ភ្នំពេញៈ សមាគម​មៀន​ប៉ៃលិន​សង្ឃឹមថា យុទ្ធនាការ​ទិញ​មៀន​ប៉ៃលិន​ (​តាង៉ែន​) ដែល​ដាក់ចេញ​ដោយ​ប្រមុខ​រដ្ឋាភិបាល​នឹង​ជួយ​ស្រោចស្រង់​ទីផ្សារ​មៀន​ប៉ៃលិន​ឡើងវិញ ពី​ការជាប់គាំង​មិនអាច​នាំ​ចេញទៅ​ទីផ្សារ​អន្តរជាតិ​បាន​។

ថ្មី​នេះៗ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានដាក់​ចេញ​យុទ្ធនាការ​ប្រមូលទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ ដោយ​លោក​បញ្ជា​ឱ្យ​លោក ហ៊ីង ប៊ុនហៀង នាយករង​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី​ចាប់ផ្តើម​ប្រមូល​ទិញ​ផ្លែ​មៀន​ពី​កសិករ​ពីថ្ងៃ​ទី​ ១៨ ខែ សីហា​តទៅ​។

លោក សួន ជុំ អនុប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​មៀន​ប៉ៃលិន កត់សម្គាល់​ថា ចាប់ពី​មាន​យុទ្ធនាការ​នេះ ការបញ្ជាទិញ​ផ្លែមៀន​ពី​សមាជិក​សមាគម​ជា​ហូរហែ ដោយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ឈ្មួញ​កុម្ម៉ង់​ទិញ​ប្រមាណ ១០ ​តោន​។ លោក​ប្រាប់ថា​៖ «​ចលនា​ចុះ​ទិញ​មៀន​កសិករ​នេះ​នឹង​ជួយ​ស្រោចស្រង់​មៀន​កសិករ​។ ខ្ញុំ​សង្ឃឹមថា បើ​មិន​អស់​ក៏​ជិត​អស់​ដែរ ប្រសើរ​ជាង​យើង​ទុកឱ្យ​ខូច​ចោល​»​។

លោក​ប៉ាន់ប្រមាណ​ថា ទិន្នផល​មៀន​ប្រមូលបាន​ប្រមាណ ៥ ​ម៉ឺន​តោន​សម្រាប់​ខេត្ត​ប៉ៃលិន​ឆ្នាំនេះ​។ បច្ចុប្បន្ន ផ្លែ​មៀននៅ​ចម្ការ​មានតម្លៃ​ចាប់ពី ២ ០០០ ​ដល់ ២ ៥០០ រៀល​ក្នុង​ ១ ​គីឡូក្រាម​អាស្រ័យ​លើ​គុណភាព​នៃ​ផ្លែ​មៀន​នីមួយៗ​។ លោក​បន្ថែមថា​៖ «​សមាជិក​យើង​ខ្លះ​បាន​បន្ត​លក់​ឱ្យ​ឈ្មួញ​ជា​បន្តបន្ទាប់ ព្រោះ​ទុក​យូរ​ខ្លាច​ខូច​នា​ដើមរដូវ​ប្រមូលផល​នេះ​»​។

លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា​ក៏​បាន​បញ្ជា​ទិញ​ផ្លែ​មៀន​ចំនួន ២១ ​តោន​ដើម្បី​ចែកជូន​ក្រុម​គ្រូពេទ្យ និង​អ្នកជំងឺ​កូវីដ​ ១៩ ​ដែល​កំពុង​សម្រាក​ព្យាបាល​តាម​មន្ទីរពេទ្យ​នៅ​ទីក្រុង​ភ្នំពេញ​។

មៀន​ប៉ៃលិន ឬ​តាង៉ែន​ត្រូវបាន​ដាំដុះ​ច្រើន​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង ដែលជា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា-ថៃ​។

ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង លោក គឹម ហួត ឱ្យ​ដឹង​ថា យុទ្ធនាការ​នេះ​ជា​គោលនយោបាយ​របស់​ប្រមុខ​រដ្ឋាភិបាល​ដោយ​លោក​ឃើញថា ផ្លែមៀន​របស់​ប្រជាកសិករ​ទុំ​គ្មាន​អ្នកទិញ ព្រោះ​មិនអាច​នាំចេញ​បាន ដូចនេះ​លោក​សម្រេច​បង្កើត​ក្រុមការងារ​ចុះជួយ​ទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ​។

លោក​ប្រាប់ថា​៖ «​ដោយ​ការប្រមូលផល​មៀន​មាន​រយៈពេល​យូរថ្ងៃ ហេតុនេះ​យុទ្ធនាការ​ទិញ​ក្នុង​ជំហាន​ទី​ ១ យើង​នឹងធ្វើ​ក្នុង​រយៈពេល ១ ​សប្តាហ៍ ដោយ​ប្រមូល​ទិញ​ពី​កសិករ​ដល់​ចម្ការ​។ ខ្ញុំ​នឹង​ចុះ​ផ្ទាល់​នៅតាម​ស្រុក​ទាំង​ ៤ ដែល​ដាំដុះ​តាង៉ែន​ច្រើន ដើម្បី​ធ្វើ​ផែនការ​ថា តើ​កសិករ​ណាខ្លះ​នឹងត្រូវ​ប្រមូលផល​ក្នុង​សប្តាហ៍​នេះ​»​។

ដោយឡែក​អនុវត្តតាម​អនុសាសន៍​របស់​ប្រមុខ​រដ្ឋាភិបាល រដ្ឋបាលខេត្ត​ប៉ៃលិន ក៏បាន​ប្រកាស​ទិញ​មៀន​ប៉ៃលិន​ពី​ប្រជាកសិករ​ផ្ទាល់​ (​មិនមែន​ពី​ឈ្មួញកណ្តាល​) ​ចាប់ពី​ថ្ងៃទី​ ១៨ ខែ សីហា ផងដែរ​៕ LA