ​របស់​យើង​»​។

បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​រៀបចំ​សេចក្តី​ព្រាង​គោលនយោបាយ​ជាតិ​ស្វាយចន្ទី​នៅក្នុង​គោលបំណង ​ដើម្បី​ពង្រឹងសមត្ថភាព​ដាំដុះ កែច្នៃ និង​នាំចេញ​ផលិតផល​ស្វាយចន្ទី​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​។

លោក រាជ រ៉ា រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​អនុប្រធាន​ក្រុមការងារ​ចម្រុះ​រៀបចំ​គោលនយោបាយ​ស្វាយចន្ទី​កម្ពុជា បានលើកឡើង​កាលពី​ខែមិថុនា​ថា ស្វាយចន្ទី គឺជា​ទំនិញ​មាន​សក្តានុពល​ដែល​កម្ពុជា​មាន​ទាំង​ការដាំដុះ និង​ការផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក និង​នាំចេញ​។

លោក​ថ្លែងថា​៖ «​គោលបំណង​នៃ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ គឺ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេស​ផលិត និង​ផ្គត់ផ្គង់​ផលិតផល​ស្វាយចន្ទី​ដ៏សំខាន់​សម្រាប់​បម្រើ​ទីផ្សារ​ក្នុងស្រុក និង​ពិភពលោក​»​។

របាយការណ៍​ក្រសួងកសិកម្ម​ឱ្យ​ដឹងថា ក្នុង​ឆ្នាំ​ ២០២០ កម្ពុជា​នាំចេញ​គ្រាប់ស្វាយចន្ទី​ចំនួន ២១៨ ៩៨១ តោន​កើនឡើង ៨,២៤ ភាគរយ​ពី​ចំនួន ២០២ ៣១៨ តោន​ក្នុង​ឆ្នាំ​ ២០១៩​។ កម្ពុជា​មាន​ផ្ទៃដី​ចម្ការ​ស្វាយចន្ទី​ជាង ៥០ ម៉ឺន​ហិកតា​ដោយ​ ១ ​ហិកតា ​អាច​ផ្តល់​ផល​មធ្យម ១,៥ តោន ​ក្នុង ១ ​ឆ្នាំ​៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