ភ្នំពេញៈ កំពង់ផែ​ស្វយ័ត​ភ្នំពេញ​ (PPAP) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) បានបង្ហាញ​ពី​ការស្ទុះ​ងើបឡើង​វិញ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ក្នុង​រយៈពេល ៧ ​ខែ​ដំបូង​ឆ្នាំនេះ ដោយសារ​មាន​ការចាប់ផ្ដើម​យ៉ាង​រហ័ស​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ នៅក្នុង​បណ្ដា​ប្រទេស​នៃ​គោលដៅ​​នាំចេញ​ទាំងអស់​របស់​កម្ពុជា​។

នៅក្នុង​ឯកសារ​ផ្ញើ​ទៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) កាលពី​ថ្ងៃទី​ ៩ ខែសីហា PPAP ឱ្យដឹងថា ក្នុង​រយៈពេល ៧ ​ខែ​ឆ្នាំនេះ ប្រតិបត្តិករ​កំពង់ផែ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋ​មួយ​នេះ​បាន​រាយការណ៍​ពី​ចំនួន​កុងតឺន័រ​ឆ្លងកាត់ ដែល​កើនឡើង​ប្រមាណ ១១,៧៧ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន ខណៈ​បរិមាណ​ទំនិញ និង​ប្រេងឥន្ធនៈ និង​ឧស្ម័ន ដែល​ដឹកជញ្ជូន​តាម​កំពង់ផែ​ក៏បាន​កើនឡើង ៦,៦៧ ​ភាគរយ​ផងដែរ​។ ជាមួយគ្នានេះ ចំនួន​នាវា​ដឹកទំនិញ​ដែល​ចូល​ចត​នៅ​កំពង់ផែ​បាន​កើនឡើង ០,២២ ​ភាគរយ ខណៈ​ចំនួន​អ្នកដំណើរ និង​កាណូត​ដឹក​អ្នកដំណើរ​ធ្លាក់ចុះ ១០០ ​ភាគរយ​។

លោកស្រី គីម សុផានីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ CSX បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា កំណើន​នេះ​បង្ហាញ​ពី​ភាពខ្លាំង​នៃ​ប្រតិបត្តិការ​អាជីវកម្ម និង​ហិរញ្ញវត្ថុ​របស់ PPAP​។ វា​ជា​មូលដ្ឋាន​ដ៏ល្អ​មួយ​ក្នុង​ការទាក់ទាញ​ចំណាប់អារម្មណ៍​ក្រុម​វិនិយោគិន​ក្នុងស្រុក និង​បរទេស​។

លោកស្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​គិតថា ឧស្សាហកម្ម​ដឹកជញ្ជូន​ទំនិញ​នៅតែ​រឹងមាំ​ដោយ​មិន​គិតពី​ការមកដល់​នៃ​វីរុស​វ៉ារ្យ៉ង់​ថ្មី​នោះទេ​។ មូលហេតុ​ចម្បង​គឺ​បណ្ដា​ប្រទេស​ភាគច្រើន​បាន​បើក​ដំណើរការ​ព្រំដែន​របស់​ពួកគេ​សម្រាប់​ការនាំ​ចូល និង​នាំចេញ​ផលិតផល ព្រមទាំង​ពាណិជ្ជកម្ម ហើយ​ប្រជាជន​កាន់តែ​ច្រើនឡើងៗ​បាននាំគ្នា​ចាក់​វ៉ាក់សាំង​គ្រប់​ដូស និង​មួយចំនួន​កំពុង​ទទួលបាន​ការចាក់​ដូស​ជំរុញ ដើម្បី​ការពារ​ប្រឆាំងនឹង​ការរីករាលដាល​វីរុស​ប្រភេទ​ថ្មី​នេះ​»​។

លោកស្រី​បន្ថែមថា​៖ «​វា​ស្រដៀង​គ្នា​នឹង​ប្រទេស​កម្ពុជា​ដែរ ដោយ​បច្ចុប្បន្ន​ស្ថានការណ៍​ជំងឺ​កូវីដ​ ១៩ របស់​យើង​គឺ​ល្អប្រសើរ​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​។ ខ្ញុំ​គិតថា អាជីវកម្ម​របស់ PPAP នឹង​នៅតែមាន​ភាពវិជ្ជមាន​»​។

កាលពី​ឆ្នាំ​ ២០២០ ប្រាក់ចំណូល​សរុប​របស់ PPAP មាន​ ២៩,៤៨ ​លាន​ដុល្លារ ធ្លាក់ចុះ ៥,៨ ​ភាគរយ​ធៀប​នឹង​តួលេខ​ដែល​ធ្វើ​សវនកម្ម​ហើយ​កាលពី​ឆ្នាំ​ ២០១៩៕ LA