ភ្នំពេញៈ កម្ពុជា​រំពឹងថា ផលិតផល​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ដែលមាន​ស្តង់ដា​គ្រប់គ្រាន់​នឹង​អាចដាក់​តាំង​លក់​នៅលើ​ផ្លេតហ្វម amazon.com ដែលជា​ម៉ាក​យីហោ​ល្បីល្បាញ​របស់​អាមេរិក​។ ការបង្ហាញ​ក្តីសង្ឃឹម​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ការនាំ​ផលិតផល​ទៅ​លក់​នៅ​សហរដ្ឋអាមេរិក​តាមរយៈ amazon.com រវាង​សហគ្រិន​កម្ពុជា​ជាមួយនឹង​តំណាង​ក្រុមហ៊ុន amazon.com ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃទី​ ១០ ខែសីហា ឆ្នាំនេះ​។

លោក ងួន ម៉េងតិច អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែងថា ក្នុង​សិក្ខាសាលា​នេះ​ភាគី​ទាំង ២ បាន​ពិភាក្សា​អំពី​យន្តការ​នានា​នៃ​ការនាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​សហរដ្ឋអាមេរិក​តាមរយៈ amazon.com និង​ការត្រៀម​លក្ខណៈ​ទាំង​គុណភាព និង​បទដ្ឋាន​តម្រូវ​នានា​។ ភាគី​ទាំង​ ២ ក៏បាន​ស្វែងយល់​អំពី​សារៈប្រយោជន៍​លេខ​បារ៍កូដ​ដែល​តម្រូវ​ឱ្យ​មាន​ជា​ចាំបាច់​សម្រាប់​លក់​ផលិតផល​នៅ amazon.com​។

លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​បាន​ណែនាំ​ឱ្យ​សហគ្រិន​កម្ពុជា​យើង​ដែលជា​អ្នក​ផលិត​ទាំងអស់​ឱ្យ​ទាក់ទង​ទៅ​ក្រុមហ៊ុន amazon.com ផ្ទាល់​ដើម្បី​ទទួលបាន​អត្ថប្រយោជន៍ និង​រៀបចំ​ស្តង់ដា​ទៅតាម​តម្រូវការ​របស់ amazon.com​។ យើង​អាច​ដាក់លក់​ផលិតផល​ដែល​យើង​ផលិត​បាន​នៅលើ​ផ្លេតហ្វម amazon.com ដែលជា​ប្រព័ន្ធ​អនឡាញ​ធំ​លើ​ពិភពលោក​»​។

អ្នកស្រី កែ មុំ ប្រធាន​ក្រុមប្រឹក្សា​អភិបាល​ក្រុមហ៊ុន​លីលី ហ្វូដ អ៊ិនដាសទ្រី ខូអិលធីឌី ដែលជា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ និង​បន្លែ​ផ្លែឈើ​ក្រៀម បានឱ្យដឹងថា បើ​កម្ពុជា​អាច​នាំយក​ផលិតផល​ទៅ​លក់​លើ amazon.com នឹង​ជំរុញ​ផលិតផល​ខ្មែរ​កាន់តែ​ល្បីល្បាញ​នៅលើ​ឆាក​អន្តរជាតិ​។ អ្នកស្រី​បញ្ជាក់ថា​៖ «​ចំពោះ​ទស្សនៈ​ខ្ញុំ​ផ្ទាល់​គឺជា​រឿង​ល្អ សម្រាប់​ផលិតផល​ខ្មែរ​ដែល​នឹងមាន​កេរ្តិ៍ឈ្មោះ​លើ​ឆាក​អន្តរជាតិ និង​មាន​ការតាំង​លក់​យ៉ាង​ទូលំទូលាយ ផងដែរ​»​។

ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​ឱ្យ​ដឹងថា ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង ២ មាន​តម្លៃ ៣ ៨៤០,២ លាន​ដុល្លារ កើន ៣២,៨ ​ភាគរយ​ធៀប​នឹង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២០៕ LA