ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​អះអាងថា ការហាមឃាត់​ការនាំ​ចូល​ផ្លែ​មៀន​របស់​ថៃ​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ដោយ​គ្មាន​កាលកំណត់​ បន្ទាប់ពី​រកឃើញ​មាន​សមាសធាតុ​ចង្រៃ បាន​ជះឥទ្ធិពល​ដល់​ការនាំ​ចេញ​ផ្លែ​មៀន​ប៉ៃលិន​របស់​កម្ពុជា​។

លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​លោក​ថា រដ្ឋាភិបាល​ចិន​បានប្រកាស​បិទ​ដោយ​គ្មាន​កាលកំណត់​នូវ​ការនាំចូល​ផ្លែ​មៀន​ពី​ប្រទេស​ថៃ កាលពី​ថ្ងៃ​សុក្រ ទី​ ១៣ ខែសីហា ដោយសារ​នៅលើ​ផ្លែ​មៀន​នាំចូល​ពី​ប្រទេស​ថៃ​មាន​ជាប់​នូវ​ចៃ​ម្សៅ ឬ​ហៅថា​ក្រា​ម្សៅ​។ បើ​និយាយ​ពី​សុវត្ថិភាព​អាហារ ចៃ​នោះ​មិន​បង្ក​ជាតិពុល​ក្នុង​ផ្លែ​មៀន​ទេ ប៉ុន្តែ​បើ​និយាយ​ពី​សន្តិសុខ​ភូតគាម​អនាម័យ ចៃ​ម្សៅ ជា​សត្វល្អិត​ចង្រៃ​ដែល​ទីផ្សារ​អន្តរជាតិ​ទប់ស្កាត់​។

លោក​បន្តថា ករណី​ស្រដៀង​គ្នា​នេះ​នៅ​ឆ្នាំ​ ២០១៦ ប្រទេស​ចិន​ក៏​ធ្លាប់បាន​កម្ទេចចោល​ផ្លែ​ចេក​ដែល​នាំចូល​មកពី​ប្រទេស​ហ្វីលីពីន និង​ហាម​ការនាំចូល​ម្តង​រួចហើយ​។

លោក​សរសេរ​ទៀតថា​៖ «​សូម​ចាំ​ថា ផលិតផល​ណាក៏ដោយ (​ចេក ស្វាយ អង្ករ​) ដែល​អាច​នាំចេញ និង​កំពុង​នាំចេញ​បាន​ទៅ​ទីផ្សារ​អន្តរជាតិ ដោយ​ការខិតខំ​ចរចា​របស់​រាជរដ្ឋាភិបាល​ដែល​ចរន្ត​នោះ ក៏​អាច​ងាយ​បាត់បង់​ទៅវិញ ដោយ​មូលហេតុ​ថា សមត្ថភាព​មាន​កម្រិត​ក្នុង​ការដាំដុះ ការវេចខ្ចប់ នាំចេញ ពិសេស​មិន​ស៊ីជម្រៅ​លើ​លក្ខខណ្ឌ​នៃ​របាំង​មិនមែន​ពន្ធគយ និង​ភាពមិន​ស្មោះត្រង់​របស់​អ្នក​នាំចេញ​។

លោក​សរសេរថា ការដាំដុះ​នៅក្នុង​សម័យ​ពាណិជ្ជកម្ម​សេរី ពិតជា​ទាមទារ​សមត្ថភាព​ខ្ពស់ មិនមែន​គ្រាន់តែ​ចេះ​ដាំ​បាន​ល្អ​នោះទេ ពិសេស​ត្រូវតែ​យល់ច្បាស់​លក្ខខណ្ឌ និង​តម្រូវការ​ទីផ្សារ​។

លោក​សរសេរថា​៖ «​ការបិទ​នាំចូល​មៀន​ថៃ​ពី​រដ្ឋាភិបាល​ចិន ក៏​ជះឥទ្ធិពល​លើ​មៀន​ប៉ៃលិន​របស់​កម្ពុជា​ដែរ គឺ​ថៃ​ប្រាកដជា​នឹង​ឈប់​ទិញ​មៀន​ប៉ៃលិន​ពី​កម្ពុជា ដែល​កន្លងមក​ថៃ​ទិញ​មៀន​ប៉ៃលិន​ដើម្បី​វេចខ្ចប់​នាំចេញ​ទៅកាន់​ប្រទេស​ចិន​ជាសំខាន់​»​។

