ភ្នំពេញៈ សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​ (CPSF) ​កំពុង​ជួយ​សម្របសម្រួល​ដល់​ក្រុមហ៊ុន​នាំចេញ​របស់​កម្ពុជា​ចំនួន ២៥ ​ដើម្បី​បើក​ទីផ្សារ​នាំចេញ​ម្រេច​ទៅ​បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា និង​អហ្វ្រិក​ខាងជើង​។ នេះ​បើ​យោងតាម​លទ្ធផល​កិច្ចប្រជុំ​ប្រចាំត្រីមាស​ទី​ ២ របស់ CPSF​។

លោក ម៉ាក់ នី ប្រធាន CPSF បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១២ ខែសីហា ថា CPSF បាននិង​កំពុង​រៀបចំ​ចាប់​ដៃគូ​ក្រុមហ៊ុន​នាំចេញ​របស់​សហព័ន្ធ ដើម្បី​នាំចេញ​ម្រេច​ទៅ​ទីផ្សារ​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង ដែលជា​ប្រទេស​មាន​តម្រូវការ​ច្រើន​។

លោក​ថ្លែងថា​៖ «​ផ្លេតហ្វម​ដែល​ធ្វើ​សម្រាប់​នាំចេញ​គឺជា​លក្ខណៈ​អនឡាញ មានន័យថា យើង​ដាក់លក់​ផលិតផល​យើង​តាម​អនឡាញ​នៅ​បណ្តា​ប្រទេស​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​​។ យើង​នឹងដាក់​បញ្ចូល​ក្រុមហ៊ុន​ទាំង ២៥ ដែល​លក់​ផលិតផល​កសិកម្ម​កម្ពុជា ដើម្បី​ចាប់​ដៃគូ​​ជាមួយ​អ្នកលក់ និង​អ្នកទិញ​។ ក្រៅពី​នាំចេញ​ម្រេច យើង​ក៏​ផ្តោតទៅលើ​ផលិតផល​សរីរាង្គ និង​ធម្មជាតិ​ (​បន្លែ​ផ្លែឈើ​សុវត្ថិភាព​) ​ផងដែរ​»​។

លោក​ឱ្យដឹងទៀតថា CPSF ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​ផលិតផល​ម្រេច​មិនមែន GI របស់​កម្ពុជា​ឱ្យគេ​ស្គាល់​គ្រប់​ទីកន្លែង​ដើម្បី​បញ្ជ្រាប​ទីផ្សារ​ទៅកាន់​តំបន់​ថ្មីៗ​ថែមទៀត​។ នេះ​ជា គោលដៅ​របស់​សហព័ន្ធ ព្រោះ CPS ចង់​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​ផលិត​ម្រេច​មួយ​ក្នុងចំណោម​បណ្តា​ប្រទេស​ផលិត​ម្រេច​ល្អ​លើ​ពិភពលោក​។

លោក​បន្ថែមថា​៖ «​គោលដៅ​របស់​យើង​ផ្តោតលើ​ផលិតផល​ម្រេច​មិនមែន GI ប៉ុន្តែ​ប្រទេស​នៅ​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​ឱ្យ​តែមាន​ផលិតផល​កសិកម្មសរីរាង្គ និង​ធម្មជាតិ គេ​ត្រូវការ​ហើយ ព្រោះ​ប្រទេស​គេ​អភិវឌ្ឍ ជាង​យើង គេ​ត្រូវការ​របស់​មាន​គុណភាព​ល្អ ដូចនេះ​ខ្ញុំ​គិតថា​ទីផ្សារ​នោះ​ក៏​ល្អ​សម្រាប់​ពួកយើង ហើយ​លក្ខខណ្ឌ​ប្រហែល​ជា​ល្អ​ជាង ឬ​ក៏​ស្រួល​ជាង​ប្រទេស​នៅ​តំបន់​អឺរ៉ុប​»​។

ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ឱ្យ​ដឹងថា ចាប់ពី​ខែ​មករា ដល់​ខែកក្កដា កម្ពុជា​នាំចេញ​ម្រេច​មិនមែន GI និង​ម្រេច​កំពត (GI) សរុប ២២ ៥៨០,៦៨ ​តោន កើនឡើង ៥៥៨,១៩ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ផលិតផល​ម្រេច​កម្ពុជា​បាន​នាំ​ចេញទៅ​ ១៩ ​ប្រទេស​ក្នុងនោះ វៀតណាម​ជា​ទីផ្សារ​ធំជាងគេ ដោយ​មាន ២២ ២១៧ ​តោន ​តាម​ពីក្រោយ​ដោយ​អាល្លឺម៉ង់ ២៤៤,៥៧ ​តោន បារាំង ២០,១៤ ​តោន និង​បែលហ្ស៊ិក ១៥,៩៨ ​តោន​៕ LA