ភ្នំពេញៈ ក្រុមហ៊ុន​ចំនួន​ ៤ ​បានដាក់​លិខិត​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងពាណិជ្ជកម្ម ដើម្បី​ស្នើសុំ​បើក​ឱ្យមាន​ការដាក់​ដេញថ្លៃ​នាំចូល​ជ្រូក​រស់​មក​បំពេញ​តម្រូវការ​ទីផ្សារ​នៅ​កម្ពុជា ខណៈ​អ្នក​នៅក្នុង​វិស័យនេះ​លើកឡើងថា ជា​ទង្វើ​ដើរ​ផ្ទុយ​ពី​គោលការណ៍​របស់​រដ្ឋាភិបាល​ដែល​កំពុង​ជំរុញ​ការលើកកម្ពស់​ផលិតភាព​ចិញ្ចឹមសត្វ​ក្នុងស្រុក​។

លិខិត​នោះបាន​បញ្ជាក់ថា ការដាក់​ដេញថ្លៃ​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​ការប្រមូល​ចំណូល​ចូល​ថវិកាជាតិ​ជាង ៣ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​។ ក្រុមហ៊ុន​មួយ​មាន​សិទ្ធិ​នាំចូល​សត្វ​ជ្រូក​រស់​បាន​ចំនួន ៩៦០ ​ក្បាល​ក្នុង​ ១ ​ថ្ងៃ និង​ត្រូវ​បង់​ថវិកា​ចូលជាតិ​ជាង​កន្លះ​លាន​ដុល្លារ ១ ​ឆ្នាំ​។

លិខិត​នេះ​បាន​បន្ថែមថា តាមរយៈ​ការដេញថ្លៃ​នឹង​ជួយ​ប្រជាពលរដ្ឋ​បាន​ហូប​សាច់ជ្រូក​ក្នុងតម្លៃ​មួយ​សមរម្យ មិន​ថ្លៃ​ហួសហេតុ​ដូច​សព្វថ្ងៃនេះ​។

លិខិត​បន្តថា​៖ «​ដោយសារ​កន្លងមក ការអនុញ្ញាត​ឱ្យ​នាំចូល​សត្វ​ជ្រូក​រស់​សម្រាប់​យកមក​បំពេញ​សេចក្តីត្រូវការ​លើ​ទីផ្សារ​នៅ​កម្ពុជា មិនមាន​តម្លាភាព​ធ្វើឱ្យ​ឈ្មួញ​ដែល​នាំចូល​មាន​លក្ខណៈ​ផ្តាច់មុខ​គ្រប់គ្រង​ទីផ្សារ និង​ដំឡើង​តម្លៃ​សាច់ជ្រូក​លើ​ទីផ្សារ​ខ្ពស់​ស្រេច​តែ​ចិត្ត​។ កត្តា​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន​ដទៃទៀត​មិន​មាន​ឱកាស​ទទួលបាន​សិទ្ធិ​នាំចូល ដើម្បី​ប្រកួតប្រជែង​លក្ខណៈ​ទីផ្សារសេរី​បាន​នោះទេ​»​។

ក្រុមហ៊ុន​ទាំង​ ៤ រួមមាន ក្រុមហ៊ុន ផៅវ័រ អ៊ិនធើ អេស៊ាន ជេអិន (​ខេមបូឌា) អ៊ិនវេសម៉ិន ឯ.ក, ក្រុមហ៊ុន ឆាង រិទ្ធី ត្រេឌីង អ៊ិមផត អិចផត ឯ.ក​, ក្រុមហ៊ុន រ៉ូស៊ីតា (​អអេសធី​) និង​ក្រុមហ៊ុន ជីធី ហ្វោនដេសិន (​ខេមបូឌា) ឯ.ក។

សព្វថ្ងៃ​ក្រុមហ៊ុន​ទទួល​អាជ្ញាប័ណ្ណ​នាំចូល​ជ្រូក​មាន​ចំនួន ៧ ក្រុមហ៊ុន​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ថា អ្នក​ក្នុង​វិស័យនេះ​គួរ​អនុវត្ត​ឱ្យបាន​តាម​គោលការណ៍​របស់​ប្រមុខ​រដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​ ដើម្បី​ជំរុញ​ការចិញ្ចឹម​សត្វ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​ជា​ជាង​ការនាំចូល​ធ្វើឱ្យប៉ះពាល់​ដល់​ប្រជាកសិករ​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​។

