ភ្នំពេញៈ ក្រសួង​ទេសចរណ៍​បាន​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​នានា​ក្នុង​ការផ្តល់​វគ្គបណ្តុះបណ្តាល​ជំនាញ​កម្រិត​ខ្ពស់​ផ្នែក​ម្ហូបអាហារ​ដែលមាន​គុណភាព និង​ស្តង់ដា​អនាម័យ ដើម្បី​រៀបចំខ្លួន​ទទួល​ស្វាគមន៍​ការជិត​មកដល់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​ពេលដែល​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ មាន​ភាពធូរស្រាល​នាពេល​ខាងមុខ​។

ក្រសួង​ទេសចរណ៍​សហការ​ជាមួយ​អង្គការ ASSIST វិទ្យាស្ថាន William Angliss នៃ​ប្រទេស​អូស្ត្រាលី និង​ក្រុមហ៊ុន Thalias Hospitality Group កាលពី​ថ្ងៃទី​ ១៦ ខែសីហា ឆ្នាំ​ ២០២១ បានរៀបចំ​សិក្ខាសាលា​តាម​ប្រព័ន្ធ​អនឡាញ​ស្តីពី​ «​ការបណ្តុះបណ្តាល​គ្រូ​បង្គោល​ជាតិ ផ្នែក​ផលិតកម្ម​ម្ហូបអាហារ​នៃ​សេវាកម្ម​សណ្ឋាគារ​» ដែលមាន​រយៈពេល​ ១៤ ​ថ្ងៃ​ចាប់ពី ថ្ងៃទី​ ១៦ ខែសីហា ដល់​ថ្ងៃទី​ ២ ខែកញ្ញា ឆ្នាំ​ ២០២១ ដោយមាន​សិក្ខាកាម​សរុប ២៧ ​រូប​។ សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ផលិតកម្ម​ម្ហូបអាហារ​នៅ​កម្ពុជា​។

រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ លោក ប៉ាក់ សុខុម បាន​ថ្លែង​ក្នុងពេល​បើក​សិក្ខាសាលា​នេះ​ថា ការបណ្តុះបណ្តាល​គ្រូបង្គោល​ជាតិ​ផ្នែក​ផលិតកម្ម​ម្ហូបអាហារ គឺ​ពិតជា​សំខាន់​ក្នុង​ការឈាន​ឆ្ពោះទៅ​ត្រៀម​បើកទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ឡើងវិញ បន្ទាប់ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ មាន​ភាពថមថយ​។ តាមរយៈ​ការបណ្តុះបណ្តាល​នេះ គ្រូ​បង្គោល​ជាតិ​ត្រូវយក​អ្វីដែល​ទទួលបាន ទៅធ្វើ​ការបណ្តុះបណ្តាល​បន្ត​ដល់​យុវជន​ខ្មែរ​ផ្សេងៗ​ទៀត ដើម្បី​ឈានឆ្ពោះ​ទៅដល់​ការត្រៀម​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​សិក្ខាសាលា​នេះ គឺជា​សកម្មភាព​មួយ​នៃ​ការអនុវត្ត​ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ការលើកស្ទួយ និង​ស្តារ​វិស័យ​ទេសចរណ៍​ឡើងវិញ​ក្នុងអំឡុង និង​ក្រោយ​វិបត្តិ​កូវីដ​ ១៩ ដែល​រដ្ឋាភិបាល​បានអនុម័ត​»​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ចុងខែ​មុន បាន​ចេញ​សេចក្តីសម្រេច​មួយ​ស្តីពី​ការបង្កើត​ក្រុមការងារ​រាជរដ្ឋាភិបាល និង​ឯកជន ដើម្បី​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ ដោយមាន​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ លោក ថោង ខុន ជា​ប្រធាន​។ ក្រុមការងារ​នេះ​មាន​តួនាទី និង​ភារកិច្ច ដឹកនាំ ចាត់ចែង និង​តាមដាន​ត្រួតពិនិត្យ​ការអនុវត្ត​ផែនទី​ចង្អុល​ផ្លូវ (Roadmap) ស្ដីអំពី​ផែនការ​ស្ដារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

