ភ្នំពេញៈ កម្ពុជា​កំពុង​ពិនិត្យ​លទ្ធភាព​ជ្រើសរើស​ធនាគារ​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ​ (ARDB) ជា​យន្តការ​ហិរញ្ញប្បទាន​បៃតង​ក្នុង​គោលបំណង​ ដើម្បី​ទាក់ទាញ​ការវិនិយោគ​បៃតង​នៅ​កម្ពុជា​។

ផែនការ​នេះ​ត្រូវបាន​បង្ហើប​នៅក្នុង​កិច្ចពិភាក្សា​លើ​ការរៀបចំ​ស្ថាប័ន​ហិរញ្ញប្បទាន​បៃតង​សម្រាប់​កម្ពុជា​កាលពី​សប្តាហ៍​មុន តាម​ប្រព័ន្ធ​អនឡាញ​។

កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​តំណាង​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រសួង​បរិស្ថាន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធនាគារជាតិ​នៃ​កម្ពុជា ធនាគារ​អភិវឌ្ឍន៍​កសិកម្ម និង​ជនបទ និង​ក្រុមហ៊ុន Mekong Strategic Partners ព្រមទាំង​តំណាង​ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក​ខាងត្បូង សរុប​ទាំងអស់​មាន​ចំនួន ៣៣ ​នាក់​។

ក្នុង​កិច្ចប្រជុំ​នេះ ស្ថាប័ន​ហិរញ្ញប្បទាន​បៃតង ដែល​ប្រតិបត្តិ​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាហ្វ្រិក​ខាងត្បូង បានធ្វើការ​ចែករំលែក​នូវ​បទពិសោធ និង​ភាពជោគជ័យ​ដែល​ធនាគារ​នេះ​ទទួលបាន​មូលនិធិ​ពី​យន្តការ​នៃ​មូលនិធិ​អាកាសធាតុ​បៃតង​ (GCF) ​សម្រាប់​ការអភិវឌ្ឍ​គម្រោង​វិនិយោគ​បៃតង​នៅក្នុង​ប្រទេស​របស់ខ្លួន ដោយ​ទាញយក​មូលនិធិ​បាន​រហូត​ ១០០ ​លាន​ដុល្លារ​នៅ​ឆ្នាំ​ ២០១៩​។

លោក វ៉ាន់ មុនីនាថ អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លើកឡើងថា ដោយសារ​មាន​សន្តិភាព ស្ថិរភាព​នយោបាយ​ល្អ​បាន​នាំឱ្យ​កម្ពុជា​មានឱកាស​គិតគូរ​ពី​ការបង្កើត​ស្ថាប័ន​ហិរញ្ញប្បទាន​បៃតង​ដើម្បី​ទាញយក​មូលនិធិ​អាកាសធាតុ​បៃតង​សកល​សម្រាប់​គម្រោង​វិនិយោគ​បៃតង​នៅ​កម្ពុជា​។

លោក​និយាយថា​៖ «​ក្រុម​ការងារ​អន្តរក្រសួង​បាន​ពិនិត្យ និង​ពិភាក្សា​ជាច្រើនលើក អំពី​ការជ្រើសរើស​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​ (ARDB) ​ជា​ធនាគារ​មួយ​បំពេញ​តួនាទី​សមស្រប​សម្រាប់​កម្ពុជា​ធ្វើការ​ប្រតិបត្តិ​ហិរញ្ញប្បទាន​នេះ ដើម្បី​ឆ្លើយតប​នឹង​កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវចម្រុះ និង​ការអភិវឌ្ឍ​ដោយ​ចីរភាព​។

លោក កៅ ថាច អគ្គនាយក​ធនាគារ ARDB បានលើកឡើង​ក្នុង​កិច្ចប្រជុំ​ដាច់ដោយឡែក​កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា ថា ARDB កំពុង​ស្វែងរក​ការប្រឹក្សា​យោបល់​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD) និង​ក្រុមហ៊ុន Mekong Strategic Partners ដើម្បី​ពិនិត្យ​លទ្ធភាព និង​យន្តការ​នៃ​ផ្តល់​ហិរញ្ញប្បទាន​បៃតង ក្រោម​មូលនិធិ​អាកាសធាតុ​បៃតង (Green Climate Fund-GCF) ​តាមរយៈ AFD​។

GCF ដំណើរការ​តាមរយៈ​បណ្តាញ​អង្គភាព​ដែលមាន​ការទទួលស្គាល់​ជាង ២០០ និង​ដៃគូ​ចែកចាយ​ដែល​ធ្វើការ​ផ្ទាល់​ជាមួយ​ប្រទេស​កំពុង​អភិវឌ្ឍន៍​សម្រាប់​ការអនុវត្ត​គម្រោង​។

GCF ឱ្យដឹងថា​៖ «​ការប្រែប្រួល​អាកាសធាតុ​កំពុង​ដំណើរការ​លឿន​ជាង​យើង​។ យើង​ត្រូវការ​មហិច្ឆតា និង​ភាព​បន្ទាន់​ជាច្រើន​។ ហិរញ្ញវត្ថុ​គឺជា​គន្លឹះ​។ ប្រទេស​អភិវឌ្ឍន៍​ប្រជាជាតិ​ត្រូវបំពេញ​តាម​ការសន្យា​របស់ខ្លួន​ក្នុង​ការកៀរគរ​ប្រាក់ ១០០ ពាន់​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​សម្រាប់​ការកាត់បន្ថយ និង​ការសម្រប​ខ្លួន​ក្នុងប្រទេស​កំពុងអភិវឌ្ឍន៍ ដែល​មូលនិធិ​អាកាសធាតុ​បៃតង​មាន​តួនាទី​សំខាន់​»៕LA