ភ្នំពេញៈ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS -Intelligent Transport System) ដើម្បីឆ្លើយតបនឹងការរីកចម្រើនប្រព័ន្ធបច្ចេកវិទ្យាក្នុងវិស័យដឹកជញ្ជូន ដោយរំពឹងថា ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនេះនឹងដំណើរការសាកល្បងនៅឆ្នាំ ២០២៣។
លោក ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូន ផ្លូវគោកនៃក្រសួងសាធារណការកាលពីថ្ងៃទី ១៨ ខែសីហា បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាមួយនឹងសមភាគីកូរ៉េ ដើម្បីពិភាក្សាលើគម្រោងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) សម្រាប់ប្រទេសកម្ពុជា ក្រោមការគាំទ្រពីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនប្រទេសកូរ៉េ។
លោក ឈួន វ៉ន់ បានថ្លែងថា បច្ចុប្បន្នបច្ចេកវិទ្យាទំនើបពិតជាផ្ដល់ឱកាសដល់ការអភិវឌ្ឍលើវិស័យដឹកជញ្ជូនឱ្យមានភាពរីកចម្រើន ដូចជារថយន្តដើរដោយថាមពលអគ្គិសនីកំពុងមានការប្រើប្រាស់នាពេលនេះជាដើម។ លោកកត់សម្គាល់ថា ដើម្បីសម្របខ្លួនទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យានេះក្រសួងសាធារណការ ត្រូវធ្វើបច្ចុប្បន្នភាព និងរៀបចំផែនការមេប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាក់ទងនឹងការដឹកជញ្ជូនដែលកម្ពុជាកំពុងប្រឈមនាពេលបច្ចុប្បន្ន។
លោកនិយាយថា៖ «ការប្ដេជ្ញាចិត្តរបស់ក្រសួងក្នុងការសម្របសម្រួលជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីអភិវឌ្ឍគម្រោងនេះឱ្យជោគជ័យ»។
លោកបានបង្ហាញក្តីសង្ឃឹមថា ការរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS) នឹងត្រូវបញ្ចប់ក្នុងរយៈពេល ១ ឆ្នាំ។
ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ គឺជាបច្ចេកវិទ្យាទំនើបដែលអាចប្រើប្រាស់ដើម្បីគ្រប់គ្រងបណ្តាញផ្លូវថ្នល់ជួយសម្រួលដល់ការងារគ្រប់គ្រង និងត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនក្នុងពេលវេលាជាក់ស្តែង ប្រមូល និងប្រើប្រាស់ព័ត៌មានចរាចរណ៍ក្នុងពេលវេលាជាក់ស្តែង និងជាប្រព័ន្ធប្រមូលទិន្នន័យ និងព័ត៌មានយកមកវិភាគ និងជួយឱ្យដំណើរការចរាចរណ៍ប្រព្រឹត្តទៅដោយរលូន។
គម្រោងនេះនឹងបញ្ចប់នៅខែសីហា ឆ្នាំ ២០២២ ហើយគ្រោងដាក់ឱ្យដំណើរការសាកល្បងក្នុងឆ្នាំ ២០២៣ នៅព្រលានយន្តហោះថ្មីរបស់កម្ពុជា ទីក្រុងរណបជុំវិញភ្នំពេញ និងតាមផ្លូវជាតិសំខាន់ដូចជាផ្លូវជាតិលេខ ១, ៤ និងលេខ ៥៕ LA