ភ្នំពេញ៖ រាជរដ្ឋាភិបាល​បាន​សម្រេច​អនុវត្ត​គម្រោង​កែ​លម្អ​ឆ្នេរ​ភក់​ទៅ​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​ប្រវែង ២ ៧០០ ម៉ែត្រ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​កាន់តែ​ច្រើន​នៅ​ខេត្ត​កែប។

គម្រោង​នេះ នឹង​អនុវត្ត​ចាប់​ពី​ផ្សារ​ក្តាម​ទៅ​ដល់​ព្រៃកោងកាង ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុង​កែប ខេត្តកែប។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង និង​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា (គ.អ.ឆ.ក.) បាន​ឱ្យ​ដឹង​ថា គ.អ.ឆ.ក. រៀបចំ​កែលម្អ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ​កម្រិត​ខ្ពស់​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ ដែល​មាន​ទទឹង​ប្រវែង​យ៉ាង​តិច ៣០ ម៉ែត្រ និង​បណ្តោយ​ប្រវែង ២ ៧០០ ម៉ែត្រ ដោយ​ការ​រៀបចំ​គ្រឹះ និង​ចាក់​ខ្សាច់​ស​ល្អ​សម្រាប់​ជា​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ។

គម្រោង​នេះ ក៏​នឹង​រៀបចំ​សួន​ច្បារ​សាធារណៈ និង​ដាំ​ដើម​ឈើ​នៅ​លើ​ដី​ចំណី​ឆ្នេរ​សមុទ្រ​ដែល​មាន​ទទឹង​ប្រវែង ៥០ ម៉ែត្រ និង​បណ្ដោយ​ប្រវែង ២ ៧០០ ម៉ែត្រ ដោយ​ការ​រៀបចំ​គ្រឹះ និង​ចាក់​ដី​មាន​ជី​ជាតិ​ល្អ​សម្រាប់​សួន​ច្បារ និង​ការ​ដាំ​ដើម​ឈើ។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ត​ថា ថវិកា​សម្រាប់​ការ​រៀបចំ​កែ​លម្អ​ឆ្នេរ​ខ្សាច់​កម្សាន្ត​សាធារណៈ សួន​ច្បារ​សាធារណៈ និង​ដាំ​ដើម​ឈើ​នៅ​លើ​ដី​ចំណី​ឆ្នេរ​សមុទ្រ​ជា​ការ​ចូលរួម​របស់​ម្ចាស់​ដី​នៅ​ជាប់​ឆ្នេរ​សមុទ្រ ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ដី​ប្រវែង ៥០ ម៉ែត្រ បន្ត​ពី​ព្រំ​ដី​កម្មសិទ្ធិ ឆ្ពោះ​ទៅ​សួន​ច្បារ។

គម្រោង​នេះ នឹង​ពង្រីក​ឆ្នេរ​ខ្សាច់​កាន់​តែ​ធំ​ទូលាយ​បន្ត​ពី​សួន​ច្បារ​សំដៅ​លើក​កម្ពស់​សោភណភាព និង​បរិស្ថាន ប្រែ​ក្លាយ​ពី​តំបន់​ដែល​មិន​មាន​ការ​អភិវឌ្ឍ​ទៅ​ជា​តំបន់​ទេសចរណ៍​ពិសិដ្ឋ មាន​វិសាលភាព​ធំ ទូលាយ ទាក់ទាញ​ភ្ញៀវ​ទេសចរ បង្កើត​មុខ​របរ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​តំបន់ ក៏ដូចជា​សេដ្ឋកិច្ច​ជាតិ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន៕

លោក សោម ចិន្តា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​បាន​ស្វាគមន៍​ចំពោះ​រដ្ឋាភិបាល​ដែល​បានសម្រេច​អភិវឌ្ឍ​កែលម្អ​តំបន់ឆ្នេរ​ថ្មី​ក្នុង​ការពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​នៅក្នុង​ខេត្ត​កែប​។

លោក​បាន​និយាយថា​៖ «​ខ្ញុំ​មិនទាន់​ទទួលបាន​ព័ត៌មាន​ពី​ការដំណើរ​អនុវត្ត​គម្រោង​នេះ​នៅពេលណា​នោះទេ ដោយ​វា​អាស្រ័យ​លើ​ថ្នាក់ជាតិ​ជា​អ្នកសម្រេច​។ ខ្ញុំ​សូម​អបអរសាទរ​ដែល​រាជរដ្ឋាភិបាល​សម្រេច​អនុម័ត​គម្រោង​នេះ​។ ខ្ញុំ​ជឿថា ការអភិវឌ្ឍ​តំបន់ឆ្នេរ​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទស្សនា​ខេត្ត​កែប​កាន់តែច្រើន​»​។

បច្ចុប្បន្ន​ខេត្ត​កែប​មាន​ឆ្នេរសមុទ្រ​តែ ១ ​គត់ ដោយមាន​ប្រវែង​សរុប ៣៥០ ម៉ែត្រ ហើយ​ខេត្ត​កែប​មាន​កោះ​ចំនួន ១២ និង​ថ្មបប្រ៉ះ​ទឹក​ ១ ដែលជា​តំបន់​សក្តានុពល​ទេសចរណ៍​ឆ្នេរសមុទ្រ​។ នេះ​បើតាម លោក ចិន្តា​៕ LA