The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​អំពាវនាវ​ឱ្យ​អ្នក​នាំចេញ​ទំនិញ​ទៅ​ចក្រភព​អង់គ្លេស ​ចូលរួម​ផ្តល់យោបល់​ក្នុង​ដំណើរការ​រៀបចំសេចក្តី​ព្រាង​យន្តការ​អនុគ្រោះ​ពន្ធ

ក្រសួង​អំពាវនាវ​ឱ្យ​អ្នក​នាំចេញ​ទំនិញ​ទៅ​ចក្រភព​អង់គ្លេស ​ចូលរួម​ផ្តល់យោបល់​ក្នុង​ដំណើរការ​រៀបចំសេចក្តី​ព្រាង​យន្តការ​អនុគ្រោះ​ពន្ធ

Content image - Phnom Penh Post
ក្រុម​កម្មការិនី​ពិនិត្យមើល​គុណភាព​សម្លៀកបំពាក់​។ សម្លៀកបំពាក់ គឺជា​ផលិតផល​ដែលមាន​សក្តានុពល​របស់​កម្ពុជា សម្រាប់​នាំទៅ​ចក្រភព​អង់គ្លេស​។ ហេង ជីវ័ន

ក្រសួង​អំពាវនាវ​ឱ្យ​អ្នក​នាំចេញ​ទំនិញ​ទៅ​ចក្រភព​អង់គ្លេស ​ចូលរួម​ផ្តល់យោបល់​ក្នុង​ដំណើរការ​រៀបចំសេចក្តី​ព្រាង​យន្តការ​អនុគ្រោះ​ពន្ធ

ភ្នំពេញៈ ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​អ្នក​នាំចេញ​ទាំងអស់​នៅ​កម្ពុជា​ឱ្យ​ចូលរួម​ផ្តល់​ប្រឹក្សា​យោបល់​ក្នុង​ដំណើរការ​រៀបចំ​សេចក្តីព្រាង​យន្តការ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​សម្រាប់​នាំចេញ​ទំនិញ​ទៅកាន់​ចក្រភព​អង់គ្លេស​។ នេះ​បើ​យោងតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម​។

សេចក្តី​ជូនដំណឹង​ដែល​ផ្សព្វផ្សាយ​នា​ថ្ងៃទី​ ១៦ ខែសីហា ឱ្យដឹងថា ក្នុង​ដំណើរ​នៃ​ការរៀបចំ​សេចក្តីព្រាង​យន្តការ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​នេះ​ចក្រភព​អង់គ្លេស​ផ្តល់ឱកាស​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ប្រឹក្សា​យោបល់​សាធារណៈ ប្រមូល​ធាតុ​ចូល និង​សំណូមពរ​តាមរយៈ​ការបំពេញ​កម្រង​សំណួរ ដើម្បី​ចូលរួម​កែសម្រួល​លក្ខខណ្ឌ​តម្រូវ និង​នីតិវិធី​ឱ្យមាន​លក្ខណៈ​ងាយស្រួល និង​សាមញ្ញ ប្រកបដោយ តម្លាភាព និង​បរិយាប័ន្ន​។

សេចក្តី​ជូនដំណឹង​បាន​បន្តថា​៖ «​បន្ទាប់ពី​ទទួលបាន​ធាតុ​ចូល​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ចក្រភព​អង់គ្លេស​នឹង​ពិនិត្យ​សម្រេច​ដាក់​ចេញ​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​មួយ​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​ ២០២២ ខាងមុខ​»​។

ក្នុងន័យនេះ​ក្រសួង​ពាណិជ្ជកម្ម​សូម​អំពាវនាវ​ដល់​ផលិតករ ឬ​អ្នក​នាំចេញ​ទាំងអស់​ចូលរួម​ឆ្លើយ​នូវ​កម្រង​សំណួរ តាមរយៈ​គេហទំព័រ https://www.gov.uk/government/consultations/designing-the-uk-trade-prefe... ឱ្យបាន​ត្រឹម​ថ្ងៃទី​ ១២ ខែកញ្ញា ឆ្នាំ​ ២០២១​។

សេចក្តី​ជូនដំណឹង​បាន​បញ្ជាក់ថា​៖ «​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ​សូមឱ្យ​ផលិតករ ឬ​អ្នក​នាំចេញ​ទាំងអស់​ចូលរួម​ឆ្លើយ​នូវ​កម្រង​សំណួរ​ខាងលើនេះ​»​។

កាលពី​ថ្ងៃទី​ ១៩ ខែកក្កដា ឆ្នាំនេះ រដ្ឋាភិបាល​អង់គ្លេស​បាន​ចាប់ផ្តើម​ធ្វើការ​ពិគ្រោះ​យោបល់​លើ​ច្បាប់​ពាណិជ្ជកម្ម​ថ្មី ដើម្បី​បង្កើន​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​បណ្តា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប រួមទាំង​កម្ពុជា​។

