ភ្នំពេញៈ កម្ពុជា និង​ម៉ាឡេស៊ី កាលពី​ថ្ងៃ​ពុធ​បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ការទូទាត់​ឆ្លងដែន​ តាមរយៈ​ប្រព័ន្ធ​បាគង​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ​ជាមួយ​ធនាគារ​ Maybank ដែល​អនុញ្ញាត​ឱ្យ​មានការ​ផ្ទេរប្រាក់​រវាង​ប្រទេស​ទាំង​ ២ កាន់តែ​រហ័ស ងាយស្រួល និង​ទទួលបាន​ភ្លាមៗ​។

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ NBC ​បានឱ្យដឹងថា ការដាក់ឱ្យ​ដំណើរការ​ការផ្ទេរប្រាក់​ឌីជីថល​ដែល​សហការគ្នា​នេះ គឺជា​ចំណុច​ចាប់ផ្ដើម​ដ៏ល្អ​រវាង​ប្រទេស​អាស៊ាន​ទាំង​ ២ ​នេះ​ក្នុង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាជន​អាច​ផ្ទេរប្រាក់​កាន់តែ​ងាយស្រួល និង​កាន់តែ​រហ័ស​ថែមទៀត​។

លោកស្រី​ថ្លែងថា​៖ «​កិច្ចសហការ​គ្នា​នេះ គឺ​គ្រាន់តែ​ជា​ការចាប់​ផ្ដើមដំបូង​ប៉ុណ្ណោះ ហើយ​ខ្ញុំ​ជឿជាក់ថា យើង​នឹងមាន​ការសហការ​ជាមួយ​គ្នា​ជាច្រើន​ថែមទៀត ជា​ឧទាហរណ៍ នៅពេលនេះ​គឺជា​ការផ្ទេរ​ប្រាក់​តែ​ម្ខាង ប៉ុន្តែ​យើង​ក៏​បន្តការងារ​ការផ្ទេរ​ប្រាក់​ទាំង​ ២ ដែល​ប្រជាជន​មកពី​ប្រទេស​ម៉ាឡេស៊ី​ក៏​អាច​ផ្ញើ​ប្រាក់​មក តាមរយៈ​បាគង​ទៅ​កម្មវិធី​ធនាគារ​ Maybank របស់​ពួកគេ​ទៅ​ធនាគារ​ក្នុងស្រុក​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​បាន​ផងដែរ​»​។

លោកស្រី​លើកឡើងថា​៖ «​យើង​ក៏​ស្វែងរក​ការទូទាត់​តាម​ QR កូដ សម្រាប់​ភ្ញៀវទេសចរ​ផងដែរ​។ ដូច​ខ្ញុំ​បានលើកឡើង​អ៊ីចឹង ប្រព័ន្ធ​បាគង​គឺ​ដើម្បី​ធ្វើឱ្យ​ការប្រើប្រាស់​រូបិយប័ណ្ណ​ក្នុង​ស្រុក​កាន់តែ​ងាយស្រួល​»​។

លោកស្រី​បន្ត​៖ «​នៅ​ទីបំផុត អ្វីដែល​យើង​ចង់​មើលឃើញ​គឺ​ការប្តូរ​ពី​ប្រាក់​រីងហ្គីត [​រូបិយប័ណ្ណ​ម៉ាឡេស៊ី​] ទៅជា​ប្រាក់រៀល​ខ្មែរ ដូច្នេះ​មាន​កាន់តែច្រើន​ដែល​យើង​អាច​ស្វែងរក​ និង​ធ្វើ​ជាមួយគ្នា​បាន​»​។

លោកស្រី​បញ្ជាក់ថា​៖ «​ប៉ុន្តែ​ត្រូវ​ចាំ​ក្នុង​ចិត្តជា​និច្ច​ថា អ្វី​ក៏ដោយ​ដែល​យើង​នឹងធ្វើ​បន្ត​សម្រាប់​អត្ថប្រយោជន៍​របស់​ប្រជាជន​ និង​សង្គម និង​សម្រាប់​ប្រទេសជាតិ​»​។

