ភ្នំពេញៈ កម្ពុជា​កំពុង​រៀបចំ ហើយនឹង​គ្រោង​ដាក់ចេញ​នូវ​ផែនការ​ស្តារ​កំណើនសេដ្ឋកិច្ច​ឡើងវិញ​ពី​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩ ឆ្នាំ​ ២០២១-២០២៣ ដើម្បី​ «​អូសទាញ​កំណើនសេដ្ឋកិច្ច​ឱ្យ​ត្រឡប់​ទៅ​ខិតជិត​កំណើន​សក្តានុពល​ប្រកបដោយ​ចីរភាព និង​បរិយាប័ន្ន តាមរយៈ​ការលើកកម្ពស់​ភាពប្រកួត​ប្រជែង និង​ជំរុញ​ការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច ជាពិសេស​ឈរ​នៅលើ​មូលដ្ឋាន​ឧស្សាហកម្ម​រឹងមាំ​ដែលមាន​សមត្ថភាព​នាំចេញ​ខ្ពស់ និង​ការផ្សារភ្ជាប់​កាន់តែខ្លាំង​ជាមួយ​ខ្សែចង្វាក់​ផ្គត់ផ្គង់​តំបន់ និង​ពិភពលោក​»​។ នេះ​បើ​យោងតាម​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តីពី​ការឈ្វេងយល់​អំពី​ការកសាង​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច និង​គោលនយោបាយ​ហិរញ្ញវត្ថុ​សាធារណៈ សម្រាប់​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​ ២០២២ ដែល​រៀបចំ​ដោយ​រដ្ឋសភា​ជាតិ តាម​ប្រព័ន្ធ​អនឡាញ​កាលពី​ថ្ងៃទី​ ១៧ ខែសីហា លោក អូន ព័ន្ធមុនីរ័ត្ន បានឱ្យ​ដឹងថា ចាប់តាំងពី​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ក្នុង​ឆ្នាំ​ ២០២០ មក​សេដ្ឋកិច្ច​បណ្តា​ប្រទេស​នានា​លើ​សកលលោក ក៏ដូចជា​ប្រទេស​កម្ពុជា​បាន​ទទួល​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​មកដល់​ពេល​នេះ​។

លោក​បន្តថា ទោះ​យ៉ាងណា​នៅពេលនេះ កម្ពុជា​ក៏​បាននិង​កំពុង​រៀបចំ​នឹង​គ្រោង​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​អាទិភាព​ចំនួន ៣ ដើម្បី​អូស​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ឱ្យ​ត្រឡប់​ទៅរក​កំណើន​ខ្ពស់​ឡើងវិញ​។

លោក​ថ្លែងថា​៖ «​ស្របពេល​សង្គម​សេដ្ឋកិច្ច​សកល បន្ត​ស្ថិតក្នុង​ភាពមិន​ប្រាកដប្រជា​ខ្ពស់ ដោយសារ​ការអូសបន្លាយ​នៃ​ជំងឺ​កូវីដ​ ១៩ កម្ពុជា​ក៏​អាចនឹង​ទទួល​បាន​នូវ​កាលានុវត្តភាព​មួយចំនួន​ដែរ​។ ការណ៍​នេះ​អាស្រ័យ​លើ​សមត្ថភាព និង​លទ្ធភាព​របស់​កម្ពុជា​ក្នុង​ការចេះ​បត់បែន និង​តាម​ទាន់សភាពការណ៍​ប្រែប្រួល​ក្នុង​តំបន់ និង​ពិភពលោក ក៏ដូចជា​ការចេះ​ប្រើប្រាស់​លក្ខខណ្ឌ​អំណោយផល​ទាំងឡាយ​សម្រាប់​លើកកម្ពស់​ភាពប្រកួតប្រជែង​សេដ្ឋកិច្ច និង​កែលម្អ​បរិស្ថាន​វិនិយោគ ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​ការវិនិយោគ និង​ធុរកិច្ច ដែល​អាច​នឹង​ហូរ​ចេញពី​តំបន់​មាន​ជម្លោះ​ពាណិជ្ជកម្ម និង​មាន​អស្ថិរភាព​នយោបាយ ព្រមទាំង​ការផ្លាស់ប្ដូរ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​តំបន់​ចូលមក​កាន់​កម្ពុជា​»​។

