ភ្នំពេញៈ អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​លើកឡើងថា លទ្ធផល​នៃ​ការស្ទង់មតិ​របស់ Expat Insider ដែល​ចេញផ្សាយ​កាលពីពេល​ថ្មីៗ​នេះ​នឹង​ក្លាយទៅជា​កម្លាំងចលករ​មួយ​បន្ថែមទៀត​ក្នុង​ការជួយ​លើកកម្ពស់​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យមាន​ភាពរីកចម្រើន​ឡើងវិញ បន្ទាប់ពី​ធ្លាក់ចុះ​យ៉ាងគំហុក​នា​រយៈពេល​ជាង​ ១ ​ឆ្នាំ​មកនេះ​ដែល​បណ្តាលពី​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​ផ្តាសាយ​សកល​កូវីដ​ ១៩​។

យោងតាម​ការស្ទង់មតិ​របស់ Expat Insider ដែល​ផ្សាយ​លើ​គេហទំព័រ InterNations ប្រទេស​កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​ ៤ ក្នុងចំណោម​ប្រទេស​ដែលមាន​ភាពរាក់ទាក់​ជាង​គេ​ទាំង​ ១០ លើ​ពិភពលោក​ក្នុង​ការស្វាគមន៍​ភ្ញៀវ​បរទេស​។

Expat Insider រកឃើញថា ជនបរទេស​ប្រមាណ ៩៦ ​ភាគរយ​បាន​វាយតម្លៃ​ពី​ភាពស្និទ្ធស្នាល និង​ភាពរាក់ទាក់ គឺមាន​លក្ខណៈ​វិជ្ជមាន ខណៈ​មធ្យមភាគ​សកល​គឺ​មាន​ត្រឹម ៧០ ​ភាគរយ​ប៉ុណ្ណោះ​។ ជាមួយ​គ្នា​នេះ​ជនបរទេស​ហាក់​មាន​បញ្ហា​តិចតួច​បំផុត​ពេល​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​។ ឧទាហរណ៍ ជនជាតិ​អូស្ត្រាលី​ម្នាក់​បាន​បង្ហាញ​ពី​ការពេញចិត្ត​របស់គេ​​ជាមួយ «​ការបង្កើត​ទំនាក់ទំនង​ជាមួយ​ប្រជាជន​ក្នុងស្រុក​»​។

Expat Insider ឱ្យដឹងទៀតថា អ្នក​ឆ្លើយតប ៨ ​នាក់​ក្នុងចំណោម ១០ ​នាក់ បានចាត់ទុក​ប្រជាជន​ក្នុង​ស្រុក​ថា មាន​ការទទួល​ស្វាគមន៍ ៨៥ ​ភាគរយ និង​ចំនួន ៨៣ ​ភាគរយ​បាន​យល់ថា ការតាំង​លំនៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាពងាយស្រួល​។ ជនបរទេស ៣៩ ​ភាគរយ និយាយ​ថា ពួកគេ​មាន​អារម្មណ៍​ដូច​នៅ​ប្រទេស​កំណើត​ខ្លួន​។

យោងតាម​លទ្ធផល​ការស្ទង់មតិ ប្រទេស​ព័រទុយហ្គាល់ ឈរ​នៅ​លេខ​ ១ តាម​ពីក្រោយ​ដោយ កោះ​តៃវ៉ាន់ និង​ប្រទេស​ម៉ិកស៊ិក នៅ​លេខ​រៀង​ទី ៣​។ ចំណែក​ប្រទេស​តាម​ពីក្រោយ​កម្ពុជា មានដូចជា បារ៉ែន កូស្តារីកា អូម៉ង់ កូឡុំប៊ី វៀតណាម និង​កាណាដា​។

លោក តុប សុភ័ក អ្នកនាំពាក្យ​ក្រសួង​ទេសចរណ៍​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១២ ខែសីហា​ថា កម្ពុជា​តែង​ទទួល​ការវាយតម្លៃ​ពី​ស្ថាប័ន​ទេសចរណ៍ និង​បណ្តាញ​សារព័ត៌មាន​អន្តរជាតិ​ធំៗ​ថា ជា​ទិសដៅ​ទេសចរណ៍​ដ៏ល្អ និង​ជា​ប្រទេស​មាន​ប្រជាជន​រួសរាយ រាក់ទាក់​បំផុត​លើ​ពិភពលោក​។ ការដាក់​ចំណាត់ថ្នាក់​របស់ Expat Insider នឹងចូលរួម​ចំណែក​ក្នុង​ការផ្សព្វផ្សាយ​ពី​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា​ទៅកាន់​ប្រជាជន​នានា​លើ​ពិភពលោក​ឱ្យ​ងាក​មក​ចាប់អារម្មណ៍​ធ្វើដំណើរ​មក​កម្ពុជា បន្ទាប់ពី​វិបត្តិ​កូវីដ​ ១៩​។

