ភ្នំពេញៈ ប្រាក់ចំណូល​សរុប​របស់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ (PAS) ​ជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ទទួលបាន​ចំនួន ៨៥ ៨៥៧ ៥៥៤ ០០០ រៀល​នៅក្នុង​ត្រីមាស​ទី ២ ឆ្នាំ ២០២១ កើនឡើង ១៣,៥៣ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​ ២ ឆ្នាំ ២០២០​។ ​នេះ​បើតាម​របាយការណ៍​ប្រចាំត្រីមាស​ទី ​២ ឆ្នាំ​ ២០២១ ​នៃ កសស​។

របាយការណ៍​នេះ​បង្ហាញ​ទៀតថា កសស ទទួលបាន​ប្រាក់ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ​ចំនួន ១៤ ០៧៥ ៩៦៧ ០០០ រៀល កើន ៦៨,៧៧ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

លទ្ធផល​នេះ​ដោយសារ​បរិមាណ​កុងតឺន័រ និង​ទំនិញ​ឆ្លងកាត់ PAS ហក់​ឡើង ហើយ​ការចំណាយ​ប្រតិបត្តិការ និង​ការខាតបង់​ប្រាក់​យ៉េន​ (​មិនទាន់​សម្រេច​) មានការ​ថយចុះ​ធៀប​នឹង​ត្រីមាស​ទី​ ២ ឆ្នាំ ២០២០ ធ្វើឱ្យ​ចំណេញ​សុទ្ធ​ក្រោយ​បង់ពន្ធ​មាន​កំណើន ជា​លទ្ធផល​ចំណេញ​ឯកតា​មូលបត្រ​កម្មសិទ្ធិ​មាន​ចំនួន ១៦៤,១១ លាន​រៀល សម្រាប់​ត្រីមាស​ទី​ ២ ឆ្នាំ ២០២១​។

ដោយឡែក ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំនេះ កុងតឺន័រ​ដែល​ឆ្លងកាត់ កសស មាន​ចំនួន ១៨១ ៩៤១ TEUs កើន ចំនួន ៣១ ៦៣៩ ស្មើនឹង ២១,៥ ភាគរយ បើ​ធៀប​នឹង​ត្រីមាស​ទី​ ២ ឆ្នាំមុន​។

លោក លូ គឹម ឈន់ ប្រធាន​អគ្គនាយក​ PPAP ​បានឱ្យដឹង​ក្នុង​របាយការណ៍​នេះ​ថា PPAP ​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង ដើម្បី​បំពេញ​សេវាកម្ម​អាជីវកម្ម​ឱ្យ​កាន់តែ​ប្រសើរ និង​សម្រេចបាន​លទ្ធផល​ខ្ពស់​ជា​ប្រយោជន៍​ដល់​ភាគហ៊ុនិក​របស់ខ្លួន​។

លោក​បន្តថា PPAP ​បាន​ពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​កំណើន​តម្រូវការ​សេវាកម្ម​របស់​អតិថិជន និង​ការរីកចម្រើន​សេដ្ឋកិច្ចជាតិ​។

លោក​ថ្លែងថា​៖ «​ចំណែក ពហុបំណង​របស់ PPAP ​មាន​គោលដៅ​ចូលរួម​លើកកម្ពស់​វិស័យ​កសិកម្ម កសិឧស្សាហកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និង​ពិសេស ដើម្បី​គាំទ្រ​ដល់​ការនាំចេញ​ផលិតផល​កសិកម្ម​របស់​កម្ពុជា ដូចជា អង្ករ ចំណិត​ដំឡូងមី​ស្ងួត និង​ទំនិញ​រាយ ដែលជា​ការឆ្លើយតប​ចំពោះ​យុទ្ធសាស្ត្រ​ពង្រីក​ទីផ្សារ​នាំ​អង្ករ​ចេញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា ការផ្តល់​សេវាកម្ម​ភ័ស្តុភារ​ដល់​ការរុករក​ប្រេង​ក្នុង​ដែនសមុទ្រ​កម្ពុជា​»​។

លោក​បន្ថែមថា​៖ «​ក្រៅពីនេះ ចំណត​ផែ​ពហុបំណង​ក៏មាន​គោលដៅ​ការនាំចេញ​ធ្យូងថ្ម​សម្រាប់​ប្រើប្រាស់​ក្នុង​ការផលិត​ថាមពល​អគ្គិសនី និង​ស៊ីម៉ងត៍ ផងដែរ​»​។

សព្វថ្ងៃ PPAP ​បាននិងកំពុង​អនុវត្ត​គម្រោង​ចំណត​ផែ​កុងតឺន័រ​ថ្មី ដែល​ស្ថិតក្នុង​ដំណាក់កាល​សិក្សា​គំរូ​ប្លង់​លម្អិត​ដែល​ចំណត​ផែ​កុងតឺន័រ​នេះ​នឹង​អាច​អនុញ្ញាតឱ្យ​នាវា​ចំណុះ​ផ្ទុក​ប្រមាណ ៦០ ០០០ តោន ឬ​នាវា​ដឹក​កុងតឺន័រ​ចំណុះ​ផ្ទុក​ប្រមាណ ៥ ០០០ TEUs ជា​ប្រភេទ Post Panamax​ ចូល​ចត​បាន​៕

វីដេអូ៖