ភ្នំពេញៈ ទោះបី​ជំងឺ​កូវីដ​ ១៩ នៅតែ​បន្ត​ការរីករាលដាល​នៅ​កម្ពុជា ក៏​បរិមាណ​នាំចេញ និង​នាំចូល​ទំនិញ​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​ (SSEZ) ក្នុង​រយៈពេល ៧ ខែ​ដើមឆ្នាំ​ ២០២១ នេះ​នៅតែ​បន្ត​កើន​ប្រមាណ​ជិត ៤៥ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​ ២០២០​។

ទិន្នន័យ​របស់ SSEZ ឱ្យដឹងថា យោងតាម​ស្ថិតិ​ចុងក្រោយ​គិត​ចាប់ពី​ខែមករា ដល់​ខែកក្កដា ឆ្នាំ​ ២០២១ សហគ្រាស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​ទទួលបាន​បរិមាណ​នាំចូល និង​នាំចេញ​សរុប​ ១ ១៨៥ ​លាន​ដុល្លារ​កើនឡើង ៤៤,៥១ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំមុន​។

ប្រធាន​សមាគម​ភ័ស្តុភារកម្ម​កម្ពុជា​ (CLA) លោក ស៊ិន ចន្ធី ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា សកម្មភាព​ដឹកជញ្ជូន​នៅ​កម្ពុជា​នៅតែ​បន្ត​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ចាប់តាំងពី​មាន​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ប៉ុន្តែ​សកម្មភាព​ដឹកជញ្ជូន​ទំនិញ​ផ្នែក​ខ្លះ​មាន​ការរីកចម្រើន ដូចជា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មួយចំនួន​មានការ​កើនឡើង​ខ្ពស់​ហួស​ពី​ការរំពឹងទុក ហើយ​កន្លែង​ខ្លះ​ក៏​ធ្លាក់ចុះ​ទៅដល់​បាត​ក្រោម​។

លោក​ប្រាប់ថា​៖ «​ខ្ញុំ​ឯកភាព​នៅ​តំបន់​សេដ្ឋកិច្ច​មួយចំនួន​សកម្មភាព​នាំចេញ និង​នាំចូល​ទំនិញ​របស់​ពួកគេ​ពិតជា​ហក់ឡើង​ខ្ពស់ ដោយសារ​តែមាន​តម្រូវការ​ទីផ្សារ ដូចជា ទំនិញ​កសិកម្ម​ក្រៅពី​អង្ករ​មានការ​នាំចេញ​ហក់​ឡើង និង​គ្រឿង​បង្គុំ​អគ្គិសនី អេឡិចត្រូនិក កង់ ក៏មាន​ការកើនឡើង​ផងដែរ​»​។

អនុប្រធាន​សភាពាណិជ្ជកម្ម កម្ពុជា លោក លឹម ហេង បានឱ្យ​ដឹង​កាលពីពេល​ថ្មីៗ​នេះ​ថា ការនាំចេញ​របស់​កម្ពុជា​រហូតមក​ដល់ពេលនេះ​មិនមាន​ការថមថយ​នោះទេ បើទោះបីជា​ពិភពលោក​កំពុង​ជួប​វិបត្តិ​កូវីដ-១៩ ក៏ដោយ​។ លោក​បន្តទៀតថា ជាមួយគ្នានេះ​កម្ពុជា​ក៏​បាននិងកំពុង​ធ្វើ​ពិពិធកម្ម​ទំនិញ​នាំចេញ​របស់ខ្លួន​ឱ្យ​កាន់តែ​មាន​ភាពសម្បូរបែប​ទៅ​ទីផ្សារ​អន្តរជាតិ​ផងដែរ​។

លោក​អះអាងថា​៖ «​នៅពេល​ដែលមាន​កំណើន​នាំចេញ ការនាំចូល​ផលិតផល​វត្ថុធាតុដើម​សម្រាប់​កែច្នៃ​ក៏​នឹង​កើនឡើង​ទៅតាម​នេះដែរ​។ នេះ​ជា​មូលហេតុនាំឱ្យ​មាន​កំណើន​នេះ​»​។

SSEZ ត្រូវបាន​វិនិយោគ​រួមគ្នា​ដោយ​វិនិយោគិន​ខែ្មរ និង​វិនិយោគិន​ចិន ដោយ​ប្តេជ្ញា​បង្កើត​វេទិកា​វិនិយោគ​ពហុជាតិ​សាសន៍​សម្រាប់​ក្រុមហ៊ុន​នៅ​ជុំវិញ​ពិភពលោក​។

នៅ​ដំណាក់កាល​ដំបូង​តំបន់​សេដ្ឋកិច្ច​ពិសេស SSEZ នឹង​ផ្តោតលើ​វិស័យ​វាយនភណ្ឌ​កាត់ដេរ កាបូប ផលិតផល​ស្បែកជើង ផលិតផល​ពី​ឈើ ជាដើម​ដែលជា​ឧស្សាហកម្ម​ចម្បង​សម្រាប់​ការអភិវឌ្ឍ​។ ចំណែក​នៅ​ដំណាក់កាល​ទី​២ SSEZ នឹង​ផ្តោតលើ​ការទាញយក​ប្រយោជន៍​ពី​កំពង់ផែ និង​ផ្តោតលើ​ការណែនាំ​អំពី​គ្រឿង​ម៉ាស៊ីន សម្ភារ​សំណង់ គ្រឿងសង្ហារិម​គេហដ្ឋាន គ្រឿងបន្លាស់​រថយន្ត និង​សម្បក​កង់​។

គិត​ត្រឹម​ខែវិច្ឆិកា ឆ្នាំ​ ២០២០ តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​មាន​ក្រុមហ៊ុន​កំពុង​វិនិយោគ​នៅ​ទីនោះ​សរុប ១៦៥ ដោយ​បង្កើត​ការងារ​បាន​ចំនួន​ ៣០ ០០០ ​កន្លែង​៕ LA