The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ការពង្រាយ​អង់តែន​ទូរស័ព្ទ​នៅ​ប្រទេស​កម្ពុជា​​នឹងត្រូវ​បញ្ចប់​នៅត្រឹម​ឆ្នាំ​ ២០២៧




ការពង្រាយ​អង់តែន​ទូរស័ព្ទ​នៅ​ប្រទេស​កម្ពុជា​​នឹងត្រូវ​បញ្ចប់​នៅត្រឹម​ឆ្នាំ​ ២០២៧

Content image - Phnom Penh Post
អង់តែន​ទូរស័ព្ទ​ត្រូវបានតម្លើងនៅស្រុកកោះកុង ខេត្តកោះកុង នាពេលកន្លងទៅ។ រូបថត រដ្ឋបាលខេត្ត

ការពង្រាយ​អង់តែន​ទូរស័ព្ទ​នៅ​ប្រទេស​កម្ពុជា​​នឹងត្រូវ​បញ្ចប់​នៅត្រឹម​ឆ្នាំ​ ២០២៧

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់ដេត បាន​អះអាងថា ក្រសួង​កំពុង​ជំរុញ​ការពង្រាយ​អង់តែន​ទូរស័ព្ទ​នៅ​ទូទាំង​ផ្ទៃប្រទេស​ឱ្យបាន​បញ្ចប់​នៅ​ឆ្នាំ​ ២០២៧ ​ខាងមុខ ខណៈ​ការកើនឡើង​នៃ​ការប្រើប្រាស់​សេវា​អ៊ីនធឺណិត​ជា​លក្ខណៈ​គ្រួសារ និង​អាជីវកម្ម នៅក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​ការផ្គត់ផ្គង់​សេវា​អ៊ីនធឺណិត​ហាក់​មាន​ភាពរអាក់រអួល​។

ការលើកឡើង​របស់លោក ជា វ៉ាន់ដេត ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ស្ថាប័ន​ព័ត៌មាន កាលពី​ល្ងាច​ថ្ងៃទី​ ៩ ខែសីហា តាម​ប្រព័ន្ធ​អនឡាញ​ដោយ​លោក​បាន​បញ្ជាក់ថា តាម​ផែនការ​ការពង្រាយ​អង់តែន​ទូរស័ព្ទ​នេះ​នឹង​ធ្វើឱ្យ​បាន​គ្រប់​ឃុំ ស្រុក​ទាំងអស់​នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​នឹង​អាចជួយ​ឱ្យមាន​ស្ថិរភាព​ប្រព័ន្ធ​សេវា សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ការប្រើប្រាស់​ទាំង​ការនិយាយ​ទូរស័ព្ទ និង​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត​។

ចំពោះ​ការរអាក់រអួល​សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត លោក​រដ្ឋមន្ត្រី​អះអាងថា ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត និង​ប្រតិបត្តិករ​ផ្តល់​សេវា​អ៊ីនធឺណិត​ (ISP) មួយចំនួន​មិនបាន​វិនិយោគ​បន្ថែម​ទៅលើ​ការដំឡើង​បង្គោល​អង់តែន​ឱ្យបាន​ច្រើន​ ដើម្បី​បំពេញ​តម្រូវការ​កំណើន​របស់​អ្នកប្រើប្រាស់​ឡើយ​។

លោក វ៉ាន់ដេត ថ្លែងថា​៖ «​កន្លងមក​ក្រសួង​បាន​សង្កេតឃើញ​មាន​ការរអ៊ូ​ពី​សំណាក់​អ្នករស់នៅ​តាម​បុរី​ក្នុង​ទីក្រុង​ភ្នំពេញ​ដោយសារ​តែ​នៅក្នុង​បុរី ទូរស័ព្ទ​របស់​ពួកគេ​គ្មាន​សេវា ខណៈ​ក្រុមហ៊ុន​ដែលជា​ប្រតិបត្តិករ​តែងតែ​ឆ្លើយ​ដោះសា​លើ​បញ្ហា​នេះ​។ ដើម្បី​ជា​ដំណោះស្រាយ ក្រសួង​នឹងដាក់​ឧបករណ៍​ធ្វើតេស្ត​ចាប់​សេវា​ទូរស័ព្ទ​ក្នុង​បុរី ឬ​ទីកន្លែង​ណា​ដែលមាន​បញ្ហា​ (​មិនមាន​សេវា​) ហើយ​បង្ហាញ​ឱ្យ​ក្រុមហ៊ុន​ទាំងនេះ​កែលម្អ និង​ដោះស្រាយ​ជាបន្ទាន់​»​។

