ភ្នំពេញៈ Bluebell Group ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​យីហោ​ផលិតផល​ល្បីៗ​ឈានមុខ​គេ​នៅ​ទ្វីបអាស៊ី កាលពី​ថ្ងៃទី​ ១៦ ខែសីហា បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ប្រតិបត្តិការ​របស់ខ្លួន​នៅ​ប្រទេស​កម្ពុជា​ ដែល​នេះ​ជាការ​ពង្រីក​វត្តមាន​របស់ខ្លួន​មកកាន់​បណ្តា​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​។

ក្រុមហ៊ុន​នេះ​កំពុង​ប្រតិបត្តិការ​យីហោ​ប្រណីត​ប្រមាណ ១៥០ នៅលើ​ពិភពលោក​ទាំង​ក្នុង​វិស័យ​លក់រាយ​ក្នុងស្រុក និង​ការធ្វើដំណើរ​។ ចក្ខុវិស័យ Bluebell សម្រាប់​គម្រោង​នេះ គឺ​ «​ការលក់​រាយ​ប្រកបដោយ​សុខដុមរមនា​»​។

លោក Allen Dodgson Tan នាយក​ក្រុមហ៊ុន Bluebell Cambodia បានឱ្យដឹងថា ការដាក់ឱ្យ​ដំណើរការ​នេះ​គឺជា​ពេលវេលា​ផ្លាស់ប្តូរ​ដ៏ធំ​មួយ​ក្នុងពេល​កម្ពុជា​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន និង​បង្កើត​ការងារ​ដល់​ប្រជាជន​ក្នុងអំឡុងពេល​ការរីក​រាលដាល​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​យើង​មាន​​ក្តីរំភើប​ក្នុង​ការនាំយក​ស្តង់ដា​ថ្មី​នៃ​ការលក់​រាយ​មក​កម្ពុជា​។ Bluebell នឹង​នាំមក​នូវ​យីហោ​សកល​ជាច្រើន​ចូលក្នុង​ទីផ្សារ​កម្ពុជា នាំយក​ការវិនិយោគ​ផ្ទាល់ ការងារ និង​ប្រាក់ចំណូល​ពន្ធ​ដល់​ប្រទេស​កម្ពុជា​»​។

កាលពី​ខែធ្នូ ឆ្នាំ​ ២០២០ ក្រុមហ៊ុន Oxley Gem (Cambodia)Co., Ltd បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា ជាមួយ​ក្រុមហ៊ុន Bluebell Trading Pte. Ltd ដើម្បី​ដាក់បញ្ចូល​ក្រុមហ៊ុន Bluebell ជា​ក្រុមហ៊ុន The Peak ដែលជា​ការអភិវឌ្ឍ​ដ៏សំខាន់​នៃ​ផ្សារ​លក់រាយ​នៅ​ប្រទេស​កម្ពុជា​។

បច្ចុប្បន្ន Bluebell Group មាន​វត្តមាន​នៅ​ប្រទេស​ជប៉ុន កូរ៉េខាងត្បូង ចិន ថៃ សិង្ហ​បុរី ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី​។

លោក Pierre Balsan នាយក​គ្រប់គ្រង Bluebell Cambodia ឱ្យដឹងថា កម្ពុជា​ត្រូវបាន​ចាត់ទុកជា​ទិសដៅ​សំខាន់​ក្រោយពី​មាន​សេដ្ឋកិច្ច​ដ៏រឹងមាំ​រយៈពេល ២០ ​ឆ្នាំកន្លងមក​។ នេះ​បើតាម Cambodia Investment Review​។

លោក​បន្តថា​៖ «​កម្ពុជា​មានការ​កើនឡើង និង​ការចង់បាន​របស់​ប្រជាជន​ថ្នាក់កណ្ដាល ដែលជា​ស្នូល​នៃ​គំរូ​អាជីវកម្ម​យើង​។ នោះ​អាច​និយាយថា អតិថិជន​កម្ពុជា​ជាច្រើន​បានធ្វើ​ដំណើរ​ចេញទៅ​ក្រៅប្រទេស​រួចហើយ ដើម្បី​ទិញ​ផលិតផល​ស្រដៀង​គ្នា​នេះ ដូច្នេះ​យើង​សង្ឃឹមថា នឹង​ផ្ដល់​បទពិសោធ​ក្នុងស្រុក​សម្រាប់​ពួកគេ​»​។

លោក Balsan ឱ្យដឹងទៀតថា ខណៈ​ហាង​លក់រាយ​លើកដំបូង​នឹងមាន​ទីតាំងនៅ​ទីក្រុង​ភ្នំពេញ ក្រុមហ៊ុន​ក៏​នឹង​ស្វែងរក​ការពង្រីក​ប្រតិបត្តិការ​ទៅ​ក្រុងព្រះសីហនុ និង​ខេត្តសៀមរាប​នៅពេល​អនាគត​។

ជា​ការឆ្លើយតប​នឹង​ការបារម្ភ​លើ​ផលប៉ះពាល់​ដោយសារ​ជំងឺ​កូវីដ​ ១៩ នៅពេល​បច្ចុប្បន្ន​លើ​ការចំណាយ​របស់​អតិថិជន លោក Balsan បានឱ្យដឹងថា ទីផ្សារ​យីហោ​ប្រណីត មិន​រងផលប៉ះពាល់​ដោយសារ​តែ​ការប្រែប្រួល​ទីផ្សារ​ទូទៅ​នោះទេ​។

បច្ចុប្បន្ន Bluebell Group មាន​បុគ្គលិក​ជាង​ ៤ ០០០ ​នាក់ ទីតាំង​លក់ ១ ០០០ និង​មាន​ប្រាក់ចំណូល​ប្រមាណ ២,៥ ពាន់​លាន​ដុល្លារ​៕LA