ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បានឱ្យដឹងថា ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល ក្លាយជា​មធ្យោបាយ​ដ៏សំខាន់​មួយ​សម្រាប់​ការចំណាយ​ប្រចាំថ្ងៃ​របស់​ប្រជាជន ជាពិសេស​ក្នុងអំឡុងពេល​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​តម្រូវឱ្យ​អនុវត្តតាម​វិធានការ​គម្លាត​សង្គម​។

លោកស្រី ជា សិរី អគ្គនាយិកា​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ថ្លែង​ទៅកាន់​បណ្តាញ​ព័ត៌មាន​ខ្សែកាប (CNN) ​របស់​សហរដ្ឋអាមេរិក​កាលពី​សប្ដាហ៍​មុន​ថា ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីថល​ក្នុងអំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ ចាប់តាំងពី​ចុងឆ្នាំ​ ២០១៩ រហូតមកដល់​ចុងឆ្នាំ​ ២០២០ ឃើញ​មាន​កំណើន​ ៣៥០ ​ភាគរយ និង​មានតម្លៃ​ទឹកប្រាក់​ប្រតិបត្តិការ​កើនឡើង​ប្រហែល​ ២០០ ​ភាគរយ​ដល់​ប្រហែល​ ៦៨ ​ពាន់​លាន​ដុល្លារ ដែល​ហូរ​ចូលទៅក្នុង​ការទូទាត់​តាម​អេឡិចត្រូនិក​។ ទន្ទឹមនឹងនេះ ប្រតិបត្តិការ​តាម​បាគង ដែលជា​ប្រព័ន្ធ​ទូទាត់​អន្តរ​ធនាគារ របស់​ NBC កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​។

លោកស្រី​ថ្លែងថា​៖ «​នៅពេលនេះ យើង​មាន​ប្រតិបត្តិការ​ប្រហែល​ ១,៥ ​លាន នៅក្នុង​ប្រព័ន្ធ​អេកូស៊ីស្ដែម​បាគង ដែលមាន​តម្លៃ​ប្រហែល​ ៥០០ ​លាន​ដុល្លារ​។ វា​កំពុង​កើនឡើង​យ៉ាង​រហ័ស ដោយ​កាលពី​ត្រីមាស​មុន អ្នកប្រើប្រាស់​សេវា​ទូទាត់​មាន​ចំនួន​ច្រើន​សែន​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​គិត​ត្រឹម​ត្រីមាស​ទី​ ២ យើង​មើលឃើញ​ការកើនឡើង​ ២ ​ដង​នៃ​ចំនួន​នៅពេល​នេះ អ្នកប្រើប្រាស់​កើនឡើង​ដល់ ២០០ ០០០ ​នាក់ ដូច្នេះ​យើង​សង្ឃឹមថា វា​នឹង​កើនឡើង​បន្ថែមទៀត​»​។

លោកស្រី​បន្ថែមថា​៖ «​សំខាន់​ជាង​នេះ​យើង​សង្ឃឹមថា យើង​អាច​សហការ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងទៀត ព្រមទាំង​ដើម្បី​លើកកម្ពស់​ប្រតិបត្តិការ​ឆ្លងកាត់​ព្រំដែន​សម្រាប់​ភ្ញៀវទេសចរ និង​កម្មករ​ចំណាកស្រុក​ផងដែរ​»​។

NBC ​កាលពី​ថ្ងៃទី​ ២៧ ​ខែតុលា​ឆ្នាំ​ ២០២០ បានដាក់​ឱ្យ​ដំណើរការ​កម្មវិធី​ទូទាត់​ចល័ត​អន្តរ​ធនាគារ​ដែល​គេ​ស្គាល់​ថា ជា​ «​ប្រព័ន្ធ​បាគង​» សំដៅ​ផ្ដល់​កម្លាំង​ជំរុញ​ដ៏ខ្លាំង​ដល់​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ និង​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

ប្រព័ន្ធ​ «​បាគង​» ​អាច​ធ្វើ​ប្រតិបត្តិការ​រវាង​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ប្រកបដោយ​សុវត្ថិភាព និង​ចំណាយ​តិច​។

លោកស្រី ជា សិរី បានឱ្យ​ដឹងថា មាន​ទិសដៅ​សំខាន់ៗ​ចំនួន​ ៣ ​របស់​ប្រព័ន្ធ​បាគង ដែល​ទី​ ១ ​ជា​អន្តរប្រតិបត្តិការ ដោយសារ​យើង​មាន​ប្រព័ន្ធ​ធនាគារ​មួយ​ដែល​បែកបាក់​គ្នា​យ៉ាងខ្លាំង ដោយ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូទាត់ និង​ធនាគារ​មិន​និយាយ​រកគ្នា​ទៅវិញទៅមក​នោះទេ ហើយ​អន្តរប្រតិបត្តិការ​ធ្វើឱ្យ​ការទូទាត់​កាន់តែ​ងាយស្រួល​។ ទី​ ២ ​គឺជា បរិយាប័ន្ន​ហិរញ្ញវត្ថុ និង​ទី​ ៣ គឺ​លើកកម្ពស់​រូបិយប័ណ្ណ​ក្នុងស្រុក​។

