ភ្នំពេញៈ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ដែលជា​គ្រឹះស្ថាន​ចុះបញ្ជី​សញ្ញា​បណ្ណ​នៅ​ផ្សារ​មូលបត្រ​កម្ពុជា​ (CSX) ​កាលពី​ថ្ងៃទី​ ១១ ខែសីហា បាន​រាយការណ៍​ពី​ប្រតិបត្តិការ​ដ៏រឹងមាំ​របស់ខ្លួន​នៅ​ឆមាស​ទី​១ ឆ្នាំនេះ​ដោយ​ក្នុងនោះ​ប្រាក់​ចំណេញ​សុទ្ធ​បាន​កើន​ជាង ៨៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

យោងតាម​របាយការណ៍​ហិរញ្ញវត្ថុ​របស់ខ្លួន​ដែល​ផ្ញើ​ទៅឱ្យ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​កាលពី​ថ្ងៃទី​ ១១ សីហា ប្រាក់ចំណេញ​សុទ្ធ​របស់​ប្រាសាក់ មាន​ចំនួន ៦៨,៤៧ ​លានដុល្លារ​ធៀប​នឹង ៣៧,៣៧ ​លាន​ដុល្លារ​ក្នុង​ឆមាស​ទី​១ ឆ្នាំនេះ​ កើនឡើង​ជាង ៨៣ ​ភាគរយ​។

លោក Kwi Sang JUN ប្រធាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​បាន​ឱ្យដឹង​ក្នុង​របាយការណ៍​នេះ​ថា ខណៈ​ការរីករាលដាល​ជំងឺ​កូវីដ​នៅតែ​បន្ត​បាន​បង្ក​ការគំរាម​ដល់​ប្រតិបត្តិការ​អាជីវកម្ម​ប្រាសាក់​បាន​ធ្វើ​សកម្មភាព​យ៉ាង​រហ័ស​ដើម្បី​ប្រឆាំងនឹង​ហានិភ័យ​នេះ និង​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ដើម្បី​ធានា​ការពារ​បុគ្គលិក និង​ផ្ដល់​ការគាំទ្រ​ទាន់​ពេលវេលា​ដល់​អតិថិជន​។

លោក​ថ្លែងថា​៖ «​ទោះបី​ពេលវេលា​នេះ​មិនមាន​ភាពច្បាស់លាស់​ក៏​ប្រាសាក់ បន្ត​រីកចម្រើន​នៅ​គ្រប់ផ្នែក​សំខាន់ៗ​ទាំងអស់ ដែល​រួមមាន​ទ្រព្យសកម្ម​សរុប ប្រាក់​បញ្ញើ ប្រាក់កម្ចី និង​ប្រាក់​ចំណេញ ព្រមទាំង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ផងដែរ​។ យើង​បាន​រៀនសូត្រ​ជាច្រើន​ពី​បញ្ហា​ប្រឈម​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ ដែល​បានធ្វើឱ្យ​ប្រាសាក់​ក្លាយជា​គ្រឹះស្ថាន​ដ៏រឹងមាំ និង​ស្ថិរភាព​មួយ​ក្នុង​រយៈពេល​ជាង ២៥ ​ឆ្នាំ​នៃ​កំណើន​ប្រកប​ដោយ​ចីរភាព​»​។

កាលពី​ពាក់កណ្ដាល​ខែមិថុនា ប្រាសាក់ បាន​បង្កើន​ទុន​ភាគហ៊ុន​ចុះបញ្ជី​របស់ខ្លួន​ពី ២៣០ ​លាន​ដុល្លារ​ដល់​ ៣០០ ​លានដុល្លារ ដើម្បី​សម្រេចបាន​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏ល្អ និង​បង្កើន​ទំនុកចិត្ត​ពី​សាធារណជន​។

ប្រាសាក់ គឺជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​លើកដំបូង​ដែល​បានចេញ​សញ្ញា​បណ្ណ​សាជីវកម្ម​ឈានមុខ​គេ​នៅលើ CSX ក្នុង​ចំនួន​សរុប ១២៧,២ ​ពាន់​លាន​រៀល​។ ជា​លទ្ធផល​នៅ​ចុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១ ទ្រព្យសកម្ម​សរុប​មានតម្លៃ ៣,៨៣ ​ពាន់​លាន​ដុល្លារ កើន ១៤,២៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ តុល្យភាព​ប្រាក់​បញ្ញើ​កើន​ដល់ ២,៣២ ​ពាន់​លានដុល្លារ និង​ផលបត្រ​កម្ចី​ដុល​កើនឡើង​ដល់ ៣,៣៥ ​ពាន់​លាន​ដុល្លារ​។ មូលនិធិ​របស់​ភាគ​ទុនិក​ក៏បាន​កើនឡើង​ផងដែរ និង​បាន​កើនឡើង​ដល់ ៥៨៧ ​លាន​ដុល្លារ​ក្នុងអំឡុងពេល​រាយការណ៍​នេះ​។ ម្យ៉ាងទៀត ប្រាសាក់​បាន​បង្កើន​ទុន​ចុះបញ្ជី​របស់ខ្លួន​ដល់ ៣០០ ​លាន​ដុល្លារ​នៅ​ត្រីមាស​នេះ​។

កម្ពុជា​បាន​ជួបប្រទះ​ស្ថានការណ៍​លំបាក​ដោយសារ​តែ​អ្វីដែល​ហៅថា «​ការផ្ទុះ​ឡើង​នៃ​ការរីករាលដាល​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​ ២០ ​កុម្ភៈ​» ​ដែល​បាន​កើតឡើង​ចាប់ពី​ត្រីមាស​ដំបូង​មកដល់​សព្វថ្ងៃនេះ​។ ការព្យាករ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​បាន​បន្ទាបមក​នៅត្រឹម ២,៥ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២១ ធៀប​នឹង ៤ ​ភាគរយ​ដែល​បាន​ព្យាករ​កាលពី​លើក​មុន​៕ LA