លោក​បន្ថែមថា​៖ «​កន្លងមក​ក្រុមហ៊ុន​ដាំ​បង្គោល​អង់តែន​ ១ ​ដើម្បី​បម្រើ​សេវា​សម្រាប់​មនុស្ស ៣ ​ពាន់​នាក់ ប៉ុន្តែ​តំបន់​នោះ​ឥឡូវ​ចំនួន​មនុស្ស​កើន​ដល់ ១ ​ម៉ឺន​នាក់ ដូច្នេះ​អ្នក​ប្រើ​ច្រើន​បាន​ធ្វើឱ្យ​សេវា​រអាក់រអួល ហើយ​បង្គោល​អង់តែន​បាន​ឃ្លាត​គ្នា​ខ្លាំងពេក ដែល​គាត់​មិនបាន​ដំឡើង​ថែមទៀត ដោយ​គាត់​ចំណេញ​យកតែ​លុយ​ដាក់​ហោប៉ៅ​ខ្លួនឯង​ច្រើន ឬ​មិនបាន​បំពាក់​ឧបករណ៍​បន្ថែម​»​។

ទន្ទឹមនឹងនេះ​នៅ​ទីក្រុង​មាន​អគារ​ខ្ពស់ៗ​កើនឡើង​ច្រើន​ដែល​ធ្វើឱ្យ​បាត់​សេវា​ចន្លោះ​ពី ៥០-៧០ ​ភាគរយ ហើយ​ការធ្វើ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ (Promotion) ហួស​កម្រិត​ក៏បាន​ធ្វើឱ្យមាន​ការប្រើប្រាស់​ច្រើន​ក្នុងពេល​តែមួយ​។ ឧទាហរណ៍ មាន​ក្រុមហ៊ុន​ខ្លះ​លក់បាន​កញ្ចប់​អ៊ីនធឺណិត ប៉ុន្តែ​ផ្តល់​សេវា​មិន​គ្រប់​តាម​ស្តង់ដា​។

លោក​បាន​បន្ថែមថា​៖ «​មាន​បុរី​ខ្លះ​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​ផ្តាច់មុខ​ធ្វើឱ្យ​តម្លៃ​ឡើងថ្លៃ ហើយ​ផ្តល់​សេវា​មិន​គ្រប់គ្រាន់​។ ការសាងសង់​បុរី​ខ្លះ​ក៏​អត់​មាន​ទុក​ដី​សម្រាប់​សង់​បង្គោល​អង់តែន​ផងដែរ​»​។

កាលពី​ខែឧសភា ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បង្កើត​ក្រុមការងារ​ប្រតិបត្តិ​ចំនួន ៥ ​តំបន់​ដែល​មាន​ភារកិច្ច​ក្នុង​ការចុះ​ត្រួតពិនិត្យ វាស់ស្ទង់ ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​សេវា ទីតាំង​ស្ថានីយ បង្គោល​អង់តែន ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ខ្សែ​កាប្លិ៍​អុបទិក ទិន្នន័យ​វាស់​ស្ទង់​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត និង​ការប្រើ ហ្វ្រេកង់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។

ក្រុមហ៊ុន Smart Axiata កាលពីពេល​ថ្មី​នេះ​បានឱ្យដឹងថា ខ្លួន​បាន​វិនិយោគ​ប្រាក់​លើសពី ៩០ ​លាន​ដុល្លារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បណ្តាញ​ទូរស័ព្ទ​ចល័ត​របស់ខ្លួន​ក្នុង​ឆ្នាំ​ ២០២១ នេះ​។ គិត​ត្រឹម​ដំណាច់​ឆមាស​ទី​ ១ Smart Axiata បាន​ដំឡើង​បណ្តាញ​ស្ថានីយ​ចំនួន ៣០០ លើ​ផែនការ​នៃ​ការសាងសង់​ចំនួន ៣៥០ ​ស្ថានីយ​ត្រឹម​ដំណាច់ឆ្នាំ​ ២០២១ នេះ​។

ទិន្នន័យ​ចុងក្រោយ​បំផុត​បានមកពី​និយតករ​ទូរគមនាគមន៍​កម្ពុជា​បង្ហាញថា គិត​ត្រឹម​ខែឧសភា​ឆ្នាំមុន ចំនួន​ការជាវ​ទូរស័ព្ទ​ចល័ត​ដ៏សកម្ម​នៅ​ប្រតិបត្តិករ​ទាំង​ ៦ របស់​ប្រទេស​កម្ពុជា​មាន​ចំនួន ២០ ៤៨១ ០៥១ ធ្លាក់ចុះ​ ០,០៨ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

ចំនួន​នៃ​ការជាវ​សេវា​អ៊ីនធឺណិត​ចល័ត​នៅក្នុង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទាំង ៧ ​របស់​កម្ពុជា​ក៏​បាន​កត់ត្រា​ការធ្លាក់ចុះ​ចំនួន ២,៣៦ ​ភាគរយ​មក​នៅត្រឹម​ ១៤ ៨៦៣ ៤៣៥ ចំណែក​ការជាវ​សេវា​អ៊ីនធឺណិត​លើ​តុ​នៅក្នុង​ក្រុមហ៊ុន​ផ្ដល់​សេវា​ទាំង ៣៧ របស់​ប្រទេស​កម្ពុជា​បាន​កត់ត្រា​ចំនួន ៣៣,០៧ ​ភាគរយ​កើនឡើង​ដល់ ២៤៩ ១៣២៕ LA

អត្ថបទគួរចាប់អារម្មណ៍