លោកស្រី​លើកឡើង​ថា​៖ «​តាមពិត ក្នុងអំឡុងពេល​វិធានការ​គម្លាត​សង្គម​ដោយសារ​ជំងឺ​កូវីដ​ ១៩ ​នេះ សូម​អរគុណ​ដល់​ព្រះ ដែល​យើង​បាន​ធ្វើ​ការងារ​លើ​គម្រោង​នេះ​សម្រេច​មុនពេល​ផលប៉ះពាល់​ ដោយសារ​តែ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។ ដូច្នេះ ការ​ប្រឈម​នឹង​ស្ថាន​ការនេះ​គឺថា ការទទួល​យក​ឌីជីថល​គឺ​រហ័ស​ខ្លាំង​បំផុត ដូច្នេះ​យើង​បាន​ធ្វើឱ្យ​វិធានការ KYC កាន់តែ​ងាយស្រួល​»​។

លោក សាយ សូនី អនុប្រធាន​ជាន់ខ្ពស់​នៅ​ប្រាសាក់​បាន​ឱ្យដឹងថា ប្រាសាក់​បាន​ចូលរួម​ជាមួយ​ប្រព័ន្ធ​បាគង កាលពី​ខែកញ្ញា​ឆ្នាំ​ ២០១៩ ហើយ​ប្រើប្រាស់​វា​កាលពី​ខែតុលា​ឆ្នាំ​ ២០១៩ ដោយ​មើលឃើញ​មាន​ការកើនឡើង​ចំនួន​ប្រតិបត្តិការ តាមរយៈ​ប្រព័ន្ធ​នេះ​។

លោក​ថ្លែងថា​៖ «​យើង​ចូលរួម​គំនិត​ផ្តួចផ្ដើម​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​នេះ​ដោយសារ​តែ​យើង​មើលឃើញ​និន្នាការ​តម្រូវការ​បច្ចេកវិទ្យា និង​ទីផ្សារ ដោយសារ​យើង​មើលឃើញ​អតិថិជន​របស់​យើង និង​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងទៀត​មាន​ការពិបាក​ក្នុង​ការធ្វើ​ប្រតិបត្តិការ​ឆ្លងកាត់​ធនាគារ​»​។

លោក​បន្តថា មាន​សេវា​សំខាន់​ ២ ​នៅពេលនេះ ដែល​អាច​រកបាន​នៅ​គ្រប់​សាខា​របស់​ប្រាសាក់​ទាំង​ ១៨២ និង​ហាង​លក់ទំនិញ​ទាំង​ ១៤០ ​ទូទាំង​ប្រទេស ដែល​អាចឱ្យ​ពួកគេ​ធ្វើ​ប្រតិបត្តិការ​នៃ​ការទូទាត់​តាម​ប្រព័ន្ធ​បាគង និង​ផ្ទេរប្រាក់​ទៅ​គណនី​ធនាគារ​ផ្សេងទៀត​តាមរយៈ​បាគង​។

គាំទ្រ​ដោយ​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​យ៉ាង​ឆាប់រហ័ស ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ឌីជីថល​កម្ពុជា​សម្រេច​បាន​ប្រាក់ចំណូល​ ៤៧០ ​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​របាយការណ៍​ចុងក្រោយ​បាន​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) ដែល​បានចេញ​ផ្សាយ​កាលពី​ចុងខែ​ឧសភា​។

ធនាគារ​អន្តរជាតិ​ដែលមាន​មូលដ្ឋាន​នៅ​តំបន់​ Metro Manila មួយ​នេះ​បានឱ្យដឹងថា បើ​បែងចែក​តាម​វិស័យ ពាណិជ្ជកម្ម​តាម​អេឡិចត្រូនិក មាន​ចំនួន​ ២៧,៦ ​ភាគរយ សេវាកម្ម​តាម​អេឡិចត្រូនិក​មាន​ចំនួន​ ៧,៨ ​ភាគរយ ប្រព័ន្ធ​ព័ត៌មាន​ឌីជីថល​មាន​ចំនួន​ ១០,២ ​ភាគរយ បច្ចេកវិទ្យា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​មាន​ចំនួន ១២,៧ ​ភាគរយ ការដឹកជញ្ជូន ៣,៨ ​ភាគរយ និង​ការធ្វើដំណើរ​តាម​អនឡាញ ៣៧,៩ ​ភាគរយ​៕LA