ភ្នំពេញៈ ក្រុមហ៊ុន​ចុះបញ្ជី​មូលបត្រ និង​សញ្ញា​បណ្ណ​សាជីវកម្ម​ភាគច្រើន​បាន​រាយការណ៍​ពី​ការស្ទុះ​ងើបឡើង​វិញ​នៃ​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ចេញពី​វិបត្តិ​សុខភាព​នៅ​ត្រីមាស​ទី​ ២ ឆ្នាំនេះ ដោយសារ​ការចាប់ផ្ដើម​កម្មវិធី​ចាក់​វ៉ាក់សាំង​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ យ៉ាង​រហ័ស​នៅលើ​ពិភពលោក និង​នៅក្នុង​តំបន់​។

PPCBank ដែលជា​ធនាគារ​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម បាន​រាយការណ៍​ទៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) ​កាលពី​ថ្ងៃទី​ ១៦ ខែសីហា​ថា ក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១ ប្រាក់ចំណូល​របស់ខ្លួន​មាន ៧៧ ២៦៤ ​លាន​រៀល កើន​លើស​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០ ចំនួន ៣ ៤៧១ ​លាន​រៀល​ស្មើ ៤,៧ ​ភាគរយ ហើយ​ប្រាក់ចំណេញ​សុទ្ធ​មាន ១៥ ១២៩ ​លាន​រៀល​ធ្លាក់ចុះ ១ ៨៩១ ​លាន​រៀល​ស្មើនឹង​ ១១,១ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២០​។

លោក YIM Yong Taick ប្រធាន​ធនាគារ PPCBank បានឱ្យដឹង​ក្នុង​របាយការណ៍​ថា នៅពេល​វីរុស​កូរ៉ូណា​ថ្មី រីក​រាលដាល រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​ដ៏ត្រឹមត្រូវ​ដើម្បី​ឆ្លើយតប​នឹង​វិបត្តិ​នេះ​។ លោក​និយាយថា​៖ «​ទោះបី​មាន​ភាពមិនច្បាស់លាស់​នៅពេលនេះ ក៏​ក្នុង​ត្រីមាស​ទី​ ២ កន្លងមក ធនាគារ PPCBank ទទួល​បាន​ការយល់ព្រម​ពី​អាជ្ញាធរ ដើម្បី​ប្រតិបត្តិការ​សកម្មភាព​អាជីវកម្ម​របស់ខ្លួន និង​បាន​ដាក់ឱ្យ​ដំណើរការ​ផលិតផល និង​សេវា​ដែលមាន​ស្រាប់ និង​ថ្មីៗ​ផងដែរ​»​។

ចំណែក LOLC (Cambodia) Plc ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចុះបញ្ជី​សញ្ញា​បណ្ណ​ក៏បាន​រាយការណ៍ ប្រាក់ចំណេញ​សុទ្ធ​នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១ មាន ៥០ ៥២៤ ​លាន​រៀល កើន ២ ៧៥៦ ​លាន​រៀល ស្មើ ៦ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

រីឯ RMA (Cambodia) ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​សញ្ញា​បណ្ណ​រថយន្ត​ក៏បាន​រាយការណ៍​ថា RMAC បង្កើន​ប្រាក់ចំណូល​បាន ៣១៥,០ ​ពាន់​លាន​រៀល កើនឡើង ៤២,០ ​ភាគរយ​ធៀប​ត្រីមាស​ដូចគ្នា​ឆ្នាំ​ ២០២១​។ ទន្ទឹមនឹងនេះ​ប្រាក់ចំណេញ​នៅក្នុង​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១ មាន​ចំនួន ២៧,៦ ​ពាន់​លាន​រៀល កើនឡើង​ ៥២,៨ ​ភាគរយ​ធៀប​នឹង​ត្រីមាស​ដូចគ្នា​ឆ្នាំ​ ២០២០​។

