ភ្នំពេញៈ ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ដែល​ទើប​ត្រូវបាន​រដ្ឋាភិបាល​អនុម័ត​ឱ្យប្រើ​កាលពី​សប្តាហ៍​មុន នឹង​ក្លាយជា​ត្រីវិស័យ​ដ៏សំខាន់​សម្រាប់​អាជ្ញាធរ ក៏ដូចជា​ផ្នែក​ពាក់ព័ន្ធ​ក្នុង​ការប្រែក្លាយ​ទីនោះ​ទៅជា​កន្លែង​ដ៏មាន​សក្តានុពល​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យបាន​កាន់តែច្រើន​។

លិខិត​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ១២ ខែសីហា ដែល​ចុះហត្ថលេខា​ដោយ​រដ្ឋលេខាធិការ​ប្រចាំការ លោក ហ៊ីង ថូរ៉ាក់ស៊ី ឱ្យដឹងថា អាស្រ័យ​លើ​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​​កូវីដ ១៩ ដែល​មិនទាន់​ស្រាកស្រាន្ត រដ្ឋាភិបាល​កម្ពុជា​បាន​ឯកភាព​ដាក់ឱ្យ​ប្រើប្រាស់​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ដូចដែល​បាន​អនុវត្ត​កន្លងមក​ចំពោះ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប​ (២០២១-២០៣៥) និង​ផែនទី​ចង្អុល​ផ្លូវ​ក្នុង​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ត្រូវបាន​សិក្សា​រៀបចំ​ដោយ​គណៈកម្មការ​អន្តរក្រសួង ដែល​ដឹកនាំ​ដោយ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​។ ផែនការ​នេះ​បានចាប់ផ្តើម​ដំណើរការ​រៀបចំ​កាលពី​ខែសីហា ឆ្នាំ​ ២០២០ និង​បានបញ្ចប់​ក្នុង​ខែសីហា ឆ្នាំ​ ២០២១​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​លិខិត​មួយ​កាលពី​ថ្ងៃទី​ ៩ ខែសីហា បាន​លើកឡើងថា វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ភាពរីកចម្រើន​ដែល​ពោរពេញ​ដោយ​សក្តានុពល​សម្រាប់​ការអភិវឌ្ឍ ហើយ​វា​នឹង​រួមចំណែក​យ៉ាងច្រើន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ខេត្ត ក៏ដូចជា​សេដ្ឋកិច្ចកម្ពុជា​ទាំងមូល​។

លោក​បន្តថា ក្នុងន័យនេះ​រដ្ឋាភិបាល​នឹង​តម្រង់ទិស​ការអភិវឌ្ឍ​ក្នុង​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ​របស់​ខេត្ត ដោយ​ឈរលើ​ស្ថានភាព​ជាក់ស្តែង និង​ប្រភព​ធនធាន​សក្តានុពល​សម្រាប់​ការវិនិយោគ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ និង​អន្តរ​វិស័យ​ក្នុង​ក្តីសង្ឃឹម​ប្រកប​ដោយ​សុទិដ្ឋិនិយម​ថា ការអភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព និង​ការទទួល​ខុសត្រូវ​នៃ​វិស័យនេះ​នឹង​បង្កើត​បាន​ជា​ផលប្រយោជន៍​សេដ្ឋកិច្ចសង្គម​សម្រាប់​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​​រួមចំណែក​ដល់​ការថែរក្សា​ការពារ និង​អភិរក្ស​ធនធាន​ធម្មជាតិ បេតិកភណ្ឌ​វប្បធម៌ និង​រក្សាបាន​នូវ​អត្តសញ្ញាណ​ដើម​របស់​ខេត្ត​។