ប្រធាន​សមាគម​សហគមន៍​ចុងភៅ​កម្ពុជា លោក សុង តេង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៧ ខែសីហា ថា សិក្ខាសាលា​ស្តីពី​ម្ហូបអាហារ​មាន​គុណភាព និង​ស្តង់ដា​អនាម័យ​នឹង​ជួយ​ផ្សព្វផ្សាយ​ពីមុខ​ម្ហូប​ខ្មែរ ក៏​ដូចជា​អាហារ​បរទេស​មួយចំនួន​នៅ​កម្ពុជា ទៅកាន់​ប្រជាជន​នៃ​ប្រទេស​នានា​លើ​ពិភពលោក​ឱ្យ​ងាក​ចាប់អារម្មណ៍​ក្នុង​ការធ្វើដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា​។ ម្យ៉ាងទៀត សិក្ខាសាលា​នេះ​ក៏​ធ្វើឡើង​នៅ​ចំ​ពេលដែល​ប្រទេស​កម្ពុជា កំពុង​រៀបចំខ្លួន​ដើម្បី​ត្រៀម​បើកទ្វារ​ទទួលភ្ញៀវ​ទេសចរ​បរទេស​ចាក់​វ៉ាក់សាំង​រួចរាល់​នៅ​ត្រីមាស​ទី​ ៤ ខាងមុខនេះ​ផងដែរ​។

លោក​និយាយថា​៖ «​កម្ពុជា​គួរតែរៀបចំ​សិក្ខាសាលា​បណ្តុះបណ្តាល​ម្ហូបអាហារ​ឱ្យបាន​ច្រើន ព្រោះ​តាមរយៈ​នេះ​គេ​អាច​ធ្វើការ​បញ្ជ្រាប​ឱ្យ​ចុងភៅ​ខ្មែរ​បាន​យល់ដឹង​កាន់តែច្រើន​ពីមុខ​ម្ហូប និង​ស្តង់ដា​គុណភាព​អនាម័យ ព្រមទាំង​ជួយ​ផ្សព្វផ្សាយ​ពីមុខ​ម្ហូប​ខ្មែរ​ដល់​ភ្ញៀវទេសចរ​បរទេស​ផងដែរ​»​។

លោក ឡុង ប៊ុនហោ ប្រធាន​សមាគម​ចុងភៅ​កម្ពុជា​បាន​និយាយថា មនុស្ស​គ្រប់រូប​សុទ្ធតែ​ត្រូវការ​អាហារ​បរិភោគ​ ដូច្នេះ​បើ​កម្ពុជា​មានមុខ​ម្ហូបអាហារ​ល្អ រសជាតិ​ឈ្ងុយឆ្ងាញ់ និង​គុណភាព​ស្តង់ដា​អនាម័យ​ខ្ពស់​ទៀត​នោះ វា​នឹង​ក្លាយជា​មេដែក​មួយ​ស្រូប​ទាញ​ភ្ញៀវ​បរទេស​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​កាន់តែ​ច្រើន​។ លោក​បន្តថា ដើម្បី​ចូលរួម​ជាមួយ​ក្រសួងទេសចរណ៍ និង​អាជ្ញាធរ​ខេត្តសៀមរាប នៅពេលនេះ​ថ្នាក់ដឹកនាំ CCA ក៏បាន​ជួបប្រជុំគ្នា​ជា​បណ្តើរៗ​ដើម្បី​រៀបចំ​ផែនការ ក៏ដូចជា​យុទ្ធសាស្ត្រ​ថ្មីៗ​សម្រាប់​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​បរទេស​មក​កម្ពុជា​នៅពេល​ខាងមុខ​។

លោក​អះអាងថា​៖ «​ប្រសិនបើ​មាន​វគ្គ​បណ្តុះបណ្តាល​កាន់តែ​ច្រើន វា​នឹង​ជួយ​លើកកម្ពស់​គុណភាព​ម្ហូបអាហារ​ខ្មែរ ក៏​ដូចជា​ទាក់ទាញ​ភ្ញៀវ​បរទេស​ឱ្យធ្វើ​ដំណើរ​មក​កម្ពុជា​ដើម្បី​សាក​ភ្លក្ស​រសជាតិ​ទៀតផង​»​។

បើតាម​លោក ប៊ុនហោ CCA ក៏មាន​គម្រោង​ក្នុង​ការរៀបចំ​ពិព័រណ៍​ម្ហូបអាហារ​ក្នុង​ខេត្តសៀមរាប នៅ​ដើមឆ្នាំ​ ២០២២ ខាងមុខ​ផងដែរ​។

យោងតាម​ក្រសួង​ទេសចរណ៍​មកដល់​ពេលនេះ​ក្រសួង​បានធ្វើការ​បណ្តុះបណ្តាល​គ្រូបង្គោល និង​អ្នកវាយតម្លៃ​បង្គោល​ជាតិ​ចំនួន ៦៣០ ​រូប​ហើយ​។

ក្នុង​ឆមាស​ទី​ ១ ឆ្នាំ​ ២០២១ ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ ១០២ ៥៦០ ​នាក់ ថយចុះ ៩១,៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​ក្រសួង​ទេសចរណ៍​៕