ភ្នំពេញៈ កម្ពុជាបាន​ជាប់​ចំណាត់​ថ្នាក់​ទី៤ ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ភាព​រាក់​ទាក់​ទាំង ១០ នៅ​លើ​ពិភពលោក​ក្នុង​ការ​ទទួល​ស្វាគមន៍​ភ្ញៀវ​បរេទេស​ ខណៈ​ប្រទេស​នៅ​ក្នុង​សហគមន៍​អ៊ឺរ៉ុប ព័រទុយហ្គាល់ ស្ថិត​នៅ​លើ​កំពូល​តារាង​។ នេះ​បើ​យោង​តាម​ការ​ស្ទាប​ស្ទង់​មតិ​របស់ Expat Insider ដែល​ផ្សព្វ​ផ្សាយ​ដោយ​គេហទំព័រ InterNations។

បន្ទាប់ពី​អាក់​ខាន​ចូល​រួម​រយៈពេល​បី​ឆ្នាំ​ ប្រទេស​កម្ពុជា​ ដែល​បង្ហាញ​វត្តមាន​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពី​ឆ្នាំ ២០១៧ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​ ៤ ក្នុងនាម​ប្រទេស​មាន​ភាព​រួសរាយ​រាក់​ទាក់​បំផុត។

ការ​ស្ទាប​ស្ទង់​ធ្វើ​ឡើង​ដោយ Expat Insider រក​ឃើញ​ថា ​ជន​បរទេស​ប្រមាណ ៩៦ភាគ​រយ​បាន​វាយ​តម្លៃ​ពី​ភាព​ស្និទ្ធ​ស្នាល រស់​រាយ​ជា​ទូទៅ​គឺ​មាន​លក្ខណៈ​វិជ្ជមាន ខណៈ​មធ្យម​ភាគ​ជា​សកលគឺ​មាន​ត្រឹម​ ៧០ភាគ​រយ​ប៉ុណ្ណោះ។ ជា​មួយ​គ្នា​នេះ ជន​បរទេស​ហាក់​មាន​បញ្ហា​តិច​តួច​បំផុត​ពេល​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ឧទាហរណ៍ ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ បាន​បង្ហាញ​ពី​ការ​ពេញ​ចិត្ត​របស់​គេ​ជា​មួយ «ការ​បង្កើត​ទំនាក់​ទំនង​ជាមួយ​ប្រជាជន​ក្នុង​ស្រុក។

Expat Insider បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ឆ្លើយ​តប​ ៨ ​នាក់ ​ក្នុង​ចំណោម ១០ ​នាក់ បាន​ចាត់​ទុក​ប្រជាជន​ក្នុង​ស្រុក​ថា មាន​ការ​ទទួល​ស្វាគមន៍ ៨៥ ភាគ​រយ​ និង​ចំនួន​ ៨៣ ភាគ​រយ​ បាន​យល់​ថា ការ​តាំង​លំនៅ​ក្នុង​ប្រទេស​កម្ពុជា ​មាន​ភាព​ងាយ​ស្រួល។ មាន​ជន​បរទេស​ ៣៩​ ភាគ​រយ​បាន​​និយាយ​ថា​ ពួក​គេ​មាន​អារម្មណ៍​ដូច​នៅ​ប្រទេស​កំណើត​របស់​ខ្លួន​។

នៅ​ក្នុង​ការ​ស្ទាប​ស្ទង់​នោះ ប្រទេស​ព័រទុយហ្គាល់ បាន​ឡើង​ចំនួន ៩​ ចំណាក់​ថ្នាក់ មក​ឈរ​នៅ​ លេខ ១ ជា​ប្រទេស​ដែល​មាន​ភាព​រាក់​ទាក់ តាម​ពី​ក្រោយ​ដោយ កោះតៃវ៉ាន់ លេខ ២ និង​ប្រទេស​ម៊ិកស៊ិក នៅ​លេខ​រៀង​ទី៣។ ចំណែក​ប្រទេស​ដែល​តាម​ពី​ក្រោយ​កម្ពុជា មាន​ដូច​ជា ប្រទេស​បារ៉ែន កូស្តារីកា អូម៉ង់ កូឡុំប៊ី វៀតណាម និង​ប្រទេស​កាណាដា។

ថ្ងៃទី​ ២៤ ខែមិថុនា គេហទំព័រ Tripadvisor ក៏​បាន​ប្រកាស​ពី​ការ​ស្ទាប​ស្ទង់​របស់​ខ្លួន​ផង​ដែរ ដោយ​បាន​រក​ឃើញ​ថា តំបន់​ប្រាសាទ​អង្គរវត្ត ទឹក​ធ្លាក់ ភូមិ​បណ្តែត​ទឹក និង​ប្រាសាទ​បន្ទាយស្រី ក្នុង​ខេត្ត​សៀមរាប​បាន​ជាប់​លេខ​ ១ ​ក្នុង​ពិភពលោក​ជា​កន្លែង​ទេសចរណ៍​ប្រណីត​សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​។ ​

វិបត្តិនៃ​ការ​ឆ្លង​រាលដាល​ជំងឺ​ផ្តាសាយ​សកល​បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​កម្ពុជា​ ធ្លាក់​ចុះ​យ៉ាង​គំហុក​ចាប់​ពី​ដើម​ឆ្នាំ​ ២០២០ មក។

ទិន្នន័យ​ផ្លូវ​ការ​របស់​ក្រសួង​ទេសចរណ៍​កាល​ពី​ថ្ងៃ​ទី​ ១១ ខែ​សីហា នេះ​បង្ហាញ​ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសច​រអន្តរជាតិ​ ១០២ ៥៦០​ នាក់​ ធ្លាក់​ចុះ​ ៩១,៣​ ភាគ​រយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​២០២០៕