ទន្ទឹមនឹងនេះ Pestech (Cambodia) ជា​ក្រុមហ៊ុន​ចុះបញ្ជី​ភាគហ៊ុន ក៏បាន​រាយការណ៍​ថា នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១ ប្រាក់ចំណូល​សរុប​របស់ PCL មាន ១១០ ៦៦៨ លាន​រៀល​ដែល​តំណាងឱ្យ​ការកើនឡើង​ ៦៥,២៤ ​ភាគរយ​ធៀប​នឹង ៦៦ ៩៧៤ ​លាន​រៀល​នៅ​ត្រីមាស​ទី​ ៤ ឆ្នាំ​ ២០២១​។ ក្នុង​រយៈពេល ១២ ​ខែ​បញ្ចប់​ត្រឹម​ថ្ងៃទី ​៣០ ខែមិថុនា ឆ្នាំ​ ២០២១ ប្រាក់ចំណូល​សរុប​របស់ PCL មាន ២៧៣ ៦២៨ ​លាន​រៀល តំណាងឱ្យ​ការកើនឡើង ៧០ ៦១៤ ​លាន​រៀល ឬ ៣៤,៧៨ ​ភាគរយ​ធៀប​នឹង ២០៣ ០១៤ ​លាន​រៀល​ក្នុង​ឆ្នាំសារពើពន្ធ​បញ្ចប់​ត្រឹម​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២០​។

តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ (PPSEZ) ដែលជា​តំបន់​សេដ្ឋកិច្ច​ពិសេស​ឈានមុខ​គេ​របស់​កម្ពុជា​បាន​ឱ្យ​ដឹងថា នៅ​ត្រីមាស​ទី​ ២ ឆ្នាំ​ ២០២១ ប្រតិបត្តិការ​អាជីវកម្ម​របស់ PPSEZ ផ្ដល់ប្រាក់​ចំណេញ ខណៈដែល​ប្រាក់ចំណូល​ដី និង​ប្រាក់ចំណូល​ជួល​មាន​ ១ ៨៥៩ ៩៧៦ ០០០ ​រៀល​ធៀប​នឹង ១៧ ៨៤៤ ៦៦៤ ០០០ ​រៀល នៅ​ត្រីមាស​ទី​ ២ នៃ​ឆ្នាំ​ ២០២០​។

ទោះយ៉ាងណា Grand Twins International (GTI) ដែលជា​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ បាន​រាយការណ៍​ការធ្លាក់​ចុះ​ខ្លាំង​នៃ​ប្រាក់ចំណូល​ចំនួន ២៧,៩៤ ​ភាគរយ​នៅ​ត្រីមាស​ទី​ ២ ​នេះ ខណៈ​ខាតបង់​ចំនួន ៣៨៦,០៧ ​ភាគរយ និង​ការខាតបង់​សុទ្ធ​ចំនួន ៦៤៧,៩៧ ​ភាគរយ​។

GTI ត្រូវបាន​ដកស្រង់​សម្តី​ដោយ​លើកឡើងថា​៖ «​ការធ្លាក់ចុះ​ចំណូល គឺ​ដោយសារ​ការផ្អាក​ការផលិត​របស់​ក្រុមហ៊ុន​នេះ​កាលពី​ខែមេសា និង​ខែមិថុនា ដែល​ទទួលរង​ផលប៉ះពាល់​ពី​ការធ្លាក់ចុះ​ផ្នែក​ផលិតកម្ម​ត្រូវ​នាំចេញ ហើយ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន​មាន​ចំនួន ២៧,៩៤ ​ភាគរយ​។ ការខាតបង់​ប្រតិបត្តិការ​មាន ៣៨៦,០៧ ​ភាគរយ និង​ការខាតបង់​សុទ្ធ ៦៤៧,៩៧ ​ភាគរយ ដោយសារ​ការធ្លាក់ចុះ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន និង​ការកើនឡើង​ប្រាក់ខែ ៥០ ​ភាគរយ​ត្រូវ​បើក​ឱ្យ​បុគ្គលិក​ក្នុង​អំឡុងពេល​ការផ្អាក​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​»៕ LA