លោក​បាន​ថ្លែងថា​៖ «​ទោះ​ខ្ញុំ​មិនដឹង​ច្បាស់​ថា ស្ថាប័ន​វាយតម្លៃ​ខាងលើ​មាន​ភាពល្បីល្បាញ​កម្រិតណា ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​ការវាយតម្លៃ​របស់គេ​មានឈ្មោះ​ប្រទេស​កម្ពុជា​។ ការដាក់​ឈ្មោះ​ប្រទេស​កម្ពុជា​នៅ​ចំណាត់ថ្នាក់​កំពូល​នឹង​រួមចំណែក​ទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​អ្នកវិនិយោគ​ឱ្យធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​កាន់តែច្រើន​»​។

ភ្ញៀវទេសចរចូលទស្សនាប្រាសាទបាយ័ន កាលពីឆ្នាំ ២០១៦។

ជាមួយ​គ្នា​នេះដែរ ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​លើកឡើងថា ទោះបីជា​លោក​មិនមាន​ព័ត៌មាន​អំពី​លក្ខខណ្ឌ​នៃ​សូចនាករ​គោល ដែល Expat Insider យកមក​ធ្វើជា​មូលដ្ឋាន​សម្រាប់​វាយតម្លៃ និង​ផ្តល់​ចំណាត់ថ្នាក់ ប៉ុន្តែ​ការផ្តល់​ចំណាត់ថ្នាក់​នេះ​វា​នឹង​ផ្តល់​ផល​វិជ្ជមាន​សម្រាប់​កម្ពុជា ដែល​កំពុង​ត្រៀមខ្លួន​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួចរាល់​ចាប់ផ្តើម​ពី​ត្រីមាស​ទី​ ៤ ខាងមុខ​។ លោក​បន្តថា ជាទូទៅ​ប្រជាជន​ខ្មែរ​ត្រូវបាន​គេ​ទទួលស្គាល់​ថា មាន​ភាពរួសរាយ​ចំពោះ​ភ្ញៀវទេសចរ ហើយ​ប្រទេស​នេះ​ក៏​សម្បូរ​ទៅ​ដោយ​តំបន់​ទេសចរណ៍​ចម្រុះ​ជាច្រើន​ប្រភេទ​ផងដែរ​។

លោក​លើកឡើង​ថា​៖​ «​គ្រប់​ការផ្តល់​ចំណាត់ថ្នាក់​កំពូល ឬ​ការលើកសរសើរ​នឹងមាន​ឥទ្ធិពល​សម្រាប់​ការលើកកម្ពស់​វិស័យ​ទេសចរណ៍​កម្ពុជា​ឱ្យ​ដំណើរ​ឡើងវិញ​ជា​បណ្តើរៗ បន្ទាប់ពី​បាន​ជាប់គាំង​ស្ទើរ​ទាំងស្រុង​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​វិបត្តិ​កូវីដ​ ១៩ កាលពី​ឆ្នាំមុន​»​។

កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា គេហទំព័រ Tripadvisor ក៏បាន​ប្រកាស​ពី​ការស្ទាបស្ទង់​របស់ខ្លួន​ផងដែរ ដោយ​រកឃើញថា តំបន់​ប្រាសាទអង្គរវត្ត ទឹកធ្លាក់ ភូមិ​បណ្តែត​ទឹក និង​ប្រាសាទបន្ទាយស្រី ក្នុង​ខេត្តសៀមរាប​បាន​ជាប់​លេខ​ ១ ក្នុង​ពិភពលោក​ជា​កន្លែង​ទេសចរណ៍​ប្រណីត​សម្រាប់​ដំណើរ​កម្សាន្ត​ក្នុង​រយៈពេល ៣ ​ថ្ងៃ​។

វិបត្តិ​ជំងឺ​កូវីដ​ ១៩ បានធ្វើ​ឱ្យប្រាក់​ចំណូល​ពី​ទេសចរណ៍​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា កាលពី​ក្នុង​ឆ្នាំ​ ២០២០ មាន​ត្រឹម ១,០២៣ ​ពាន់​លាន​ដុល្លារ​ធ្លាក់ចុះ ៧៩,២ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែលមាន ៤,៩១៩ ពាន់​លាន​ដុល្លារ​។ ការធ្លាក់ចុះ​ដ៏គំហុក​នេះ​បាន​ធ្វើឱ្យ​ចំនួន​ទឹកប្រាក់​ដែល​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ចូលរួម​ចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប ​(GDP) ក្នុង​ឆ្នាំ​ ២០២០ មាន​ត្រឹម ៣ ភាគរយ​ប៉ុណ្ណោះ ខណៈ​កាលពី​ឆ្នាំ​ ២០១៩ មាន​ប្រមាណ ១២,១ ​ភាគរយ​។

កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​សរុប ១,៣១ លាន​នាក់​ក្នុង​ឆ្នាំ​ ២០២០ ថយចុះ ៨០,២ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ ដែលមាន ៦,៦១ ​លាន​នាក់​។ សម្រាប់​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ កម្ពុជា​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ ១០២ ៥៦០ ​នាក់ ធ្លាក់ចុះ ៩១,៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​ពី​ក្រសួង​ទេសចរណ៍​៕ LA

វីដេអូ៖