លោក ធួន ស៊ីណាន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​និយាយថា ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី នឹងមិន​ត្រឹមតែ​រួមចំណែក​លើកកម្ពស់ និង​តម្រង់ទិស​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​អាចជួយ​ការពារ និង​អភិរក្ស​តំបន់​ព្រៃ​ធម្មជាតិ​ដែល​កំពុង​ទទួលរង​ការ​រុករាន​ទន្ទ្រាន​ពី​សំណាក់​មនុស្ស​មួយចំនួន​ផងដែរ​។ ផែនការមេ​អភិវឌ្ឍន៍​នេះ​នឹង​ផ្តល់នូវ​ភាពវិជ្ជមាន​ច្រើន​សម្រាប់​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ ក៏ដូចជា​អ្នកពាក់ព័ន្ធ​ផ្ទាល់ និង​ប្រយោល​។

លោក​បញ្ជាក់ថា​៖ «​ការអនុម័ត​ផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី គឺ​ពិតជា​មាន​សារៈសំខាន់​ក្នុង​ការតម្រង់ទិស​ចំពោះ​អ្វីដែល​កំពុង​អនុវត្ត​នៅពេលនេះ ដើម្បី​ធ្វើឱ្យ​ខេត្ត​នេះ​មាន​និរន្តរភាព​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​យូរអង្វែង​»​។

ទោះយ៉ាងណា ដោយសារ​ធនធាន​មនុស្ស​នៅក្នុង​វិស័យ​ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ​នៅ​ខេត្ត​មណ្ឌលគិរី​នៅ​មាន​ចំនួន​តិចតួច​នោះ លោក​លើក​ឡើង​ថា ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​បដិសណ្ឋារកិច្ច និង​ការផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​បាន​យល់ដឹង​ពី​សារៈសំខាន់​វិស័យ​ទេសចរណ៍​សម្រាប់​កំណើន​សេដ្ឋកិច្ច គឺជា​ផ្នែក​សំខាន់​ដែល​រដ្ឋាភិបាល​ត្រូវ​យកចិត្ត​ទុកដាក់​។

លោក ងិន សុវិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​និយាយ​ថា ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នឹង​ក្លាយជា​ផែនទី​បង្ហាញ​ក៏ដូចជា​ការកែតម្រូវ​បញ្ហា​មួយចំនួន​ដែល​កំពុង​កើតមាន ដើម្បី​ធ្វើឱ្យ​ខេត្ត​កាន់តែ​មាន​សក្តានុពល​ទាក់ទាញ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​។

លោក​បន្តថា តាមរយៈ​នេះ​លោក​សង្ឃឹមថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ រួមទាំង​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ខ្នាត​តំបន់​ក្នុង​ខេត្ត ក៏​នឹង​ឆាប់​ចេញ​ជា​រូបរាង​ដែរ​។ លោក​ប្រាប់ទៀតថា​៖ «​តាមរយៈ​ការអនុម័ត​ផែនការ​មេនេះ ខ្ញុំ​រំពឹងថា ខេត្តមណ្ឌលគិរី​នឹង​អាច​ស្រូប​ទាញ​បាន​ភ្ញៀវទេសចរ​កាន់តែ​ច្រើន​បន្ទាប់ពី​ជំងឺ​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន​ទាំងស្រុង​»​។

បើតាម​លោក សុវិមាន បច្ចុប្បន្ន​ក្នុង​ខេត្ត​មណ្ឌលគិរី​មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​ប្រមាណ ១ ២០០ ​បន្ទប់​។

រដ្ឋាភិបាល​កម្ពុជា​កន្លង​មក​បាន​ប្រកាស​ពី​ផែនការ​កសាង​ព្រលាន​យន្តហោះ​ខ្នាត​តំបន់​នៅលើ​ផ្ទៃដី​ប្រហែល ៣០០ ​ហិកតា ​ក្នុងស្រុក​អូររាំង ខេត្តមណ្ឌលគិរី ដោយ​តាម​ការប៉ាន់ស្មាន​អាច​នឹងមាន​តម្លៃ ៨០ ​លាន​ដុល្លារ​។

អ្នកនាំពាក្យ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ិន ចាន់សេរីវុត្ថា ធ្លាប់​និយាយថា កាលបរិច្ឆេទ​កសាង​គម្រោង​នេះ​អាច​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០២២៕ LA

វីដេអូ៖