តម្លៃ​មាស​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ត្រឹម​តម្លៃ ១ ៦៨៥ ដុល្លារ​ ក្នុង​ ១ ​អោនស៍ នៅក្នុង​វគ្គ​ជួញដូរ​នៅ​អាស៊ី​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ ហើយ​កំពុង​ត្រូវបាន​ជួញដូរ​នៅ​តម្លៃ​ជា​មធ្យម ១ ៧៥២ ដុល្លារ​ក្នុង​វគ្គ​ជួញដូរ​នៅ​អឺរ៉ុប​។ ស្ថានភាព​ល្អប្រសើរ​នៃ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ថ្មីៗ​នេះ អាចជា​កត្ដា​ធ្វើឱ្យ​តម្លៃ​មាស​នៅតែ​បន្ដ​ធ្លាក់ចុះ​ក្នុង​រយៈពេល​វែង​។

ថ្វីបើ​មាន​ការកើនឡើង​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នៅ​អាស៊ី ទំនោរ​តម្លៃ​មាស​នៅតែ​ស្ថិតក្នុង​កម្រិត​ទាប​រយៈពេល​ជាច្រើន​ខែ ដោយសារ​ការឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ និង​ភាគរយ​ខ្ពស់​ដែល​ធនាគារកណ្តាល​សហរដ្ឋ​អាមេរិក​នឹង​ចាប់ផ្តើម​កាត់បន្ថយ​ការទិញ​ទ្រព្យសកម្ម​ហិរញ្ញវត្ថុ​ពី​គោលនយោបាយ​ចាក់​បញ្ចូល​សាច់ប្រាក់​ទៅក្នុង​ទីផ្សារ​។ នេះ​បើ​យោងតាម​គេហទំព័រ Investing.com។

ម្យ៉ាងវិញទៀត អត្រា​អ្នកមាន​ការងារ​ធ្វើ​នៅ​សហរដ្ឋអាមេរិក (​លើកលែងតែ​ផ្នែក​កសិកម្ម​) សម្រាប់​ខែកក្កដា​បាន​កើនឡើង​ដល់ ៩៤៣ ​ពាន់​នាក់​ខ្ពស់​ជាង​ខែ​មុន ៥ ​ពាន់​នាក់​។ ចំណែក ការបើក​ការងារ​បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់ ១០,១ លាន នៅ​ថ្ងៃ​ធ្វើការ​ចុងក្រោយ​នៃ​ខែមិថុនា រីឯ​ការជួល​បាន​កើនឡើង​ដល់ ៦,៧ លាន ខណៈ​ពេល​ដែល​ការបំបែក​សរុប​បាន​កើនឡើង​ដល់ ៥,៦ លាន​។

CBS NEWS បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​៖ «​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​បាន​ស្ទុះ​ងើប​ឡើងវិញ​ជាមួយនឹង​កម្លាំង​ដែល​មិន​នឹកស្មាន​ដល់ ខណៈ​ការចាក់​វ៉ាក់សាំង​បាន​ជួយ​ឱ្យ​អាជីវកម្ម​បើក​ដំណើរការ​ឡើងវិញ ឬ​បង្កើន​ម៉ោង​បន្ថែម​។

លោកស្រី Julia Pollak សេដ្ឋវិទូ​នៃ ZipRecruiter បាន​លើកឡើង​ថា​៖ «​នៅក្នុង​ខែមិថុនា និង​កក្កដា យើង​បានឃើញ​ការកើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ការទទួល​ទាន​អាហារ​នៅតាម​ភោជនីយដ្ឋាន ការធ្វើដំណើរ​តាម​អាកាស អត្រា​ការស្នាក់នៅ​សណ្ឋាគារ តម្រូវការ​អតិថិជន​ទូទៅ និង​សេវាកម្ម​នានា​»​។

ផ្អែកលើ​ព័ត៌មាន​ទាំងនេះ វិនិយោគិន​គួរ​ជួញដូរ​មាស​ក្នុង​ចន្លោះ​តម្លៃ​ពី ១ ៧០០ ទៅ ១ ៧៥០ ដុល្លារ ឬ រង់ចាំ​ទិញ​មាស​ក្នុងតម្លៃ ១ ៧០០ ​ដុល្លារ ដោយ​កំណត់​មុខងារ​បញ្ឈប់​ហានិភ័យ​នៅ​តម្លៃ ១ ៦៩០ ដុល្លារ និង​មុខងារ​កាត់​យកប្រាក់​ចំណេញ​ក្នុង​តម្លៃ ១ ៧៤០ ដុល្លារ​៕