
អគារ Lotte World Tower មានកម្ពស់ ៥៥៥ ម៉ែត្រជាអាគារខ្ពស់ជាងគេនៅកូរ៉េខាងត្បូង និងខ្ពស់ជាងគេទី ៥ នៅលើពិភពលោក។ រូបភាព Lotte
ទីក្រុងសេអ៊ូលៈ អគារការិយាល័យនៅក្នុងអគារខ្ពស់ជាងគេបំផុតរបស់កូរ៉េខាងត្បូងគឺអគារ Lotte World Tower ត្រូវបានជួលអស់ទីតាំងទំនេរជាលើកដំបូងចាប់តាំងពីវាបានបើកដំណើរការកាលពី ៤ ឆ្នាំមុន។
ក្រុមហ៊ុនអចលទ្រព្យ និងអភិវឌ្ឍន៍ Lotte (Lotte Property and Development) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យសំខាន់របស់ក្រុមហ៊ុន Lotte Group បាននិយាយនៅថ្ងៃពុធនេះថា ទីតាំងការិយាល័យបានឈានដល់ការជួល ១០០ ភាគរយនៅអគារ Lotte World Tower ។ ក្រុមហ៊ុន Woowa Brothers, ដែលជាប្រតិបត្តិករកម្មវិធី ដឹកជញ្ជូនម្ហូបអាហារឈ្មោះ Baedal Minjok បានផ្លាស់ចូលទៅក្នុងអាគារកាលពីខែកក្កដាដោយបំពេញកន្លែងទំនេរចុងក្រោយ។
សរុបមកមានក្រុមហ៊ុនចំនួន ១៧ បានដាក់បញ្ជូលគ្នានៅក្នុងទីតាំង «ការិយាល័យដ៏ល្អស្អាតនេះ» ពីជាន់ទី ១៤ ដល់ជាន់ទី ៣៤ នៃអគារខ្ពស់កប់ពពក ១២៣ ជាន់។
លោក Kim Sang-cheon មន្ត្រីមកពីក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Lotte និយាយថា៖ «យើងអាចសម្រេចបានអត្រាកាន់កាប់ ១០០ ភាគរយដោយផ្អែកលើការចាប់អារម្មណ៍របស់ក្រុមហ៊ុនជួល និងទីតាំងដ៏ល្អនៃអគារនេះ» ។
លោកបន្ថែមថា៖ «យើងនឹងបន្តគាំទ្រដល់ការរីកចម្រើននៃការចាប់ផ្តើមអាជីវកម្មជាច្រើនហើយក្រុមហ៊ុនកាន់កាប់សង្ឃឹមថានឹងពង្រីកទៅក្រៅប្រទេស»។
អគារ Lotte World Tower មានកម្ពស់ ៥៥៥ ម៉ែត្រគឺជាអាគារខ្ពស់ជាងគេនៅកូរ៉េខាងត្បូង និងខ្ពស់ជាងគេទី ៥ នៅលើពិភពលោក។
អគារនេះត្រូវបានបើកដំណើរការក្នុងឆ្នាំ ២០១៧ ដែលដំបូងឡើយបានព្យាយាមបំពេញចន្លោះការិយាល័យរបស់ខ្លួនដោយមានអត្រាទំនេរកើនឡើងរហូតដល់ ៦០ ភាគរយនៅឆ្នាំ ២០១៨។
អគារនេះជាកម្មសិទ្ធិ ១០០ ភាគរយរបស់ក្រុមហ៊ុន Lotte Property និង Development បន្ទាប់ពីបានទិញភាគហ៊ុនតម្លៃ ១,៤ ពាន់ពាន់លានវ៉ុន (១,២ ពាន់លានដុល្លារ) ពី Lotte Shopping និងសណ្ឋាគារ Lotte កាលពីខែមេសា។
អគារទំហំ ១២៣ ៦៧៨ ម៉ែត្រការ៉េគឺជាកន្លែងពាណិជ្ជកម្ម និងកន្លែងលក់រាយផ្សេងៗគ្នារួមមានផ្សារទំនើបហាងទំនិញមិនជាប់ពន្ធ ការស្នាក់នៅ សណ្ឋាគារផ្កាយ ៦ និងកន្លែងសង្កេតការណ៍៕ Korea Herald-ANN/RR