ភ្នំពេញៈ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បាន​ព្រមាន​ចាត់​វិធានការ​លើ​ប្រតិបត្តិករ​ផ្តល់​សេវា​ទូរស័ព្ទ​ចល័ត​ចំនួន​ ២ ដែល​កំពុង​លក់ និង​ចែកចាយ​ស៊ីមកាត​ដោយ​មិន​យក​ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់​មក​រក្សាទុក​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ចុះផ្សាយ​កាលពី​ថ្ងៃទី​ ១១ ខែសីហា ឱ្យដឹងថា ថ្មីៗ​នេះ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​បាន​រកឃើញ​ជាក់ស្តែង​ជា​បន្តបន្ទាប់​ថា ក្រុមហ៊ុន វៀតធេល (​ខេមបូឌា​) និង​ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី បានធ្វើ​សកម្មភាព​លក់ និង​ចែកចាយ​ស៊ីម​កាត​នៅតាម​ទីតាំង​មួយចំនួន​ដោយ​ពុំ​តម្រូវ​ឱ្យ​មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​អ្នកប្រើប្រាស់​។ សកម្មភាព​នេះ ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការបន្ត​អនុវត្ត​ផ្ទុយ​នឹង​សារាចរ​អន្តរក្រសួង​លេខ ០០១ សរ.ផម-បទ ចុះ​ថ្ងៃទី​ ២៨ ខែ កុម្ភៈ ឆ្នាំ​ ២០១២ និង​សេចក្តី​ណែនាំ​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​និយតករ​ទូរគមនាគមន៍​កម្ពុជា​។

សេចក្តី​ប្រកាស​ព័ត៌មាន​បាន​បន្តថា​៖ «​ដើម្បី​ពង្រឹង​សណ្តាប់ធ្នាប់​វិស័យ​ទូរគមនាគមន៍ និង​សន្តិសុខ​ជាតិ​តាមរយៈ​ការទប់ស្កាត់​ការប្រើប្រាស់​ស៊ីមកាត​ដែល​មិនមាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ត្រឹមត្រូវ ក្រសួង​នឹង​ចាត់វិធានការ​លើ​ប្រតិបត្តិករ​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំង​ ២ ដោយ​តម្រូវឱ្យ​បញ្ឈប់​ជាបន្ទាន់​នូវ​ការលក់ និង​ចែកចាយ​ស៊ីមកាត​ដោយ​មិន​យក​ឯកសារ​សម្គាល់​អត្តសញ្ញាណ​របស់​អ្នក​ប្រើប្រាស់​តាម​គ្រប់​រូបភាព ឬ​មធ្យោបាយ​ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ​»​។

នៅក្នុង​ករណី​ជនទុច្ចរិត​ទិញ​ស៊ីមកាត​មិនមាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​ពី​ក្រុមហ៊ុន ដើម្បី​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ទោះបី​ជា​ក្រុមហ៊ុន​មិនបាន​ប្រព្រឹត្ត​ក៏ដោយ នោះ​មានន័យថា ក្រុមហ៊ុន​បាន​ចូលរួម​ចំណែក​ប្រព្រឹត្ត​អំពើ​ខុសច្បាប់ ឬ​ឃុបឃិត​ជាមួយ​ជនទុច្ចរិត​ដោយ​ប្រយោល​។ នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

ប្រសិនបើ​ប្រតិបត្តិករ​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​នៅតែ​មិន​ព្រម​អនុវត្ត​តាម​ចំណាត់ការ​ខាងលើ ក្រសួង​នឹង​ចាត់​វិធានការ​ចំនួន ៤ រួមមាន ព្យូរ ឬ​លុប​អាជ្ញាប័ណ្ណ​ប្រតិបត្តិ​ការផ្តល់សេវា​ទូរស័ព្ទ​ចល័ត​, បង្កក​រាល់​ការស្នើសុំ​នានា​របស់​ប្រតិបត្តិករ​, ចាត់វិធានការ​ផ្សេងទៀត​ស្របតាម​មាត្រា ៧៨ នៃ​ច្បាប់​ស្តីពី​ទូរគមនាគមន៍ និង​រាល់​បុគ្គល​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ​នឹងត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់ព្រហ្មទណ្ឌ​។

ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នឹង​បន្ត​តាមដាន និង​ចាត់​វិធានការ​យ៉ាង​តឹងរ៉ឹង​បំផុត ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមាន​ជា​ធរមាន ចំពោះ​ប្រតិបត្តិករ​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ណា​ដែល​បាន​ប្រព្រឹត្ត​ខុសច្បាប់​៕ LA