The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​សម្លឹងមើល​ទីផ្សារ​វៀតណាម​សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ ដើម្បី​បញ្ចៀស​ការរាំងស្ទះ​នៅ​ថៃ

កម្ពុជា​សម្លឹងមើល​ទីផ្សារ​វៀតណាម​សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ ដើម្បី​បញ្ចៀស​ការរាំងស្ទះ​នៅ​ថៃ

Content image - Phnom Penh Post
ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ដល់​អ្នក​នាំចេញ​ផ្លែមៀន​ប៉ៃលិន​ឱ្យ​បង្វែរ​ពី​ប្រទេស​ថៃ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ដោះស្រាយ​ទីផ្សារ​មៀន​ក្នុង​រដូវ​ប្រមូលផល​ដែល​ជាប់គាំង​។ សហការី

កម្ពុជា​សម្លឹងមើល​ទីផ្សារ​វៀតណាម​សម្រាប់​ការនាំចេញ​ផ្លែ​មៀន​ ដើម្បី​បញ្ចៀស​ការរាំងស្ទះ​នៅ​ថៃ

ភ្នំពេញៈ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ដល់​អ្នក​នាំចេញ​ផ្លែមៀន​ប៉ៃលិន​ឱ្យ​បង្វែរ​ពី​ប្រទេស​ថៃ​ទៅកាន់​ប្រទេស​វៀតណាម ដើម្បី​ដោះស្រាយ​ទីផ្សារ​មៀន​ក្នុង​រដូវ​ប្រមូលផល​ដែល​ជាប់គាំង​ ដោយសារ​ការបិទ​ព្រំដែន​រវាង​កម្ពុជា-ថៃ​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​​ ១៩​។ ​នេះ​បើតាម​សេចក្តី​ប្រកាស​ព័ត៌មាន​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​នេះ​បាន​ផ្សាយ​កាលពី​ថ្ងៃទី​ ១២ ខែសីហា បានឱ្យដឹងថា ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ទីផ្សារ​ផលិតផល​មៀន​ប៉ៃលិន​ដែល​កំពុង​ប្រឈម​នឹង​របាំង​ភូតគាម​អនាម័យ និង​បញ្ហា​ប្រឈម​នានា​បង្កឡើង​ ដោយ​ការឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩ ក្រសួងកសិកម្ម​សូម​ធ្វើការ​អំពាវនាវ​ដល់​អ្នក​នាំចេញ​គួរ​បង្វែរ​ទៅរក​ទីផ្សារ​ប្រទេស​វៀតណាម ព្រោះ​ភាគី​ទាំង​ ២ ​បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​រួចហើយ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​បងប្អូន​ប្រជាពលរដ្ឋ​គួរ​រួមគ្នា​គាំទ្រ​ផលិតផល​ខ្មែរ ដោយ​ជួយ​ទិញ​ផ្លែ​មៀន​របស់​យើង ក្រោមរូបភាព​ខ្មែរ ជួយ​ខ្មែរ ដោយ​ជួយ​ទិញ​ផ្លែ​មៀន​របស់​ប្រជាកសិករ​យើង ពិសេស​សហគមន៍​កសិកម្ម​មៀន​ប៉ៃលិន​ក្នុង​កាលៈទេសៈ​ដ៏លំបាក​នេះ ហើយ​សូមឱ្យ​ម្ចាស់​ទីតាំង​ផ្សារ​ទំនើប ក្រុមហ៊ុន ឬ​សិប្បកម្ម​កែច្នៃ​កសិផល​ក្នុងស្រុក​គួរ​នាំគ្នា​ជួយប្រមូល​ទិញ​ផ្លែ​មៀន​ប៉ៃលិន​មក​លក់​ចែកចាយ ឬ​ធ្វើការ​កែច្នៃ​សម្រាប់​បម្រើ​ដល់​ការហូបចុក​ក្នុងស្រុក​ជំនួស​ឱ្យ​ការនាំ​ចូល​នូវ​ផ្លែ​មៀន​កំប៉ុង​ពី​ក្រៅប្រទេស​វិញ​»​។

ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សង្ឃឹម​យ៉ាង​មុតមាំ​ថា សាធារណជន​នឹងចូលរួម​ចំណែក​ក្នុង​ស្មារតី ជួយ​លើកកម្ពស់​ផលិតភាព និង​មោទនភាព​ផលិតផល​កសិកម្ម​ជាតិ​ជាក់​ជាមិនខាន​។

បច្ចុប្បន្ន​កម្ពុជា​បាននិងកំពុង​ចរចា​បើក​ទីផ្សារ​សម្រាប់​ផែ្ល​មៀន​ប៉ៃលិន​ជាមួយ​ប្រទេស​ចិន ប៉ុន្តែ​មិនទាន់​ទទួលបាន​ការឆ្លើយតប​ពី​ភាគី​ចិន​នៅឡើយ​ទេ​រហូតមក​ដល់​ពេល​នេះ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