បើតាម​លោក ព័ន្ធមុនីរ័ត្ន យុទ្ធសាស្ត្រ​អាទិភាព​ចំនួន ៣ ដែល​រាជរដ្ឋាភិបាល​កំពុង​រៀបចំ​មានដូចជា ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ (​ការកសាង​មូលដ្ឋាន​រឹងមាំ​សម្រាប់​ស្តារ​សេដ្ឋកិច្ច​វិល​ទៅលើ​មាគ៌ា​នៃ​កំណើន ដោយ​ផ្តោតលើ​ការធានា​សុវត្ថិភាព ការគ្រប់គ្រង​ផលប៉ះពាល់ ការរក្សា​លំនឹង និង​ការរស់​ឡើងវិញ​នៃ​ធុរកិច្ច​ដែលមាន​សក្តានុពល ជាពិសេស​ក្នុង​វិស័យ​ដែល​ទទួលរង​ផលប៉ះពាល់​ខ្លាំង និង​ការបង្កើត​ការងារ​បន្ថែម​ឱ្យបាន​ច្រើន និង​ឆាប់រហ័ស​), ការកែទម្រង់​ (​បន្ត​ដាក់ចេញ​វិធានការ​កែទម្រង់​សំខាន់ៗ​ជា​រចនាសម្ព័ន្ធ រួមមាន​ការធ្វើឱ្យ​ប្រសើរឡើង​បរិយាកាស និង​កិច្ចសម្រួល​ពាណិជ្ជកម្ម ការវិនិយោគ និង​ធុរកិច្ច ការជំរុញ និង​ការអភិវឌ្ឍ​ឌីជីថលូបនីយកម្ម​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​) និង​ការកសាង​ភាពធន់ (​ការពង្រឹង ការត្រៀមខ្លួន និង​ការឆ្លើយតប​នឹង​ជំងឺ ឬ​ស្ថាន​ភាពស្រដៀង​គ្នា​ដែល​អាច​ផ្ទុះឡើង​នាពេល​អនាគត ដោយ​ផ្តោតលើ​ការអភិវឌ្ឍ​ប្រព័ន្ធ​សុខាភិបាល និង​ប្រព័ន្ធ​គាំពារ​សង្គម​)​។

លោក​លើកឡើងថា​៖ «​ដើម្បី​ទទួលបាន​ជោគជ័យ​លើ​យុទ្ធសាស្ត្រ​ទាំងអស់​នេះ កម្ពុជា​ត្រូវ​បង្កើន​ការប្តេជ្ញា​ចិត្ត និង​តម្រង់​កិច្ចខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ភាពម៉ឺងម៉ាត់ និង​ឆន្ទៈ​នយោបាយ​ខ្ពស់ ដោយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​ក្នុង​ការប្រយុទ្ធ​ជំងឺ​កូវីដ​ ១៩ និង​ពន្លឿន​កិច្ចការ​កែទម្រង់​គ្រប់​ការដ្ឋាន ពិសេស​ការកែទម្រង់ និង​ការពង្រឹង​សមត្ថភាព​ស្ថាប័ន​សាធារណៈ​ ដើម្បី​ធានា​ឱ្យ​កម្ពុជា​អាចឈាន​ទៅ​សម្រេចបាន​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​វែងឆ្ងាយ​របស់ខ្លួន​»​។

វិបត្តិ​ជំងឺ​កូវីដ​ ១៩ បានធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ​ ២០២០ ធ្លាក់ចុះ​ក្នុង​អត្រា -៣,១ ​ភាគរយ​។ បន្ថែម​ពីលើ​នេះ​ឥទ្ធិពល​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ ដែល​បន្ត​អូសបន្លាយ​ដល់ពេលនេះ គួបផ្សំ​នឹង​ការកើនឡើង​ចំនួន​ករណី​នាំចូល ពិសេស​ប្រភេទ​មេរោគ​បំប្លែង​ថ្មី​ដែលតា​បាន​ធ្វើឱ្យ​កម្ពុជា​កែសម្រួល​ការព្យាករ​កំណើនសេដ្ឋកិច្ច​សម្រាប់​ឆ្នាំ​ ២០២១ មក​នៅ ២,៤ ​ភាគរយ​វិញ​ដោយ​ធ្លាក់​ពី​ ៤,០ ភាគរយ​កាលពីដើមឆ្នាំ​។ នេះ​បើតាម​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបី​ការឆ្លង​រាលដាល​កូវីដ​ ១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ និង​ការនាំ​ចូល​ពី​ប្រទេសជិតខាង​នៅតែ​បន្ត​មាន​ច្រើន ប៉ុន្តែ​លោក​មានជំនឿ​ថា សេដ្ឋកិច្ច​កម្ពុជា​ចាប់ពី​ឆមាស​ទី​ ២ ឆ្នាំនេះ​នឹងមាន​ដំណើរការ​កាន់តែ​ល្អ ព្រោះ​យុទ្ធនាការ​នៃ​ការចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ នៅ​កម្ពុជា​កំពុងមាន​ដំណើរ​ទៅមុខ​យ៉ាង​លឿន​។ លោក​បន្តថា ក្រៅពីនេះ រាជរដ្ឋាភិបាល​ក៏បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ថ្មីៗ​ជា​បន្តបន្ទាប់​ ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការស្វែងរក​ទីផ្សារ​ថ្មីៗ​សម្រាប់​ផលិតផល​នាំចេញ​របស់​កម្ពុជា​ផងដែរ​៕ LA