ភ្នំពេញៈ Telcotech ដែលជា​ក្រុមហ៊ុន​បណ្តាញ​ខ្សែកាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ បាន​ក្លាយជា​ក្រុមហ៊ុន​ទី​ ៣ ទទួលបាន​ការឯកភាព​ជាគោលការណ៍​លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូលបត្រ​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (​ផ.ម.ក.) ក្នុង​ឆ្នាំ​ ២០២១ នេះ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ផ្សារមូលបត្រ​កម្ពុជា សរសេរថា ផ.ម.ក. បាន​សម្រេច​ឯកភាព​ជាគោលការណ៍​លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី​លក់​មូលបត្រ​បំណុល​របស់​ក្រុមហ៊ុន តែលកូថេក (Telcotech) នៅ​ថ្ងៃទី​ ១៩ ខែសីហា ឆ្នាំ​ ២០២១​។

សេចក្តី​ជូនដំណឹង​បន្តថា​៖ «​ដើម្បី​អាច​ចុះបញ្ជី និង​ជួញដូរ​ជា​ផ្លូវការ​នៅ ផ.ម.ក. ក្រុមហ៊ុន តែលកូថេក ត្រូវតែ​ទទួលបាន​ការអនុញ្ញាត​ឱ្យ​បោះផ្សាយ​លក់​មូលបត្រ​បំណុល​ពី​និយ័តករ​មូលបត្រ​កម្ពុជា (​ន.ម.ក) និង​ត្រូវបំពេញ​នូវ​លក្ខខណ្ឌ​ផ្សេងៗ​មួយចំនួន​ទៀត​ពាក់ព័ន្ធ​នឹង​ការចុះបញ្ជី​នៅ​ ផ.ម.ក.»​។

ឌី ប៊ី ឌី អ៊ិនជីនារីង (DBD Engineering Plc.) គឺជា​ក្រុមហ៊ុន​ទី​ ១ ដែល​ត្រូវបាន​ផ្សារមូលបត្រ​កម្ពុជា​ (​ផ.ម.ក.) ឯកភាព​ជាគោលការណ៍​លើ​ពាក្យស្នើសុំ​ពិនិត្យ​លទ្ធភាព​អាច​ចុះបញ្ជី ក្នុង​ឆ្នាំ​ ២០២១ នេះ ខណៈ​ក្រុមហ៊ុន ជេអេស លែន ភីអិលស៊ី នៅ​លេខ​រៀង​ទី​ ២​។

លោកស្រី គីម សុផានីតា ប្រធាន​នាយកដ្ឋាន​ប្រតិបត្តិការ​ទីផ្សារ​នៃ​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ២២ ខែសីហា ថា ការចេញ​បណ្ណ​បំណុល​ប្រភេទ​ពិសេស​នេះ​នឹងមាន​លក្ខណៈ​អំណោយផល​ចំពោះ​ក្រុមហ៊ុន​នានា​ដែលមាន​បំណង​ចង់​បង្កើន​ដើមទុន​បំណុល​ពី​ទីផ្សារ​ឯកជន និង​ត្រូវ​ចុះបញ្ជី ព្រោះ​វា​មាន​តម្រូវការ​កាន់តែ​ទាប​ជាពិសេស​លើ​កាតព្វកិច្ច​ក្នុង​ការបង្ហាញ និង​អភិបាលកិច្ច​រួមគ្នា​។

លោកស្រី សុផានីតា បាន​អះអាងថា​៖ «​នៅពេលនេះ​ទីផ្សារ​របស់​យើង​មាន​ផលិតផល​ចម្រុះ​កាន់តែ​ច្រើន​សម្រាប់​វិនិយោគិន​ទាក់ទង​នឹង​ប្រភេទ​ផលិតផល ទំហំ​ក្រុមហ៊ុន និង​ឧស្សាហកម្ម​»​។

ទោះយ៉ាងណា​លោកស្រី​បដិសេធ​បង្ហាញ​ចំនួន​នៃ​ការចេញលក់ និង​ការផ្តល់​តម្លៃ​នៅឡើយ​ទេ​។

លោកស្រី​បាន​បន្ថែម​៖ «​យើង​អាច​ប្រាប់​បាន​ថា បណ្ណ​បំណុល​នេះ​នឹងត្រូវ​ធានា​ដោយ CGIF ជា​ក្រុមហ៊ុន​ធានា​ឥណទាន​របស់ ADB»​។

Telcotech ជា​ក្រុមហ៊ុន​បណ្តាញ​ខ្សែកាប្លិ៍​អុបទិក​ក្រោម​បាតសមុទ្រ​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៧ និង​ជា​ក្រុមហ៊ុន​ឈានមុខ​គេ​មួយ​ក្នុង​វិស័យ​សេវា​ទូរគមនាគមន៍​សាធារណៈ​នៅ​កម្ពុជា ដែល​រួមមាន សេវា​អ៊ីនធឺណិត មជ្ឈមណ្ឌល​ទិន្នន័យ និង​ដំណោះស្រាយ​តាម Cloud ជាដើម​។

ក្រុមហ៊ុន Telcotech ត្រូវបាន​ក្រុមហ៊ុន EZECOM របស់​លោក គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន Royal Group ទិញ​ភាគហ៊ុន​ទាំងស្រុង​កាលពី​ឆ្នាំ​ ២០១១៕