លោក Somdet Susomboon ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋាភិបាល​ចិន​បាន​អនុវត្ត​ការហាមឃាត់​នេះ ដោយសារ​សត្វល្អិត​ចង្រៃ​ត្រូវបាន​គេ​រកឃើញ​ក្នុង​ចំណោម​ការនាំចេញ​មៀន​របស់​ថៃ​។ ​លោក​បាន​ចាត់តាំង​អ្នកតំណាង​ពាណិជ្ជកម្ម​នៅ​ប្រទេស​ចិន​ដើម្បី​ស្វែងរក​ការពន្យារពេល​ចំពោះ​ការហាមឃាត់​នេះ​ដោយសារតែ​វា​ត្រូវបាន​ដាក់ចេញ​ក្នុងពេល​ដ៏ខ្លី​បំផុត​។ នេះ​បើ​យោងតាម​កាសែត Bangkok Post​។

លោក​លើកឡើងថា​៖ «​បើ​ការចរចា​បរាជ័យ ការនាំចេញ​ផ្លែ​មៀន​របស់​ថៃ​នឹងរង​ផលប៉ះពាល់​ព្រោះ​ការនាំចេញ​មៀន​ថៃ ៧០-៨០ ​ភាគរយ ត្រូវ​កំណត់​សម្រាប់​ប្រទេស​ចិន​។ នាយកដ្ឋាន​នឹង​ស្វែងរក​ទីផ្សារ​សក្តានុពល​នៅ​អាស៊ី​អាគ្នេយ៍​ដើម្បី​ទូទាត់​សង​»​។

លោក សួន ជុំ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មៀន​ប៉ៃលិន​បាន​ប៉ាន់ប្រមាណ​ថា មៀន​ប៉ៃលិន​ប្រមាណ ៥ ​ម៉ឺន​តោន​នឹង​ប៉ះពាល់​ដោយសារ​ករណីនេះ ហើយ​មៀន​ប៉ៃលិន ៧០ ​ភាគរយ​បាន​នាំ​ចេញទៅ​ចិន​ដោយ​ឆ្លងកាត់​ប្រទេស​ថៃ និង ៣០ ​ភាគរយ សម្រាប់​ផ្គត់ផ្គង់​នៅ​ទីផ្សារ​ក្នុងស្រុក​។

លោក​ប្រាប់ថា​៖ «​ប្រសិនបើ​ផ្លែ​មៀន​មិនអាច​នាំចេញ​នឹង​ខូចខាត​អស់​ក្នុង​រយៈពេល​យ៉ាងយូរ ២០ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃ​បេះ​ផ្លែ​មៀន​ទាំងអស់​នឹងត្រូវ​បោះចោល ព្រោះ​យើង​គ្មាន​ឃ្លាំង​ស្តុក​»​។

កាលពី​ថ្ងៃទី​ ១២ ខែសីហា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​អំពាវនាវ​ដល់​អ្នក​នាំចេញ​ផ្លែ​មៀន​ប៉ៃលិន​ឱ្យ​បង្វែរ​ពី​ប្រទេស​ថៃ​ទៅកាន់​ប្រទេស​វៀតណាម​ បន្ទាប់ពី​ប្រទេស​ថៃ​មិន​អនុញ្ញាត​ឱ្យ​នាំចូល​មៀន​ប៉ៃលិន​របស់​កម្ពុជា​តាម​ច្រកព្រំដែន​គោក​រវាង​ប្រទេស​ទាំង​ ២​។

ដើម្បី​រួមចំណែក​ដោះស្រាយ​ទីផ្សារ​ផលិតផល​មៀន​ប៉ៃលិន​ដែល​កំពុង​ប្រឈម​នឹង​របាំង​ភូតគាម​អនាម័យ និង​បញ្ហា​ប្រឈម​នានា​ដោយសារ​ការឆ្លង​រាតត្បាត​កូវីដ​ ១៩ ក្រសួងកសិកម្ម​បាន​អំពាវនាវ​ឱ្យ​អ្នក​នាំចេញ​គួរ​បង្វែរ​ទៅ​ទីផ្សារ​វៀតណាម ព្រោះ​ភាគី​ទាំង ២ បាន​ឯកភាព​គ្នា​លើ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​រួចហើយ​។ នេះ​បើតាម​ក្រសួងកសិកម្ម​៕ LA

វីដេអូ៖