លោក​និយាយថា​៖ «​បើ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ទាំងនេះ​នាំចូល​ដោយ​សេរី ខ្ញុំ​ជឿថា ម្តងនេះ​ប្រជាកសិករ​នឹង​លែង​ជឿទុកចិត្ត​ទៅលើ​រដ្ឋាភិបាល​ក៏ដូចជា ក្រសួងកសិកម្ម​ទៀតហើយ​។ យើង​គួរតែ​នាំគ្នា​មក​ចិញ្ចឹម​ជ្រូក​ដើម្បី​បង្គ្រប់​ឱ្យ​ទីផ្សារ​យើង​។ កម្ពុជា​មិនមែន​ជា​ធុងសំរាម​ទេ បញ្ឈប់​ការនាំ​ចូល​ដែល​អាច​នាំឱ្យមាន​ការចម្លង​មេរោគ​ដល់​សត្វ​ក្នុងស្រុក និង​ប៉ះពាល់​តម្លៃ ពិសេស​វត្ថុធាតុ​ដើម​ក្នុងស្រុក​នឹង​គ្មាន​ទីផ្សារ​»​។

បើតាម​លោក ស្រ៊ុន ពៅ កម្ពុជា​នឹង​ខាតបង់​ថវិកា​ប្រមាណ ៣០០-៥០០ ​លាន​ដុល្លារ​ក្នុង​ ១ ​ខែ ប្រសិនបើ​អនុញ្ញាត​ឱ្យ​នាំចូល​ជ្រូក​រស់​ទាំងស្រុង​ពី​ក្រៅប្រទេស​។ លោក​លើកឡើង​ថា​៖ «​សព្វថ្ងៃនេះ​ការផ្គត់ផ្គង់​សាច់ជ្រូក​ពី​កសិករ​ក្នុងស្រុក​ជិត​គ្រប់​លើ​ទីផ្សារ​ហើយ ដោយ​យើង​នៅ​ខ្វះ​ប្រហែល​ ១០ ​ភាគរយ​ទៀត​ទេ យើង​ប្រឹងប្រែង​បន្តិចទៀត​គ្រប់​ហើយ​»​។

អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ាង ថៃ បាន​ប្រាប់ថា ក្រសួង​នៅ​មិនទាន់​ទទួលបាន​លិខិត​ពី​ក្រុមហ៊ុន​ទាំងនោះ​នៅឡើយ​ទេ​។

លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បាន​សរសេរ​នៅ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន​នៅ​ថ្ងៃ​ពុធ​ថា ឈ្មួញ​មួយចំនួន​មានបំណង​នាំចូល​សត្វ​ពី​បរទេស​មកចាក់​បំផ្លាញ​ការចិញ្ចឹម​សត្វ​នៅ​កម្ពុជា​ដែល​កំពុងមាន​វឌ្ឍនភាព​ល្អ ដោយ​សកម្មភាព​ចិញ្ចឹមសត្វ​កើនឡើង​រហូតដល់​ជាង ៨៥ ​ភាគរយ​ហើយ​។ លោក​សរសេរ​ថា​៖ «​ទង្វើ​នេះ​បញ្ជាក់​ឱ្យឃើញថា កំពុង​ធ្វើ​សកម្មភាព​ផ្ទុយ​នឹង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​»​។

លោក​រដ្ឋមន្ត្រី​បានឱ្យ​ដឹងថា ក្រសួងកសិកម្ម និង​ក្រសួងពាណិជ្ជកម្ម​បាន​ប្តេជ្ញា​រឹតត្បិត ឬ​កាត់បន្ថយ​បរិមាណ​នាំចូល និង​វិធានការ​ទប់ស្កាត់​ឱ្យ​ខាង​តែ​បាន​លើ​ការនាំ​ចូល​សត្វ​ខុសច្បាប់​ក្នុង​បំណង​ ដើម្បី​លើកកម្ពស់​ផលិតភាព​ផលិតកម្ម​ចិញ្ចឹមសត្វ​ក្នុងស្រុក ធានា​បរិមាណ​ផ្គត់ផ្គង់​ឱ្យ​ទីផ្សារ​ក្នុងស្រុក​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​។

អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​ឱ្យ​ដឹងថា សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ចំនួន ៦ ដែល​ទទួលបាន​គោលការណ៍​នាំ​ជ្រូករស់​ចូលមក​កម្ពុជា និង ៤ ​ក្រុមហ៊ុន​ទទួល​គោលការណ៍​នាំ​ឆ្លងកាត់​។

អគ្គនាយកដ្ឋាន​នេះ​ឱ្យដឹង​ទៀតថា ក្នុង​រយៈពេល ៦ ​ខែ ដើមឆ្នាំ​ ២០២១ ការសុំ​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា​មាន ៦១ ​កន្លែង ក្នុងនោះ​កសិដ្ឋាន​ចិញ្ចឹម​ពូជ​ជ្រូក ៧ ​កន្លែង និង​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​សាច់ ៥៤ ​កន្លែង​៕ LA

វីដេអូ៖