ភ្នំពេញៈ ប្រទេស​ចិន បាន​ដាក់​បម្រាម​មិន​កំណត​ចំពោះ​ផ្លែ​មៀន​របស់​ថៃ ដោយសារ​ការ​ចម្លង​មេរោគ​ជាមួយ​សត្វ​ល្អិត​ចង្រៃ ដែល​បម្រាម​នេះ ត្រូវ​បាន​អនុវត្ត​ចាប់​ពី​នៅ​ថ្ងៃសុក្រ​នេះ។ នេះ​បើ​តាម​សារព័ត៌មាន​ថៃ Bangkok Post។

ការ​កំណត់​បម្រាម​នេះ ធ្វើ​ឡើង​ស្រប​ពេល​ថៃ​ក៏​បាន​ហាម​ការ​នាំចូល​មៀន​ប៉ៃលិន​ពី​ប្រទេស​កម្ពុជា។

លោក Somdet Susomboon អគ្គនាយក​នៃ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​ការ​ហាម​ឃាត់​នេះ ដោយសារ​តែ​សត្វ​ល្អិត​ចង្រៃ​ត្រូវ​បាន​គេ​រក​ឃើញ​ក្នុង​ចំណោម​ការ​នាំចេញ​មៀន​របស់​ថៃ។

លោក​បាន​ចាត់​តាំង​អ្នក​តំណាង​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន ដើម្បី​ស្វែងរក​ការ​ពន្យារពេល​ចំពោះ​ការ​ហាម​ឃាត់​នេះ ដោយសារ​តែ​វា​ត្រូវ​បាន​ដាក់​ចេញ​ក្នុង​ពេល​ដ៏​ខ្លី​បំផុត។ នេះ​បើ​តាម​កាសែត Bangkok Post។

លោក​ថា៖ «ប្រសិន​បើ​ការ​ចរចា​បរាជ័យ​ការ​នាំចេញ​ផ្លែមៀន​របស់​ថៃ​ នឹង​រង​ផល​ប៉ះពាល់​ព្រោះ​ការ​នាំចេញ​មៀន​ថៃ ៧០-៨០% ត្រូវ​បាន​កំណត់​សម្រាប់​ប្រទេស​ចិន។ នាយកដ្ឋាន​នេះ​នឹង​ស្វែងរក​ទីផ្សារ​សក្តានុពល​នៅ​អាស៊ីអាគ្នេយ៍ ដើម្បី​ទូទាត់​សង»។

កាល​ពី​ថ្ងៃទី ១២ សីហា ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អំពាវនាវ​ដល់​អ្នក​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន ឱ្យ​បង្វែរ​ពី​ប្រទេស​ថៃ​ ទៅ​កាន់​ប្រទេស​វៀតណាម បន្ទាប់​ពី​ថៃ​មិន​អនុញ្ញាត​ឱ្យ​នាំចូល​មៀន​ប៉ៃលិន​របស់​កម្ពុជា​តាម​ច្រក​ព្រំដែន​គោក​រវាង​ប្រទេស​ទាំង ២។

ដើម្បី​ចូលរួម​ចំណែក​ដោះ​ស្រាយ​បញ្ហា​ទីផ្សារ​ផលិតផល​មៀន​ប៉ៃលិន ដែល​កំពុង​ប្រឈម​នឹង​របាំង​ភូតគាម​អនាម័យ និង​បញ្ហា​ប្រឈម​នានា​បង្ក​ឡើង​ដោយ​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩ ក្រសួង​កសិកម្ម​សូម​ធ្វើ​ការ​អំពាវនាវ​ដល់​អ្នក​នាំចេញ​គួរ​បង្វែរ​ទៅ​រក​ទីផ្សារ​ប្រទេស​វៀតណាម ព្រោះ​ភាគី​ទាំង ២ បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​រួច​ហើយ។ នេះ​បើ​តាម​ក្រសួង​កសិកម្ម៕