ភ្នំពេញៈ សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) ​ដែលជា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុន​មួយចំនួន​បានទទួល​កម្ចី​ប្រមាណ​ ៥០ ​លាន​ដុល្លារ​ហើយ​ សម្រាប់​ធ្វើជា​ទុន​បង្វិល​ក្នុងការ​ទិញស្រូវ​ពី​ប្រជាកសិករ​នៅ​រដូវ​ប្រមូល​ស្រូវប្រាំង​ឆ្នាំនេះ ដែល​គេ​រំពឹងថា ទិន្នផល​ស្រូវ​ប្រមូលបាន​នឹងមាន​ចំនួន​ជិត ៣ ​លាន​តោន​។ នេះ​បើ​យោងតាម​ថ្នាក់ដឹកនាំ​របស់ CRF​។

លោក យន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ (CRF) បានឱ្យដឹងថា ប្រាក់​ប្រមាណ ៥០ ​លាន​ដុល្លារ​រួចហើយ​ដែល​សមាជិក​សហព័ន្ធ​ជា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ និង​ក្រុមហ៊ុន​នាំចេញ​ខ្ចី​ពី​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម (ARDB) ​សម្រាប់​ជា​ទុន​បង្វិល​ក្នុង​ការទិញស្រូវ​ពី​កសិករ​។

លោក​និយាយថា​៖ «​អ្វីដែល​យើង​ដឹង​គឺ​ចាប់​ដើមខែ​នេះ​មក ពួកគាត់​បាន​ខ្ចីប្រាក់​ពី ARDB ជិត ៥០ ​លាន​ដុល្លារ​រួចហើយ​។ ​ប៉ុន្តែ​ដើម្បី​ដឹង​ចំនួន​ជាក់លាក់​ទាល់តែ​ធនាគារ ARDB ទើប​អាច​បញ្ជាក់បាន​ច្បាស់ ព្រោះ​ជា​អតិថិជន​របស់គាត់ ហើយ​រហូតមក​ពេលនេះ​ប្រហែល​ជា​អាច​លើស​នេះ​ទៀតផង​»​។

លោក ចាន់ ពេជ្រ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Signature of Asia ដែលជា​ក្រុមហ៊ុន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា កាលពី​ខែ​មុន​ក្រុមហ៊ុន​របស់លោក​បានទទួល​បាន​កម្ចី​មួយចំនួន​រួច​ហើយពី ARDB សម្រាប់​ជា​ទុន​បង្វិល​សម្រាប់​ទិញស្រូវ​ពី​កសិករ​។ ក្រុមហ៊ុន​លោក​មាន​ផែនការ​ទិញស្រូវ ១០ ០០០ ​តោន​ក្នុងឆ្នាំនេះ​។

លោក​ប្រាប់ថា​៖ «​ក្រុមហ៊ុន​បាន​ត្រៀមខ្លួន​ដើម្បី​ខ្ចី​បន្ថែមទៀត​សម្រាប់​ប្រមូល​ទិញស្រូវ​នៅក្នុង​រដូវ​ប្រមូលផល​ក្នុង​ខែ​ ១០-១១ ខាងមុខ​»​។

ចាប់តាំងពី​ឆ្នាំ​ ២០១៦ រហូតមកដល់​បច្ចុប្បន្ន ARDB បានទទួល​កញ្ចប់​ថវិកា​ក្រោម​កម្មវិធី​ពិសេស​ពី​រដ្ឋាភិបាល ៨០ ​លាន​ដុល្លារ​ដោយ​មិនទាន់​រាប់បញ្ចូល​មូលនិធិ​ទ្រទ្រង់ និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដែល ARDB ទើប​ទទួលបាន​សម្រាប់​បង្កើន​ដើមទុន​ក្នុង​ការជំរុញ​ការទិញ​ស្រូវ​ពី​កសិករ​សំដៅ​ធ្វើឱ្យ​តម្លៃ​ស្រូវ​មាន​ស្ថិរភាព និង​បង្កើន​សន្និធិ​ស្រូវ​សម្រាប់​ផ្គត់ផ្គង់​ដល់​ការកែច្នៃ​អង្ករ​ផ្គត់ផ្គង់​តម្រូវការ​ក្នុងប្រទេស និង​នាំចេញ​។

ARDB ឱ្យដឹងថា​៖ «​ក្រោម​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​រដ្ឋាភិបាល និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ យើង​បាននិង​កំពុង​ផ្តល់​ឥណទាន​ជា​ទុន​បង្វិល​គាំទ្រ​ដល់​បណ្តា​រោង​ម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុន​កិន​កែច្នៃ និង​ក្រុមហ៊ុននាំចេញ​អង្ករ ដើម្បី​ប្រមូល​ទិញស្រូវ​ពី​ប្រជាកសិករ​នៅ​គ្រប់​រដូវ​ប្រមូលផល​ដោយ​ទទួលយក​សន្និធិ​ស្រូវ​អង្ករ ជា​វត្ថុ​ធានា​បំណុល ស្របតាម​គោលនយោបាយ​រដ្ឋាភិបាល​»​។

CRF ឱ្យដឹងទៀតថា បច្ចុប្បន្ន​កម្ពុជា​កំពុង​ប្រមូលផល​ស្រូវប្រាំង​ជុំ​ទី​ ២ ចន្លោះ​ពី​ខែកក្កដា ដល់​ខែកញ្ញា ឆ្នាំ​ ២០២១ លើ​ផ្ទៃដី ៥៦៣ ៣៩៤ ​ហិកតា ដោយ​រំពឹង​ទទួលបាន​ទិន្នផល​ប្រមាណ ២,៨២ ​លាន​តោន​។

ទិន្នន័យ​ពី CRF បង្ហាញថា កម្ពុជា​បាន​នាំចេញ​អង្ករ​សរុប​ ៣០៩ ៨៦៥ ​តោន​នៅក្នុង​រយៈពេល ៧ ​ខែ​ឆ្នាំ​ ២០២១ គិត​ជា​ប្រាក់ ២២៣,៨៥ ​លាន​ដុល្លារ ចំណែក​ការនាំចេញ​ស្រូវ​បាន​ចំនួន ២ ០០៨ ២៤១ តោន គិត​ជា​ប្រាក់​ជាង ៥០៣,០៩ លាន​ដុល្លារ​៕ LA