លោក Dato'' MohdHanif Saudi អគ្គនាយក​ធនាគារ Maybank Cambodia បានឱ្យដឹងថា កិច្ចសហការ​គ្នា​នេះ​នឹង​ឆ្លើយតប​នឹង​ការអភិវឌ្ឍ​បច្ចុប្បន្ន​នៃ​ការទូទាត់​ឆ្លងកាត់​ព្រំដែន ព្រមទាំង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាជន​កម្ពុជា​ដែល​កំពុងធ្វើការ​ងារ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។

លោក​ថ្លែងថា​៖ «​មាន​ប្រជាជន​កម្ពុជា​ជាច្រើន​កំពុង​ធ្វើការងារ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​ច្បាស់​ណាស់​ពួកគេ​ត្រូវ​ការផ្ញើ​ប្រាក់​ទៅផ្ទះ និង​គ្រួសារ​របស់​ពួកគេ​។ សំណួរ​នេះ​គឺថា តើ​ពួកគេ​នរណា​។ មុននឹង​យើង​មាន​បាគង វា​ត្រូវការ​ពេលវេលា​ជាច្រើន​ថ្ងៃ ខ្ញុំ​គិតថា ដោយ​មាន​កិច្ចសហការ​គ្នា​ជាមួយ​បាគង យើង​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន​»​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា ជាមួយនឹង​គម្រោង​បាគង យើង​អាចជួយ និង​ដោះស្រាយ​បញ្ហា​ដែល​យើង​មាននៅ​ពេលបច្ចុប្បន្ន​។ ពិត​ហើយ យើង​មាន​ចំណាប់អារម្មណ៍​ខ្លាំង​ក្នុង​ការធ្វើ​ជា​ផ្នែក​មួយ​នៃ​គម្រោង​បាគង​នេះ​។ ដោយមាន​គម្រោង​បាគង​នេះ ខ្ញុំ​គិតថា នៅពេល​នេះ​គ្រប់គ្នា​អាច​ផ្ទេរប្រាក់​របស់ខ្លួន និង​ផ្ញើ​ប្រាក់​ទៅផ្ទះ​បាន​ភ្លាមៗ និង​ងាយស្រួល​។ នោះ​គឺជា​បរិយាប័ន្ន​ហិរញ្ញវត្ថុ ដែល​ផ្ដល់​លទ្ធភាព​ដល់​គ្រប់ៗ​គ្នា​ដល់​សហគមន៍​ដែល​យើង​បម្រើ​»​។

លោក EldeenHusianiMohdHashim ឯកអគ្គ​រាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា បានឱ្យដឹងថា កិច្ចសហការ​គ្នា​នេះ​នឹង​បង្កើនល្បឿន​ផ្ទេរប្រាក់​រវាង​ពលរដ្ឋ​ម៉ាឡេស៊ី និង​កម្ពុជា​។

លោក​បញ្ជាក់​៖ «​ភាពជា​ដៃគូ​រវាង​ធនាគារ Maybank Cambodia និង NBC បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​បំផុត​រវាង​វិស័យ​ធនាគារ​ និង​វិស័យ​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ទាំង​ ២»​។

លោក​បន្ថែម​៖ «​កិច្ចសហការ​គ្នា​នេះ​ជួយ​ភ្ជិត​គម្លាត និង​តភ្ជាប់​រាល់​ទំនាក់ទំនង​ទាំងអស់​ឆ្ពោះទៅ​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង និង​បង្ហាញ​ព្រឹត្តិការណ៍​ដ៏សំខាន់​ផ្សេងទៀត​នៅក្នុង​ទំនាក់ទំនង​រយៈពេល​ ៦៤ ​ឆ្នាំ​របស់​យើង ដែល​រួមមាន​ទំនាក់ទំនង​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​ការពារជាតិ ការអប់រំ និង​វប្បធម៌​»៕ LA