ភ្នំពេញៈ ក្រសួងទេសចរណ៍​បាន​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ​ទាំងអស់​ឱ្យមក​ដាក់​ពាក្យសុំ​វិញ្ញាបនបត្រ និង​ស្លាក​សញ្ញា​ស្តង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន​លើក​ទី​ ៨ (8th ASEAN Green Hotel Award) ​សម្រាប់​ឆ្នាំ​ ២០២២-២០២៤ ចាប់​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​។

សេចក្តី​ជូនដំណឹង​ពី​ក្រសួងទេសចរណ៍​ចេញផ្សាយ​កាលពី​ថ្ងៃទី​ ១០ ខែសីហា ឱ្យដឹងថា ម្ចាស់​អាជីវកម្ម​សណ្ឋាគារ​អាចដាក់​ពាក្យស្នើសុំ​វិញ្ញាបនបត្រ និង​ស្លាក​សញ្ញា​ស្តង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន​លើក​ទី​ ៨ ​សម្រាប់​ឆ្នាំ​ ២០២២-២០២៤ នៅ​ក្រសួងទេសចរណ៍ ឬ​តាម​មន្ទីរ​ទេសចរណ៍​រាជធានី-ខេត្ត​។

សេចក្តី​ជូនដំណឹង​បន្តថា ម្ចាស់​អាជីវកម្ម​ត្រូវ​ភ្ជាប់​មកជា​មួយ​នូវ​ពាក្យស្នើសុំ​វិញ្ញាបនបត្រ និង​ស្លាក​សញ្ញា​ស្តង់ដា​សណ្ឋាគារ​បៃតង​អាស៊ាន​លើក​ទី​៨ និង​អាជ្ញាប័ណ្ណ​ទេសចរណ៍​នៅមាន​សុពលភាព​ចេញ​ដោយ​ក្រសួងទេសចរណ៍​ព្រមទាំង​វិញ្ញាបនបត្រ​ចំណាត់ថ្នាក់​សណ្ឋាគារ​ចេញ​ដោយ​ក្រសួង​ទេសចរណ៍​ (​យ៉ាងតិច​ផ្កាយ​ ៣)​។

នីតិវិធី​នៃ​ការជ្រើសរើស​ជយលាភី​សណ្ឋាគារ​បៃតង​អាស៊ាន​លើក​ទី​៨ សម្រាប់​ឆ្នាំ​ ២០២២-២០២៤ ត្រូវអនុវត្ត​ទៅតាម​ដំណាក់កាល​ដូចជា ការដាក់​ពាក្យស្នើសុំ​ចាប់ពី​ថ្ងៃ​ជូនដំណឹង​រហូតដល់​ថ្ងៃទី​ ១៥ ខែសីហា ឆ្នាំ​ ២០២១​។

ការពិនិត្យ​លើ​ពាក្យស្នើសុំ​ចាប់ពី​ថ្ងៃទី​ ១៦ ដល់​ថ្ងៃទី​ ២០ ខែ សីហា ឆ្នាំ​ ២០២១ និង​ការចុះ​ពិនិត្យ​ទីតាំង​សណ្ឋាគារ​ចាប់ពី​ថ្ងៃ​ទី​ ២៣ ខែសីហា ដល់​ថ្ងៃទី​ ១៥ ខែ តុលា ឆ្នាំ​ ២០២១ ហើយ​ការប្រកាស​ជយលាភី​នៅ​ខែមករា ឆ្នាំ​ ២០២២​។

អ្នកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍​ថា កម្មវិធី​នេះ​នឹង​រួមចំណែក​ក្នុង​ការពង្រឹង​ស្តង់ដា​វិស័យ​សេវាកម្ម និង​បដិសណ្ឋារកិច្ច​នៅ​កម្ពុជា​ឱ្យស្រប​នឹង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​។

អ្នកស្រី​ថ្លែងថា​៖ «​កម្មវិធី​នេះ​ក៏​នឹង​ធ្វើឱ្យ​វេទិកា​ទេសចរណ៍​អាស៊ាន​នៅ​ឆ្នាំ​ ២០២២ កាន់តែ​អធិកអធម ព្រោះ​មាន​ការផ្តល់រ​ង្វាន់​ដល់​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​។ ម្យ៉ាងទៀត​វា​នឹង​ជួយ​លើកទឹកចិត្ត​ឱ្យ​ម្ចាស់​អាជីវកម្ម​សណ្ឋាគារ​ពង្រឹង​នូវ​គុណភាព​តាម​ស្តង់ដា​បៃតង និង​ជំរុញ​ឱ្យ​ផលិតផល​ទាំងអស់​កាន់តែ​ចូល​ស្តង់ដា​អាស៊ាន​»​។

អ្នកស្រី​បន្តថា​៖ «​វា​គឺជា​ពេលវេលា​មួយ​ដ៏ស័ក្តិសម​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​ដល់​អ្នកចូលរួម​ដែលជា​ប្រតិបត្តិករ​ទេសចរណ៍​បរទេស និង​អ្នកសារព័ត៌មាន​អន្តរជាតិ ដើម្បី​បង្ហាញ​ពួកគាត់​នូវ​ការកែទម្រង់​ស្តង់ដា​សេវាកម្ម និង​បដិសណ្ឋារកិច្ច ដើម្បី​បង្ហាញ​នៅ​ឆាក​អន្តរជាតិ​»​។

ជយលាភី​នៅក្នុង​កម្មវិធី​នេះ​គ្រោង​នឹង​ប្រកាស​ក្នុងឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​ ២០២២ (ATF2022) ​ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​ ១៦-២២ ខែ មករា ឆ្នាំ​ ២០២២ នៅ​ក្រុងព្រះសីហនុ ហើយ​រំពឹងថា នឹងមាន​អ្នកចូលរួម ២ ០០០ ​នាក់​មកពី​ជាង​ ២៥ ​ប្រទេស​៕LA