សេចក្តី​ព្រាង​យន្តការ​អនុគ្រោះ​ពន្ធ​ទូទៅ​ថ្មី​នេះ​នឹង​អនុវត្ត​ចំពោះ​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​ចំនួន ៧០ នៅពេល​បច្ចុប្បន្ន និង​រួមទាំង​ការកែលម្អ​ដូចជា ពន្ធ​នាំចូល​កាន់តែ​ទាប និង​ច្បាប់​នៃ​លក្ខខណ្ឌ​តម្រូវ​ប្រភពដើម​កាន់តែ​ងាយស្រួល​សម្រាប់​ប្រទេស​ជាច្រើន ដែល​នាំចេញ​ទំនិញ​ទៅ​ចក្រភព​អង់គ្លេស​អាចឱ្យ​ប្រទេស​ទាំងនោះ​ធ្វើ​ពិពិធកម្ម​ការនាំចេញ និង​ធ្វើឱ្យ​សេដ្ឋកិច្ច​ពួកគេ​រីកចម្រើន​។

ផែនការ​ពាណិជ្ជកម្ម​បណ្ដា​ប្រទេស​កំពុងអភិវឌ្ឍន៍​របស់​ចក្រភព​អង់គ្លេស​នឹង​អនុវត្ត​ចំពោះ​ប្រទេស​ចំនួន​ ៤៧ ក្នុង​ក្របខ័ណ្ឌ​ប្រទេស​អភិវឌ្ឍន៍​តិចតួច​បំផុត (LDCF) និង​បណ្តា​ប្រទេស ២៣ បន្ថែមទៀត​ដែល​ត្រូវ​ចាត់ថ្នាក់​ដោយ​ធនាគារ​ពិភពលោក ជា​ប្រទេស​មាន​ប្រាក់ចំណូល​ទាប និង​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ខែកក្កដា​ថា នេះ​ជា​ប្រព័ន្ធ​អនុគ្រោះ​ថ្មី​មួយ​ដែល​គេ​ទើបនឹង​ដាក់ឱ្យ​ពិភាក្សាគ្នា​។ កម្ពុជា​ទទួល​ស្វាគមន៍​រាល់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទាំងឡាយណា​ដែល​ផ្តល់​ប្រយោជន៍​នៅក្នុង​ការពង្រីក​ទីផ្សារ និង​ការនាំចេញ​ទំនិញ​។ សព្វថ្ងៃ​កម្ពុជា​ទទួលបាន​នូវ​ភាពអនុគ្រោះ​ពាណិជ្ជកម្ម​រួចហើយ គឺ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម GSP ពី​ចក្រភព​អង់គ្លេស​ដែល​ផ្តល់ឱ្យ​ប្រទេស​កំពុងអភិវឌ្ឍន៍​តិចតួច​។

លោក​ថ្លែងថា​៖ «​បើ​ប្រព័ន្ធ​អនុគ្រោះ​ថ្មី​នេះ​មាន​លក្ខណៈ​ងាយស្រួល​ជាង​ការអនុវត្ត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ចាស់ GSP របស់​អង់គ្លេស​យើង​ស្វាគមន៍ ហើយ​យើង​គិតថា វា​នឹង​មានឱកាស​ច្រើន​ក្នុង​ការពង្រីក​ទីផ្សារ​របស់​យើង​ទៅកាន់​ចក្រភព​អង់គ្លេស​»​។

លោក កាំង ម៉ូនីកា អគ្គលេខាធិការរង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៧ ខែសីហា​ថា លោក​បាន​ជូន​ព័ត៌មាន​នេះ​ដល់​សមាជិក​របស់​សមាគម​រួចរាល់​ហើយ​ដើម្បីឱ្យ​ពួកគេ​ចូលរួម​ក្នុង​ការឆ្លើយតប​ទៅតាម​តម្រូវការ​របស់​ចក្រភព​អង់គ្លេស​។

លោក​ប្រាប់ថា​៖ «​យើង​បាន​ផ្តល់ដំណឹង​នេះ​ទៅកាន់​សមាជិក​រួចហើយ និង​ជំរុញ​ឱ្យ​ពួកគាត់​ចូលរួម​ឆ្លើយតប​នឹង​សំណួរ​ដែល​ដាក់​ក្នុង​តំណភ្ជាប់​ (Link) ​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ស្រាប់​»​។

លោក​បន្ថែមថា កម្មវិធី GSP គឺជា​គោលនយោបាយ​ពាណិជ្ជកម្ម​ដ៏មាន​សារៈសំខាន់ ដូច្នេះ​ការចូលរួម​ផ្តល់យោបល់​គឺមាន​ភាពចាំបាច់​ណាស់​នៅក្នុង​អភិបាលកិច្ច​ប្រជាធិបតេយ្យ​។

បើ​យោងតាម លោក សុវិជាតិ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​បាន​បន្ត​កើនឡើង​ជា​លំដាប់ ជាក់ស្តែង​ក្នុង​រយៈពេល​ ៥ ​ខែ​ដើម​ឆ្នាំនេះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មានតម្លៃ ២៥៨,៤៥ ​លាន​ដុល្លារ​ក្នុងនោះ កម្ពុជា​នាំទៅ​ចក្រភព​អង់គ្លេស ២៣៩,៧៣ លាន​ដុល្លារ ខណៈ​កម្ពុជា​នាំចូល ១៨,១៧ លាន​ដុល្លារ​៕ LA

អត្ថបទគួរចាប់អារម្មណ៍